សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប មិនទាន់​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​

កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តសៀមរាប បាន​បង្ក្រាប​មន្ត្រី​យោធា​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​នោះ​មានឈ្មោះ ប៉េង ច័ន្ទ​សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រសនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មានមុខរ​បរជា​យោធា​។ ទាក់ទង​នឹង​ការបង្ក្រាប​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​លើកឡើងថា គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​អ្នកបើក​លេងល្បែង​ស៊ីសង​តាម​បណ្ដា​សង្កាត់​ដទៃទៀត មិនទាន់​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ឬ​សមត្ថកិច្ច​នគរបាល ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច​នោះទេ​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដូចជា​អាប៉ោង​បៀ និង​កន្ទុយលេខ​ជាដើម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​លោក សូ ស៊ុន អភិបាលស្រុក​បន្ទាយស្រី និង​លោក មុយ ណន អធិការនគរបាល​ស្រុក​បន្ទាយស្រី មិន​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ អ្នកបើក​ល្បែង​អាប៉ោង​ដ៏​ធំ​នៅ​ស្រុក​បន្ទាយស្រី បាន​អួតអាង​ប្រាប់​ប្រជាពលរដ្ឋ​ថា ខ្លួន​មិន​ខ្លាច​អភិបាលស្រុក​ឬ​អធិការនគរបាល​ស្រុក​នោះទេ ព្រោះ​ខ្លួន​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​រួចទៅហើយ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​បើក​ល្បែង​ដ៏​ធំ​នោះ គឺ​នៅ​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ហើយ​មាន​ម្ចាស់​ឈ្មោះ ប្រិ​យ និង​ឈ្មោះ យាយ​ហ៊ីម ហៅ​យាយ​ចេក ដោយ​វង់ល្បែង​នេះ​ដំណើរការ​ជា​យូរ​មកហើយ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី បាន​អំពាវនាវ​ឲ្យ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ព្រោះ​ល្បែង​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ឈ្មោះ ប្រិ​យ និង​យាយ​ហ៊ីម បាន​អួតអាង​ប្រាប់​អតិថិជន​របស់ខ្លួន​ថា ខ្លួន​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជា​រៀងរាល់ខែ ដូច្នេះ​អ្នក​មកលេង​ល្បែង​នៅទីនេះ​មិនបាច់​បារ​ម្មណ៍​ពី​ការបង្ក្រាប​ឡើយ​។ ដោយសារតែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​នៅ​ឃុំ​ខ្នារ​សណ្ដាយ ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​អភិបាលស្រុក​បន្ទាយស្រី លោក សូ ស៊ុន និង​អធិការនគរបាល​ស្រុក​បន្ទាយ​មាន​ស្រី លោក មុយ ណន ទំនងជា​ទទួលបាន​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​អនាធិបតេយ្យ​៕

srnews-366មន្ត្រីយោធាឈ្មោះ ប៉េង ចាន់សីហា ដែលសមត្ថកិច្ចបង្ក្រាបនៅក្រុងសៀមរាប b-game1-500x414អ្នកបើកល្បែងស៊ីសងនៅស្រុកបន្ទាយស្រី b-game-500x414កន្លែងលេងល្បែងនៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី