បទ​ចម្រៀង «​ស្ទាវ​សម័យ​4G» របស់​ម៉ៃ សុគន្ធ ចម្លង​ពី​ថៃ​រង​ការ​រិះគន់​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ការ​រិះគន់់​ពី​មហាជន​អំពី​ការ​លួច​ចម្លង​បទ​ចម្រៀង​ពី​បរទេស​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ចំពោះ​បទ​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​ម៉ៃ សុគន្ធ គឺ​បទ «​ស្ទាវ​សម័យ​4G»​។ ការ​រិះគន់​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ក្រោយ​ពី​តារាចម្រៀង​បញ្ញា សិទ្ធិ យក​បទ​ចម្រៀង​តែ​មួយ​ដែល​ចម្លង​ពី​ដែរ គ្រាន់តែ​ទំនុកច្រៀង​ខុស​គ្នា​នោះ​ច្រៀង​តាម​ទូរទស្សន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។ ពិសេស​ក្រោយ​គេហទំព័រ​របស់​ថៃ​យក​បទ​ចម្រៀង​ដែល​អ្នកចម្រៀង​ខ្មែរ​ច្រៀង​តាម និង​បទ​ថៃ​ប្រៀបធៀប​គ្នា ។

ពាក្យ «​អៀនខ្មាស​ទេ​»​ផេ​ក​ថៃ​បាន​យក​បទ​ចម្រៀង​ខ្មែរ​២​បទ មក​រិះគន់ ហើយ​ដុត​កម្តៅ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​មាន​អារម្មណ៍​ឈឺចាប់ ។ ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ថៃ​បាន​រិះគន់​យ៉ាង​ខ្លាំង​ស្ទើរ​ផ្អើល​ពេញ​ប្រទេស​ថៃ​ទៅ​ហើយ ក្នុង​នោះ​មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ខ្មែរ​ផង​ដែរ ចូលរួម​រិះគន់​ក្នុង​ន័យ​ឱ្យ​ឈប់​លួច​ចម្លង​បទ​គេ ។
បទ​ចម្រៀង​ដែល​ផេ​ក​ថៃ​រិះគន់​នោះ​គឺ​បទ «​ស្ទាវ​សម័យ​4G» របស់​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ នៅ​ក្នុង​ផលិតកម្ម Galaxy ដែល​ទើបតែ​ចេញផ្សាយ ។

ទាក់ទិន​នឹង​ការ​រិះគន់​របស់​មហាជន​នោះ​លោក​ម៉ៃ សុគន្ធ បាន​ទទួលស្គាល់​ថា បទ​«​ស្ទាវ​សម័យ​4G» ជា​បទ​ចម្រៀង​ដែល​យក​លំនាំ​តាម​បទ​ថៃ​មែន ប៉ុន្តែ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​មាន​លក្ខណៈ​ខុស​គ្នា ។ ចម្រៀង​នេះ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក​សាង កុស​ល្យ ហើយ​ច្រៀង​តាម​ការ​តម្រូវ​របស់​ផលិតកម្ម ។ លោក​ម៉ៃ សុគន្ធ ទទួលយក​ការ​រិះគន់ ហើយ​លោក​នឹង​ស្នើ​ឲ្យ​ផលិតកម្ម​បន្ត​ផ្តល់​បទ​ចម្រៀង​ថ្មី​ជា​ស្នាដៃ​របស់​ខ្មែរ​សម្រាប់​លោក​ច្រៀង​នា​ពេល​ខាង​មុខ ។

