មេរោគ​មរណៈ Zika ចម្លង​ដល់​វៀតណាម ជា​លើក​ទី៣

មន្រ្តីសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីទី៣ នៃការឆ្លងមេរោគ Zika កាលពីថ្ងៃពុធ កន្លងទៅនេះ។ លោកស្រី Nguyen Thi Mong Ngoc នាយកមន្ទីរសុខាភិបាលខេត្ត Phu Yen បានប្រាប់ឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ មានឈ្មោះថា Hung បានឆ្លងមេរោគមរណៈ Zika។

មេរោគ​មរណៈ Zika ចម្លង​ដល់​វៀតណាម ជា​លើក​ទី៣

លោក Hung ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងខេត្ត Phu Yen កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ជាមួយរោគសញ្ញា រួមមាន គ្រុនក្តៅ និងកន្ទួលក្រហម។ នៅថ្ងៃទី០៧ ខែកក្កដា លោក Hung បានធូរស្រាល និងចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណា ការធ្វើតេស្តត្រូវបានគេអនុវត្តលើរូបគាត់ ដោយទទួលបានលទ្ធផល «វិជ្ជមាន» នៅថ្ងៃទី២៨ ខែកក្កដា។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាព។

បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែស៊ើបអង្កេត ចង់ដឹងពីរយៈពេលដែលលោក Hung បានឆ្លងមេរោគ Zika នេះ។ ជាមួយគ្នានេះដែរ នាយកដ្ឋានមន្ទីរសុខាភិបាលខេត្ត Phu Yen បានបង្កើនការឃ្លាំមើលយ៉ាងខ្លាំង ដើម្បីការពារការរីករាលដាលនៃមេរោគ Zika នៅក្នុងតំបន់ដែលលោក Hung កំពុងរស់នៅ។

គួរបញ្ជាក់ថា មេរោគ Zika ត្រូវបានឆ្លងតាមរយៈសត្វមូស ហើយអាចចម្លងតាមរយៈដៃគូរួមភេទផងដែរ។ មន្រ្តីសុខាភិបាល និយាយថា បើមេរោគ Zika កើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចបង្កឲ្យទារកកើតមានពិការភាពពីកំណើតធ្ងន់ធ្ងរ។

គួររំលឹកថា ករណីដំបូងបង្អស់នៃការឆ្លងមេរោគ Zika ក្នុងប្រទេសវៀតណាម គឺបានកើតឡើងកាលពីខែមេសា កន្លងទៅនេះ លើស្រ្តីវ័យ៦៤ឆ្នាំ រស់នៅក្នុងទីក្រុង Nha Trang និងករណីទី២ បានកើតឡើងលើស្រ្តីវ័យ៣៣ឆ្នាំ រស់នៅក្នុងទីក្រុង Ho Chi Minh៕

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ thanhniennews