ខេត្តកំពង់ស្ពឺ​ក្លាយជា​គោលដៅ​មួយ​សម្រាប់​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ រោងចក្រ​បាន​ក្លាយជា​ទិដ្ឋភាព​ធម្មតា​ទៅ​ហើយ រាប់​បញ្ចូល​ទាំង​កំណាត់​ផ្លូវ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ផង​ដែរ ហើយ​ចំនួន​រោងចក្រ​នៅ​ក្នុង​ខេត្ត​នេះ​ហាក់​មានការ​កើន​ឡើងជា​លំដាប់ ដោយសារ​តែ​កត្តា​ផ្សេង​ៗ ។

តំណាង​រោងចក្រ​ហ៊ី​រ៉ូ​តា​កម្ពុជា ដែល​បាន​បើកទ្វារ​នៅ​ខេត្តកំពង់ស្ពឺ​ក្នុង​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ ១.៥០០​នាក់​នោះ បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ខ្លួន​មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​មួយ​នេះ ។

តំណាង​រោងចក្រ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កំពង់ស្ពឺ គឺជា​ទីតាំង​ល្អ​សម្រាប់​ការ​បើក​អាជីវកម្ម ដោយសារ​តែ​ខេត្ត​នេះ​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ស្ថិត​នៅ​តាម​ដងផ្លូវ​ទៅ​កាន់​កំពង់​ផែ​សមុទ្រ ។ ម្យ៉ាងវិញទៀត ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​របស់​ខេត្ត ក៏​មាន​ច្រើន​គ្រប់គ្រាន់​ដែរ ។

លោក យ៉ាង ជិន​ហ្វា​ង អគ្គនាយក​ក្រុមហ៊ុន​ហ៊ី​រ៉ូ​តា​កម្ពុជា បាន​បញ្ជាក់​ថា ៖ « ខាង​រោងចក្រ​របស់​យើង​សម្រេចចិត្ត​មក​បើក​នៅ​ខេត្តកំពង់ស្ពឺ ពីព្រោះ​គម្លាត​ពី​ភ្នំពេញ គឺ​មាន​ចម្ងាយ​ជិត ។ ២-​ចំពោះ​ការ​ទំនាក់ទំនង​គ្រប់​ផ្នែក គឺ​ងាយស្រួល និង​៣-​ដោយសារ​តែ​ងាយស្រួល​រក​កម្មករ​មក​បម្រើ​ការងារ » ។

ដោយឡែក មន្ត្រី​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​នេះ ខេត្តកំពង់ស្ពឺ​បាន​កើនឡើង​នូវ​ចំនួន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ខណៈ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​មានការ​អភិវឌ្ឍ​។ បច្ចុប្បន្ន បើ​និយាយ​ពី​ចំនួន​រោងចក្រ​វិញ កំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​៣ បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។

លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​ដំបូង​ដែល​បើកទ្វារ​នៅ​ខេត្តកំពង់ស្ពឺ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​សព្វថ្ងៃ​មាន​រោងចក្រ​ប្រមាណ​ជា​៨០ ដែល​កំពុង​តែ​ផ្ដល់​ការងារ​ដល់​កម្មករ​ប្រមាណ​ជាង​៨៦.៧០០ នាក់ គឺ​ប្រមាណ​ជាង​១០​ភាគរយ​នៃ​ចំនួន​កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ ។

