មេរោគ​មរណៈ Zika ចម្លង​ដល់​វៀតណាម ជា​លើក​ទី៣

មន្រ្តី​សុខាភិបាល​វៀតណាម បាន​បញ្ជាក់​ពី​ករណី​ទី៣ នៃ​ការ​ឆ្លង​មេរោគ Zika កាល​ពី​ថ្ងៃពុធ កន្លង​ទៅ​នេះ។ លោកស្រី Nguyen Thi Mong Ngoc នាយក​មន្ទីរ​សុខាភិបាល​ខេត្ត Phu Yen បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​វ័យ​២៧ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Hung បាន​ឆ្លង​មេរោគ​មរណៈ Zika។

 

មេរោគ​មរណៈ Zika ចម្លង​ដល់​វៀតណាម ជា​លើក​ទី៣

 

លោក Hung ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ នៅ​ក្នុង​ខេត្ត Phu Yen កាល​ពី​ថ្ងៃ​ទី៣០ ខែមិថុនា កន្លង​ទៅ​នេះ ជា​មួយ​​រោគ​សញ្ញា រួមមាន គ្រុនក្តៅ និង​កន្ទួល​ក្រហម។ នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា លោក Hung បាន​ធូរ​ស្រាល និង​ចាកចេញ​ពី​មន្ទីរពេទ្យ។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​តេស្ត​ត្រូវ​បាន​គេ​អនុវត្ត​លើ​រូប​គាត់ ដោយ​ទទួល​បាន​លទ្ធផល «វិជ្ជមាន» នៅ​ថ្ងៃទី២៨ ខែ​កក្កដា។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សុខភាព។

 

បច្ចុប្បន្ន​ក្រុម​គ្រូពេទ្យ​កំពុងតែ​ស៊ើបអង្កេត ចង់​ដឹង​ពី​រយៈពេល​ដែល​លោក Hung បាន​ឆ្លង​មេរោគ Zika នេះ។ ជា​មួយ​គ្នា​នេះ​ដែរ នាយកដ្ឋាន​មន្ទីរ​សុខាភិបាល​ខេត្ត Phu Yen បាន​បង្កើន​ការ​ឃ្លាំ​មើល​យ៉ាង​ខ្លាំង ដើម្បី​ការពារ​ការ​រីក​រាល​ដាល​នៃ​មេរោគ Zika នៅ​ក្នុង​តំបន់​ដែល​លោក Hung កំពុង​រស់នៅ។

 

គួរ​បញ្ជាក់​ថា មេរោគ Zika ត្រូវ​បាន​ឆ្លង​តាម​រយៈ​សត្វ​មូស ហើយ​អាច​ចម្លង​តាម​រយៈ​ដៃ​គូ​រួមភេទ​ផង​ដែរ។ មន្រ្តី​សុខាភិបាល និយាយ​ថា បើ​មេរោគ Zika ​កើត​មាន​លើ​ស្រ្តី​មាន​ផ្ទៃពោះ គឺ​អាច​បង្ក​ឲ្យ​ទារក​កើត​មាន​ពិការ​ភាព​ពី​កំណើត​ធ្ងន់ធ្ងរ។

 

គួរ​រំលឹក​ថា ករណី​ដំបូង​បង្អស់​នៃ​ការ​ឆ្លង​មេរោគ Zika ក្នុង​ប្រទេស​វៀតណាម គឺ​បាន​កើត​ឡើង​កាល​ពី​ខែ​មេសា កន្លង​ទៅ​នេះ លើ​ស្រ្តី​វ័យ៦៤ឆ្នាំ រស់​នៅ​ក្នុង​ទីក្រុង Nha Trang និង​ករណី​ទី២ បាន​កើត​ឡើង​លើ​ស្រ្តី​វ័យ​៣៣ឆ្នាំ រស់​នៅ​ក្នុង​ទីក្រុង Ho Chi Minh៕

 

ចុចអាន៖WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ thanhniennews