ហែមថុន វិទិនី ​មិន​រំពឹង​មេដាយ តែ​ចង់​បំបែក​កំណត់​ត្រាចាស់​

កីឡា​ការិនី​ហែល​ទឹក ហែមថុន វិទិនី ​នឹង​តំណាង​ឱ្យ​កម្ពុជា​ចូល​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ប្រទេស​ប្រេស៊ីល ​ក្នុង​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​ស៊េរី ដែល​ការ​ប្រកួត​របស់​នាង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ដល់​១៣​ខែ​សីហា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

ហែមថុន វិទិនី ​មិន​រំពឹង​មេដាយ តែ​ចង់​បំបែក​កំណត់​ត្រាចាស់​កីឡា​ការិនី​ហែល​ទឹក ហែមថុន វិទិនី ​

 

មុន​ចេញ​ដំណើរ​ទៅ​នេះ​ដែរ វិទិនី ​បាន​និយាយ​ថា​មិន​ហ៊ាន​រំពឹង​ខ្ពស់​ថា​អាច​ទទួល​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ ​ព្រោះ​កីឡា​ការិនី​ដទៃ​ទៀត ​ដែល​នៅ​តំបន់​អឺរ៉ុប​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​នេះ​ដែរ ​រូប​នាង​ក៏​បាន​តាំង​ចិត្ត​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព ដែល​បាន​ទៅ​ហាត់​រៀន​នៅ​ប្រទេស​ថៃ​ផង​ដែរ ​បើ​ទោះ​បាន​មេដាយ​ឬ​មិន​បាន ​ឱ្យ​តែ​ប្រឹង​អស់​សមត្ថភាព​គឺ​គ្រប់គ្រាន់​ហើយ។

 

ហែមថុន វិទិនី ​មិន​រំពឹង​មេដាយ តែ​ចង់​បំបែក​កំណត់​ត្រាចាស់​

 

អ្វី​ដែល វិទិនី ​សង្ឃឹម​ច្រើន​ក្នុង​ការ​ទៅ​ប្រកួត​នេះ មិន​មែន​មេដាយ ​តែ​ជា​ការ​បំបែក​កំណត់ត្រាចាស់​​មួយ​ ពោល​គឺ​កំណត់ត្រា​ហែល​៥០​ម៉ែត្រ​ដោយ​ស៊េរី​ប្រើ​រយៈ​ពេល​៣០​វិនាទី ដែល​នាង​ធ្លាប់​ធ្វើ​បាន​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នា​ឆ្នាំ​២០១២​នៅ​អង់គ្លេស។ ដោយ​លើក​នេះ ​នាង​រំពឹង​ថា​នឹង​ចំណាយ​ពេល​ឱ្យ​តិច​ជាង​​លើក​មុន ​ព្រោះ​កាល​ពី​សម​នៅ​ប្រទេស​ថៃ ​នាង​ធ្លាប់​ធ្វើ​បាន​ម្ដង​មក​ហើយ ដោយ​កាល​នោះ​ប្រើ​ពេល​តែ​២៩​វិនាទី​ប៉ុណ្ណោះ។

 

នេះ​មាន​ន័យ​ថា​ប្រសិន​បើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១២-១៣​ខាង​មុខ​នេះ ​នាង​អាច​បំបែកកំណត់ត្រា​ហែល​ទឹក​៥០​ម៉ែត្រ​ប្រើ​ពេល​តិច​ជាង​៣០​វិនាទី​​បាន​មែន​នោះ វិទិនី ​នឹង​ក្លាយ​ជា​កីឡា​ការិនី​ដំបូង​គេ​នៅ​កម្ពុជា ដែល​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​ស៊េរី​បាន​លឿន​ជាង​គេ​បំផុត។ ​​ហែមថុន ​វិទីនី ​ធ្លាប់​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​ប៉េកាំង ​​​ប្រទេស​ចិន​ និង​​លើក​ទី​ពីរ​នៅ​​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ហើយ​​លើក​ទី​៣​នៅ​ប្រទេស​ប្រេស៊ីល​ខាង​មុខ​នេះ។

 

នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នា​ប្រទេស​ប្រេស៊ីល​ឆ្នាំ​នេះ កម្ពុជា​មាន​អត្តពលិក​ចូល​រួម​ចំនួន​៦​រូប រួម​មាន​កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី កីឡា​ការិនី​ចំបាប់ ចូវ សុធារ៉ា ​កីឡា​ការិនី​ហែលទឹក​ ហែម ថុនវិទិនី កីឡាករ​ហែល​ទឹក ​ពូ សុវិជ្ជា ​កីឡា​ការិនី​រត់​ប្រណាំង​ លី ណារី ​និង​កីឡាករ​រត់​ប្រណាំង នីកូ ហ៊ីរ៉ូស្ស៊ី៕

 

អត្ថបទ៖ មុន្នី រម្យ