អំពើអាក្រក់​របស់​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​តទៅទៀត​លែង​បាន​

ពលរដ្ឋ​មួយចំនួន​ដែល​ប្រកប​របរ​ដឹកជញ្ជូន​ជន្លង់ម្រេច​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ តែង​ធ្វើ​សកម្មភាព​បង្ក្រាប​ពួកគាត់​យ៉ាង​កំរោល ប៉ុន្តែ​ករណី​ឈ្មួញ​ដឹកឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​តាម​រថយន្ត​ធំៗ បែរជា​គេ​មិន​ហ៊ាន​បង្ក្រាប​ឡើយ​។ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខ​សីហា ឆ្នាំ​២០១៦ ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​៥០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាខេត្ត និង​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​។ ការតវ៉ា​យ៉ាងខ្លាំង​ក្លា​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ក្រោយពេល​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ប្រើ​អំពើហិង្សា​ទៅលើ​ពលរដ្ឋ​២​នាក់​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ពួកគាត់​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​២​គ្រឿង​ដែល​ត្រូវ​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់ទុក​ផងដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦ ពួកគាត់​បាន​បើករថយន្ត​ដឹកឈើ​ជន្លង់ម្រេច​ចំនួន​១០​គ្រឿង​បន្តកន្ទុយ​គ្នា​ចេញពី​ស្រុក​ព្រែក​ប្រសព្វ ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ឆ្លង​ដ​កាត់​ទន្លេ​និង​បើក​ឆ្លងកាត់​ផ្លូវ​មកដល់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ស្រាប់តែ​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ បើករថយន្ត​មក​ពាំង​ពីមុខ​ធ្វើ​ឲ្យ​រថយន្ត​ដែលមាន​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​គំហុក​បុក​បន្តកន្ទុយ​គ្នា​ពេញ​លើផ្លូវ​។ ក្នុង​ខ្សែ​រថយន្ត​១០​គ្រឿង​នោះ​មាន​មនុស្ស​២​នាក់​ក្នុង​រថយន្ត​១​គ្រឿង​បាន​រងរបួស​ធ្ងន់​ដោយ​ប៉ះទង្គិច​មុខ​ទៅនឹង​កញ្ចក់​រថយន្ត​និង​ឈើ​ជន្លង់ម្រេច​មុខ​រុញ​ពីក្រោយ​។

តំណាង​ក្រុម​ពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត និង​នៅមុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា​នៅពេល​ពួកគាត់​ចុះ​ពី​រថយន្ត​រៀងៗ​ខ្លួន​ទៅ​សង្គ្រោះ​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ស្រាប់តែ​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ចេញមក​វាយ​លើ​ពួកគាត់​មិន​រើសមុខ​យ៉ាង​កំរោល​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ធ្វើ​ការតវ៉ា​យ៉ាងខ្លាំង ព្រោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ បង្ក្រាប​តែ​ពលរដ្ឋ​ទន់ខ្សោយ​ដែល​រកស៊ី​ដឹកជញ្ជូន​ជន្លង់ម្រេច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព ចំណែក​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​តាម​រថយន្ត​ធំៗ​ទៅ​លក់​នៅ​ស្រុក​យួន ពួកគេ​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ជួយ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ ប្រព្រឹត្ត​អំពើអាក្រក់​ធ្វើបាប​ប្រជាពលរដ្ឋ​ហើយ បែរជា​ខំ​ប្រឌិត​រឿង​ទម្លាក់កំហុស​លើ​ពួកគាត់​យ៉ាង​គឃ្លើន​បំផុត​៕

Pic167 Pic166 c6fb9531-8c2a-4590-a9fd-2d3a59ccf3fc