អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

សហរដ្ឋអមេរិក និងសម្ព័ន្ធមិត្ត បានព្យាយាមជំរុញ ឲ្យមានទណ្ឌកម្មច្បាស់លាស់ និងរួមគ្នាតែមួយ ពីសំណាក់​ក្រុម​ប្រឹក្សា​សន្ដិសុខ របស់​អង្គការ​សហ​ប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ បាន​បាញ់​កាំជ្រួច​បាលីស្ទីក​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃពុធ។ ប៉ុន្តែគោលបំណងនេះ បានប៉ះទង្គិចជាមួយនឹងការរារែក របស់​ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ដ្រ របស់របបកុម្មុយនីសកូរ៉េ។
អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

រូបថតផ្ដល់ដោយ ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ប្រទេសកូរ៉េខាងជើង បង្ហាញពីការបាញ់កាំជ្រួច ជាច្រើនគ្រាប់​របស់របបក្រុងព្យុងយ៉ាង។

បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់ដោយបិទទ្វាជិត របស់ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ អស់​រយៈ​ពេល​២ម៉ោង កាលពីល្ងាចថ្ងៃពុធនេះរួចមក អ្នកស្រី សាម៉ាន់ថា ផាវើរ (Samantha Power) ឯកអគ្គរដ្ឋ​ទូត​អាមេរិក និងលោក កូរ៉ូ បេសស្សូ (Koro Bessho) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ បាន​អះ​អាង​ថា សមាជិកជាច្រើននាក់ របស់ក្រុមប្រឹក្សាសន្តិសុខ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះ​ការ​បាញ់​កាំជ្រួច​បាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលបានចូលជាលើកទីមួយ ទៅក្នុង​ដែន​ទឹក​ជប៉ុន។

អ្នកស្រី ផាវើរ បានថ្លែងឡើងថា អ្នកស្រីមិនបានគិតខុសទេ ដែលថាក្រុមប្រឹក្សសន្តិសុខ នឹងមានលទ្ធភាព ក្នុង​ការរួបរួមគ្នា យ៉ាងឆាប់រហ័ស និងជាធ្លុងមួយ ដើម្បីបរិហារ​ការបាញ់កាំជ្រួច​ចុងក្រោយបង្អស់ របស់​ប្រទេស​កុម្មុយនីស​កូរ៉េ ដែលអ្នកស្រី​វាយតម្លៃថា ជាការគម្រាមដ៏ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ អ្នកស្រី​បន្ត​ទៀត​ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តដាក់គំនាប ដើម្បីការអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវដំណោះ​ស្រាយ​លេខ «២២៧០» (ជាទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង បន្ទាប់ពីរបបនេះ បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជា​លើក​ទីបួន និងបន្ទាប់មក បានបាញ់កាំជ្រួចមួយគ្រាប់ទៀត កាលពីពេលកន្លងមក)។

ចំពោះលោក បេសស្សូ វិញ បានលើកឡើង ពីសារព្រមានដ៏ម៉ឺងម៉ាត់ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ តបទៅ​នឹង«ទង្វើមួយ ដែលមិនអាចទទួលយកបាន របស់ប្រទេសកូរ៉េខាងជើង»។ លោកអគ្គរាជទូ​ត បានថ្លែង​ពី​បំណង​ដ៏​ជាក់​លាក់មួយថា កិច្ចព្រមព្រៀងមួយ នឹងឃើញពន្លឺថ្ងៃ ក្នុងពេលឆាប់ៗខាងមុខ។

រីឯលោក ភីធើរ វីលសុន (Peter Wilson) ឯកអគ្គរាជទូតអង់គ្លេសវិញ ក៏បានលើកឡើងដែរថា ក្រុមប្រឹក្សា​មិន​បាន​ចាត់ទុក ការបាញ់កាំជ្រួចជាថ្មីនេះ ថាជារឿងធម្មតានោះឡើយ។

ប៉ុន្តែចំពោះលោក លីវ ជីយី (Liu Jieyi) ឯកអគ្គរដ្ឋទូតចិនវិញ បានសម្ដែងការរារែក នៅក្នុងការថ្លែងរបស់ខ្លួន ទៅកាន់អ្នកសារព័ត៌មាន។ ប្រទេសចិន សម្ព័ន្ធមិត្តតែមួយគត់ របស់ប្រទេសកូរ៉េខាងជើង ជាដៃគូដ៏សំខាន់មួយ សម្រាប់​ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយរបបកុម្មុយនីសក្រុងព្យុងយ៉ាង។ លោក លីវ ជីយី បានថ្លែងថា៖ «យើង​ត្រូវ​ធ្វើការ ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធានាថា ភាពតានតឺងនឹងថមថយ នៅក្នុងឧបទ្វីបកូរ៉េ»។

ឯកអគ្គរដ្ឋទូតចិន បានថ្លែងបញ្ជាក់ថា យន្ដការខ្លះដែលមានកន្លងមក បានបង្កើតឲ្យមានភាព​តានតឹង​ទៅវិញ។ ការលើកឡើងនេះ ទំនងជាចង់សំដៅដល់ ការប្រកាសគម្រោង​ ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល របស់​សហរដ្ឋ​អាមេរិក នៅ​​តាម​​បណ្ដោយព្រំដែនកូរ៉េ កាលពីពេលថ្មីៗ។ ប៉ុន្តែអ្នកស្រី ផាវើរ បានឆ្លើយតបនឹងសំនួរ របស់​អ្នកយក​ព័ត៌មាន​​ជុំវិញ​ករណី​នេះថា គម្រោងដាក់ពង្រាយ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួមសហការ ជា​មួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ គ្រាន់តែជាកិច្ចការពារខ្លួនប៉ុណ្ណោះ ហើយមិនអាចយក​មកធ្វើជា «លេស» ដើម្បីឲ្យ​ប្រទេស​កុម្មុយនីសកូរ៉េ បាញ់​កាំជ្រួច​បាលីស្ទីក​ជាថ្មីដូច្នេះឡើយ។

នៅ​ថ្ងៃ​ពុធ​ម្សិលម៉ិញនេះ ប្រទេសកូរ៉េ​ខាង​ជើង ​បាន​បាញ់​សាកល្បង ​កាំជ្រួច​បាលីស្ទិក ​ចំនួន ២គ្រាប់ ដោយ​ក្នុងនោះ​មួយគ្រាប់ ​បាញ់​​​ត្រូវ​ផ្ទុះឆេះ​ភ្លាមៗ​ ក្រោយ​ពី​បាញ់​ចេញ​ពីដី ចំណែក​ ១គ្រាប់ទៀត ត្រូវ​បាន​បាញ់​ចូល​ទៅក្នុង​ដែនទឹកជប៉ុន ដែលជា​តំបន់​​សេដ្ឋកិច្ច​ពិសេស​មួយ។ ទង្វើនេះ បានបង្កកំហឹងខ្លាំងក្លា ដល់ប្រទេសជប៉ុន ដោយ​ចាត់​ទុក​ទង្វើនេះ ថាមិនអាចទទួលយកបាន៕