ប្រធានការិយាល័យ​គយ​ច្រក​បាវិត លោក នង សុខុម កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​

គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ ពុំមាន​លទ្ធផល​អ្វី​ទាំងអស់​ព្រោះ​មន្ត្រី​គយ​តាម​ច្រកទ្វារ​អន្តរជាតិ និង​ច្រកព្រំដែន​មួយចំនួន​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ តាម​ប្រភពពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​បាវិត កំពុង​ប្រើ​ជំនាញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​នាំចូល ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យ​និង​ចាត់វិធានការ​លើ​លោក នង សុខុម ជាបន្ទាន់​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​បាន​ឲ្យ​ដឹង​ទៀតថា​លោក នង សុខុម បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុង​ការកែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ ជាពិសេស​ឯកសារ​ប្រតិវេទ​គយ​ទៅលើ​មុខទំនិញ​វិនិយោគ​នាំចេញ​នាំចូល​ផ្នែក​វាយ​ន​ភណ្ឌ​រោងចក្រ ដោយ​ក្នុង​ឯកសារ​ប្រតិវេទ​គយ​មួយច្បាប់​ឈ្មួញ​ត្រូវ​បង់​ពី​៧០​ទៅ​១០០​ដុល្លារ​ឬ​ច្រើនជាង​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​ទំនិញ​វិនិយោគ​នាំចូល​តាម​ច្រក​បាវិត​យ៉ាងតិច​មាន​១០០​ជើង ដូច្នេះ​លោក នង សុខុម ក៏​អាច​កែប​ន្លំ​ឯកសារ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក នង សុខុម បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​លោក នង សុខុម ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​ពី​៥០០០​ទៅ​១០០០០​ដុល្លារ​ឯណោះ​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​បាវិត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ទំនិញ​ដែល​ឈ្មួញ​នាំចូល​ដូចជា គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿងបន្លាស់​រថយន្ត និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​ត្រូវ​លោក នង សុខុម កែ​ឯកសារ​ប្រតិវេទ​ដាក់​ជា​ទំនិញ​វិនិយោគ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ទង្វើ​របស់លោក នង សុខុម បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត់​បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក នង សុខុម និង​បក្ខពួក​មួយ​ក្ដាប់​តូច​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ​មើលរំលង​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​ទំនិញ​នៅ​ច្រក​បាវិត​នោះទេ ព្រោះ លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាវិត កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

117222761qលោក អូន ព័ន្ធមុនីរ័ត្ន និងលោក គុណ ញឹម 124_12