មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​ហើយ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​

មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុករ​វៀង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តទៅទៀត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​រវៀង បាន​ឲ្យ​ដឹងថា​នៅពេលដែល​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​ព្រៃ​ឡង់ ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចេញពី​ខេត្តព្រះវិហារ ចូល​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​គឺ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប៉ុន្តែ​នៅពេល​ប្រជាពលរដ្ឋ​ដឹកឈើ​ធ្វើ​ផ្ទះ​ដែលមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​បែរជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ធ្វើការ​បង្ក្រាប​យ៉ាង​កំរោល​គ្មាន​យោគយល់​អ្វី​ទាំងអស់​។

គួររំលឹកថា​ករណី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្វើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ដូច្នេះ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង បាន​រិះគន់ថា​ពេលដែល​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​ឆ្លងកាត់​ស្រុក​រវៀង បែរជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ធ្វើ​មិនជា​មើលមិនឃើញ​និង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​គ្រាន់តែ​ប្រជាពលរដ្ឋ​ដឹកឈើ​ធ្វើ​ផ្ទះ​បន្តិចបន្តួច ហើយ​ម្ចាស់ផ្ទះ​មានច្បាប់​អនុញ្ញាត​បែរជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង បង្ក្រាប​ដោយ​គ្មាន​ការអាណិតអាសូរ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តព្រះវិហារ បាន​រិះគន់​ចំៗ​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​សហគមន៍​ស្រុក​រវៀង​យ៉ាង​ពេញបន្ទុក​នាពេល​កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​និង​នេសាទ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ប្រើ​អំណាច​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តទៅទៀត​ទេ ហើយ​លោក​រដ្ឋមន្ត្រី​គួរ​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងនោះ​ជាបន្ទាន់​ដើម្បី​ជាការ​ព្រមាន​។ បើ​មិន​ដូច្នេះ​ទេ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង នៅតែ​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ចំណែក​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ត្រូវគេ​បង្ក្រាប​ដោយ​ពុំមាន​ការយោគយល់​ឡើយ​៕

ST-1601លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ 13941079_169720963448872_545476440_n 13884300_169720960115539_316406980_n