ផៃ ស៊ីផាន៖ សម រង្ស៊ី ឡប់​សតិ​ស្មារតី ព្រោះ​ចង់​បាន​អំណាច

នៅចំពោះការជឿជាក់ របស់លោក សម រង្ស៊ី ទាក់ទងនឹងឃាតកម្មលើលោក កែម ឡី ដែលត្រូវ​បាន​ធ្វើឡើង​ជា​ច្រើន​ដង​នោះ លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការ​ទីស្ដីការ​គណរដ្ឋមន្ត្រី បាន​វាយ​បក​ត្រឡប់​មក​ប្រធាន​គណបក្ស​ប្រឆាំង​វិញ​ថា៖ «មហិច្ឆតា​របស់​លោក (សម រង្ស៊ី) ដែល​ចង់​បាន​អំណាច​ហួសហេតុ​ពេក​នោះ បាន​ធ្វើ​ឲ្យ​លោក​ឡប់​សតិ​ស្មារតី អស់​តម្លៃ និង​ហ៊ាន​ធ្វើអ្វីៗ​គ្រប់​បែប​យ៉ាង»។
ផៃ ស៊ីផាន៖ សម រង្ស៊ី ឡប់​សតិ​ស្មារតី ព្រោះ​ចង់​បាន​អំណាច

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)

លោក សម រង្ស៊ី កំពុង«ឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាង» ដោយសារ​ការ​ចោទប្រកាន់ និង​មហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេក។ នេះជា​សំណេរ​វាយប្រហារ យ៉ាងចាស់ដៃ កាល​ពី​ថ្ងៃ​ទី៣ ខែសីហា ពីសំណាក់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​​ទីស្ដីការ​គណរដ្ឋ​មន្ត្រី តបទៅនឹងការលើកឡើង ជា​សាធារណៈ និងជាច្រើនដង របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលបង្ហាញការជឿជាក់ថា «រដ្ឋាភិបាល ជាអ្នក​នៅ​ពី​ក្រោយ​ឃាតករ ដែលបាន​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង​នៅឯបរទេស បានសរសេរម្ដងជាពីរដង នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក ជឿជាក់ថា ឃាតកម្មទៅលើលោក កែម ឡី ជាករណីដូចគ្នា ទៅនឹង​«ករណី​​គប់​គ្រាប់បែក ក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាល​ឲ្យស្លាប់មនុស្ស យ៉ាងតិច១៦នាក់ និង​ដូច​ក្នុង​ករណីឃាតកម្ម​លើលោក ជា វិជ្ជា ក្នុងឆ្នាំ​២០០៤ និងករណីឃាតកម្ម លើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ»។ លោក សម រង្ស៊ី បានសរសេរថា៖ «ទាំង​អស់​នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច»។

នៅសំណេរចុងក្រោយមួួយ ចុះថ្ងៃទី២ ខែសីហាកន្លងមកនេះ ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ពន្យល់​ថា លោកមិនមានជំនឿណាផ្សេង ដោយសាលោកឈរលើ​លក្ខណៈសម្គាល់​ដូច​គ្នា ចំពោះការជ្រើសរើស​មុខ​សញ្ញា និងការជ្រើសរើសរបៀប​បាញ់​សម្លាប់ជនរងគ្រោះ ហើយ​មាន​តែ​រដ្ឋាភិបាលទេ ដែលមានមធ្យោបាយ និង​មាន​លទ្ធភាព ធ្វើការវាយប្រហារបែបនេះ ហើយ​រួច​ទៅ​បិទ​បាំង​ការ​ពិត និងធានាឲ្យមាននិទណ្ឌភាព ចំពោះ​ជន​ដៃ​ដល់ និងអ្នកនៅពីក្រោយ។

លោក សម រង្ស៊ី បានសរសេរទៀតថា៖ «ចំពោះរបៀបប្រតិបត្តិការ ក្នុងការបាញ់សម្លាប់ យើង​ឃើញ​ថាជន​ដៃ​ដល់​ប្រើ​វិធី បច្ចេកទេសដូចគ្នាទាំងអស់ ក្នុងការតាមដាន និងការ​ស្ទាក់​បាញ់​សម្លាប់​​ជន​រងគ្រោះ គឺជាវិធីដែល​ក្រុម​ជំនាញ ខាងបាញ់សម្លាប់មនុស្ស តាមបញ្ជារដ្ឋាភិបាល (ដែល) គេ​បាន​ប្រើប្រាស់នៅប្រទេសកម្ពុជា ក្នុង​រយៈ​ពេល ២០ ឆ្នាំចុងក្រោយនេះ»។

