ការ​នាំ​ចេញ​ក្នុង​ត្រីមាស​ទី​1 កើនឡើង​ជាង​260​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ បាន​កើន​ជាង​៣៥០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។

ការ​នាំ​ចេញ​អំឡុង​ពេល​ត្រីមាស​ទី​១ បាន​កើនឡើង​២៦១,៧​លាន​ដុល្លារ បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​មុន ។ កំណើន​ក្នុង​រយៈពេល​ផ្សេង​ៗ​ទៀត​នៃ​ពាណិជ្ជកម្ម គឺ​បាន​មក​ពី​ការ​កើនឡើង​នៃ​ការ​នាំ​ចូល ស្មើនឹង​ទឹកប្រាក់​ចំនួន​៩៥,២​លាន​ដុល្លារ ។

លោក Hla Maung អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​បច្ចុប្បន្ន​ជា​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន បាន​និយាយ​ថា ការ​កើនឡើង​នៃ​ការ​នាំ​ចេញ ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា និង​ធ្វើ​ឱ្យ​ទុនបម្រុង​បរទេស​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

តាម​ស្ថិតិ​របស់​ក្រសួង​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​២០១៦ មាន​ចំនួន​៥,៩​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​មុន មាន​ត្រឹមតែ​៥,៥៤​ប៊ី​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ។

ការ​នាំ​ចេញ​ក្នុង​ត្រីមាស​ទី​១ សរុប​មាន​ចំនួន​២,៤៨​ប៊ី​លាន​ដុល្លារ ដោយ​កើន​ពី​តួលេខ​មុន​២,២១​ប៊ី​លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចូល​សរុប​ក្នុង​ត្រីមាស​ទី​១ បាន​កើនឡើង​តិចតួច ពោល​គឺ​ចំនួន​៣,៤២​ប៊ី​លាន​ដុល្លារ ដែល​តួលេខ​មុន​មាន​ចំនួន​៣,៣៣​ប៊ី​លាន​ដុល្លារ ។

ជាមួយនឹង​កំណើន​នៃ​ការ​នាំ​ចេញ​លឿន​ជាង​ការ​នាំ​ចូល​ក្នុង​ប្រទេស បាន​ធ្វើ​ឱ្យ​មី​យ៉ា​ន់​ម៉ា​អាច​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​បាន​តិចតួច​សម្រាប់​ត្រីមាស​ទី​១​កន្លង​មក ដែល​ឱនភាព​នេះ​មាន​ចំនួន​៩៤៥,៧​លាន​ដុល្លារ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ មាន​រហូត​ដល់ ១,១១​ប៊ី​លាន​ដុល្លារ ។

ការ​នាំ​ចេញ​ដ៏​ចម្បង​បំផុត​របស់​មី​យ៉ា​ន់​ម៉ា​មាន​ដូច​ជា ផលិតផល​ត្រី សត្វ កសិកម្ម និង​ឈើ​។ រីឯ​វិស័យ​អាជីវកម្ម​រ៉ែ និង​គ្រឿងយន្ត ក៏​សំខាន់​ផង​ដែរ បើ​ទោះជា​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្តី ៕​