លោក​មាន​ប្រសាសន៍​ថា ៖ « សម្រាប់​កម្លាំង​ពលកម្ម​របស់​ខេត្ត​យើង​បច្ចុប្បន្ន យើង​ពិនិត្យ​ឃើញ​ថា រោងចក្រ​សហគ្រាស​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​រើស​កម្មករ ហើយ​យើង​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​គាត់​ទៅ​ដាក់​ពាក្យ​ធ្វើការ​ច្រើន គឺ​កម្លាំង​ពលកម្ម​ខេត្ត​មិន​ខ្វះ​ទេ គឺ​គ្រប់គ្រាន់ ។ ប៉ុន្តែ​គាត់​នៅ​ខ្វះ​ជំនាញ​ជាក់លាក់​មុន​នឹង​គាត់​ចូល​ធ្វើការ ។ គាត់​ទៅ​ធ្វើការ គាត់​ទៅ​ដាក់​ពាក្យ តែ​គាត់​អត់​ទាន់​មាន​ជំនាញ​អ្វីមួយ​នៅ​ក្នុង​ខ្លួន​ទេ គឺ​គាត់​ដាក់​ពាក្យ​ឲ្យ​បានការ​ងារ​ធ្វើ​ជា​មុន​សិន » ។

យោង​តាម​លោក ចឹក បូ​រិ​ន សម្រាប់​ឆ្នាំ ២០១៥ វិស័យ​កាត់ដេរ​នេះ​បាន​ផ្ដល់​ប្រាក់ខែ​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​ដល់​កម្មករ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។ លោក​ឲ្យ​ដឹង​ទៀត​ថា វិស័យ​នេះ​បាន​ជួយ​ជំរុញ​ខ្លាំង​ដល់​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

លោក​មាន​ប្រសាសន៍​ថា ៖ « តាម​រយៈ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង ក៏​ដូច​ជា​វិស័យ​ផ្សេង​ៗ គឺ​បាន​ជួយ​ដល់​ខេត្តកំពង់ស្ពឺ​ច្រើន​ដូច​ជា ១-​តាម​រយៈ​ការ​ផ្ដល់​ការងារ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ ។ ២-​ផ្ដល់​ប្រាក់​ចំណូល​ដើម្បី​ឲ្យ​បងប្អូន​កម្មករ ប្រជាពលរដ្ឋ​រស់នៅ​មាន​ជីវភាព​សមរម្យ​ប្រសើរ​ជាង​មុន និង​៣-​តាម​រយៈ​ប្រយោល មាន​ន័យ​ថា ប្រាក់ខែ​ដែល​បងប្អូន​កម្មករ​បើក​មក បើ​យើង​គិត​ជា​ឆ្នាំ មួយ​ឆ្នាំ​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​សម្រាប់​ប្រាក់ខែ​បងប្អូន​កម្មករ​បើក​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។ អីចឹង​ហើយ​ថវិកា​ទាំងនោះ​គាត់​បាន​ដោយ​ផ្ទាល់​ផង បាន​ដោយ​ប្រយោល​ដល់​អ្នក​ពាក់ព័ន្ធ​ផង ទាំង​អ្នក​លក់ដូរ ទាំង​អាជីវករ គឺ​បាន​ទទួល​ទាំង​អស់ពី​វិស័យ​ហ្នឹង » ។

កំណើន​ចំនួន​រោងចក្រ​ការងារ និង​ប្រាក់​ចំណូល​ពី​វិស័យ​កាត់ដេរ​កំពុង​តែ​កែប្រែ​មុខមាត់​ខេត្តកំពង់ស្ពឺ ដែល​ពី​មុន​ធ្លាប់តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខេត្ត​ក្រីក្រ​មួយ ។

បើ​តាម​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ខេត្តកំពង់ស្ពឺ​កំពុង​តែ​មាន​តម្រូវការ និង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​ការ​ដាក់​ទុន​សាងសង់​រោងចក្រ​ដើម្បី​ផលិត​សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារ​មួយ​ចំនួន​ទៀត ។

តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​កម្ពុជា កើនឡើង​ប្រមាណ​៣៩,១​ភាគរយ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​២​ប៊ី​លាន​ដុល្លារ ខណៈ​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​១,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំពោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៤១៩​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​កាន់​បណ្ដា​ប្រទេស​ហ​គម​ន៍​អឺរ៉ុប (EU) មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧១៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នោះ គឺ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ៕