មេដឹកនាំគណបក្សប្រឆាំងធំជាងគេ បានចោទជាសំនួរថា៖ «បើរដ្ឋាភិបាល មិនចង់ឲ្យខ្ញុំ​ធ្វើការ​ចោទ​ប្រកាន់ ទៅ​លើ​ខ្លួនបែបនេះ តើហេតុអ្វីបានជារដ្ឋាភិបាលនេះ មិនអនុញ្ញាត ឲ្យមាន​ការ​ស៊ើប​អង្កេត​ឯករាជ្យមួយ ដោយ​មាន​ការ​ចូលរួម​​ពីអន្តរជាតិ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន?»។

នៅក្នុងប្រតិកម្មតបវិញ តាមបណ្ដាញសង្គមដែរនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានវាយ​តម្លៃ​លើ​លោក សម រង្ស៊ី ដែលប្រើពាក្យគន្លឹះ «ខ្ញុំជឿថា» បីម៉ាត់នេះ ថាមានឥរិយាបទ និង​ទម្លាប់អាក្រក់ ភូតភរ ប្រឌិត​បោក​ប្រាស់ មិនទទួលខុសត្រូវ និងបានចាត់ទុកការលើកឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ ថា​ជា​ការ​វាយ​ប្រហារ បំភ្លៃសាច់រឿងពិត ដោយ​ប្រឌិត​ប្រឆាំង​នឹង​រដ្ឋាភិបាល។ សម្រាប់លោក ស៊ីផាន បើលោក សម រង្ស៊ី ហ៊ានប្រើពាក្យ«ខ្ញុំជឿថា» នោះ​បាន​ន័យ​ថា វាមានភស្តុតាងច្បាស់លាស់ណាស់ ដែលលោក សម រង្ស៊ី គួរ​មាន​សេចក្តី​​ក្លាហាន បង្ហាញភស្ដុតាងទាំងនោះ ជាសាធារណៈ និងជូនដល់តុលាការ ដោយពុំចាំបាច់តម្រូវ ឲ្យ​​មាន​​ការ​ស៊ើប​​អង្កេត ពីស្ថាប័នឬបុគ្គលបរទេស​ណាមួយ​នោះទេ។

«ចុះបើខ្លួនខ្ញុំផ្ទាល់មានជំនឿថា៖ ក្រុមលោក សម រង្ស៊ី ជាអ្នកនៅពីក្រោយខ្នង នៃអំពើ​ឃាតកម្ម​នេះ​វិញ អាស្រ័យ​ដោយ​ការលេចធ្លោ ប្រជាប្រិយភាពរបស់លោក កែម ឡី ដែលជាឧប្បសគ្គ ដល់​តំណែង​ប្រធាន CNRP ហើយ​លោក កែម ឡី បានធ្វើការប្រមាថខ្លាំងៗ ចំពោះប្រធាន CNRP ក៏​ដូច​ជា​អនុប្រធានផងដែរនោះ គឺ​ជា​ហេតុផល​នៃ​ការ​សម្លាប់​នេះ តើការជឿរបស់ខ្ញុំ មានន័យ និង​ទម្ងន់​បែប​ណា​ដែរ?»

លោក ផៃ ស៊ីផាន ដែលមានតំណែង ជារដ្ឋលេខាធិការ​​ទីស្ដីការគណរដ្ឋមន្ត្រី ស្ថាប័នដៃស្ដាំមួយ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ បានបញ្ចប់សេចក្ដី នៃសំណេរវាយប្រហារនោះ យ៉ាង​ដូច្នេះ​ថា៖ «ការចោទប្រកាន់ និង​មហិច្ឆតា​របស់លោក ដែលចង់បានអំណាច​ហួសហេតុ​ពេក​នោះ បានធ្វើឲ្យលោកឡប់សតិស្មារតី អស់តម្លៃ និង​ហ៊ាន​ធ្វើអ្វីៗ​គ្រប់បែបយ៉ាង បើទោះជា យក​ឈាម​ក្រហម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រាលជាកំរាលព្រុំ ដើរ​ទៅ​កាន់​អំណាច​​ជា​នាយក​រដ្ធមន្ត្រី ក៏លោកហ៊ានធ្វើបានផងដែរ»។

សម្រប់បណ្ដាអ្នកប្រកាន់​ជំហរកណ្ដាលវិញ បានពន្យល់ថា អ្នកនយោបាយគួរទុកនាទីឲ្យអាជ្ញាធររដ្ឋ ដែលមាន​សមត្ថកិច្ច ដោះស្រាយសំនុំរឿងឃាតកម្មនេះ ប្រកបដោយតម្លាភាពសិន មុននឹង​ធ្វើការ​វិន្និច្ឆ័យ ទៅ​តាម​ទំនោរ​នយោបាយ តែរៀងខ្លួន។ ហើយបញ្ហានេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​តាម​តែ​​តួនាទី​របស់​ខ្លួន នោះ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ នឹងសាបរលាប​ទៅ​ដោយ​ឯក​ឯង៕