លោក​ណា វ៉ា​ត់​ត្រា អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម Galaxy ទទួលយក​ការ​រិះគន់​ពី​មហាជន ។ លោក​ណា វ៉ា​ត់​ត្រា​ថា ផលិតកម្ម​ទើប​ចាប់ផ្តើម​ដំណើរការ​មិន​ទាន់​បាន​មួយ​ខែ​នៅឡើយ ហើយ​បទ​ចម្រៀង​វ៉ុល​ដំបូង​របស់​លោក​ទើបនឹង​ចេញ​លក់​ដែរ ។ MV​របស់​បទ​ចម្រៀង «​ស្ទាវ​សម័យ​4G» នេះ​គឺជា​បទ​ចម្រៀង​មួយ​ប៉ុណ្ណោះ​ដែល​ចម្លង​គេ ហើយ​ការ​ចេញ​បទ​ចម្រៀង​នេះ គឺ​ដោយសារ​តែ​ការ​ផលិត​ជ្រុល​ហួស​ទៅ​ហើយ មុន​ពេល​មានការ​រិះគន់​បទ​ចម្រៀង «​ស៊ី​បាន​ចេះ​តែ​ស៊ី​» របស់​ផលិតកម្ម​ថោ​ន​ទៅ​ទៀត ។ សម្រាប់​ផលិតកម្ម មិន​មាន​បទ​ចម្រៀង​ចម្លង​ច្រើន​ទេ គឺ​តិច​បំផុត​ដោយ​បទ​ចម្រៀង​ប្រមាណ​៩០​ភាគរយ គឺជា​បទ​ថ្មី​និពន្ធ​ថ្មី ។

លោក​ណា វ៉ា​ត់​ត្រា នៅ​តែ​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ស្នាដៃ​និពន្ធ​ថ្មី ហើយ​លោក​នឹង​ព្យាយាម​កែប្រែ​បញ្ហា​ទាំងនេះ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង ។ ក្រោយ​បើក​ដំណើរការ​មក​ផលិតកម្ម​លោក និង​អ្នកនិពន្ធ​នៅ​ផលិតកម្ម​លោក​ផលិត​បទ​ចម្រៀង​ថ្មី​បាន​ប្រមាណ​ជាង​១០០​បទ ហើយ​ដែល​នឹង​ចេញ​លក់​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​នេះ ។ បទ​ចម្រៀង ថ្មី​ៗ​មួយ​ចំនួន​ទទួល​បានការ​គាំទ្រ​ច្រើន​ដូច​ជា​បទ​ទាក់ទង​នឹង​ការ​គាំទ្រ​កីឡាបាល់ទាត់ និង​បទ «​សង្សារ​ខ្ញុំស្រី​ខារ៉ាអូខេ​»​ជាដើម ។ លោក​ណា វ៉ា​ត់​ត្រា នឹង​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​រាល់​បទ​ចម្រៀង​មុន​ចេញ​លក់ និង​ផ្សព្វផ្សាយ ។

បទ​ចម្រៀង «​ស្ទាវ​សម័យ​4G» មិន​ត្រឹមតែ​ចម្លង​បទ​ភ្លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ស្ទីល​កាយវិការ​សម្តែង​ទៀត​ផង ។ ក្នុង​ការ​រិះគន់​រឿង​លួច​បទ​ចម្រៀង​បរទេស​នេះ​ស្ងប់ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង​បន្ទាប់​ពី​តារាចម្រៀង​ប្រុស​ស្រី​២​នាក់​ត្រូវ​គេ​រិះគន់​ខ្លាំង​គ្រា​ដែល​យក​បទ​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​ថៃ​មក​ច្រៀង គឺ​បទ «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» ជា​បទ​ចម្រៀង​ច្រៀង​ដោយ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក​កែវ វាសនា និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក​ងួ​ន សុ​បិ​ន្ត និង​បទ​«​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ជា​បទ​ចម្រៀង​ដែល​មាន​បទ​ភ្លេង​ដូច​គ្នា​ច្រៀង​ដោយ​កញ្ញា ម៉ា​លី ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម U Production ។

មហាជន​បញ្ចេញ​មតិយោបល់​ស្នើ​សុំ​ឱ្យ​អ្នកនិពន្ធ​ខ្មែរ និង​តារាចម្រៀង​បញ្ឈប់​ការ​លួច​ចម្លង​ពី​គេ ដើម្បី​កុំឱ្យ​ប្រទេស​ជិតខាង​បន្ត​មាក់ងាយ​លើ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ៕