ពលរដ្ឋ​នៅ​ស្រុក​បាធាយ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ឧកញ៉ា​រំលោភ​យក​ដី​បឹង

ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ​នៅ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ហា​រំលោភ​យក​ដី​បឹង​សាធារណៈ​ពី​សំណាក់​ក្រុមហ៊ុន​ឧកញ៉ា លីម ប៊ុណ្ណា។ ការ​ស្នើ​នេះ ក្រោយ​ពេល​ពលរដ្ឋ​ឃើញ​សកម្មភាព​ជីក​ទំនប់​កាត់​ផ្ទៃ​បឹង​ជា​ច្រើន​ពី​សំណាក់​ក្រុម​កម្មករ​ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នារ កាល​ពី​ពេល​កន្លង​ទៅ។ អភិបាល​ស្រុក​បាធាយ បញ្ជាក់​ថា បញ្ហា​នេះ​ពួកគេ​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នោះ​រួច​រាល់​ហើយ ដោយ​ធានា​ថា គម្រោង​វិនិយោគ​នោះ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ពួកគាត់​ទេ។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​បាធាយ បារម្ភ​ថា ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នារ ចំពោះ​ការ​ធ្វើ​ទំនប់​កាត់​បឹង​មួយ​ចំនួន​នោះ​ទេ នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រជាកសិករ​ជា​មិន​ខាន។ ផល​ប៉ះពាល់​ទាំង​នោះ​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​ប្រើប្រាស់​ទឹក​ក្នុង​បឹង​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​នៅ​រដូវ​ប្រាំង និង​មិន​អាច​នេសាទ​ដូច​ពេល​មុន​ឡើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​តំណាង​ពលរដ្ឋ​ជាង ៣០​នាក់ នាំ​មន្ត្រី​សមាគម​អាដហុក (ADHOC) ទៅ​ពិនិត្យ​មើល​ទីតាំង​ធ្វើ​ទំនប់​រំលោភ​ដី​បឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា។

​ប្រជាពលរដ្ឋ​មាន​វ័យ ៦០​ឆ្នាំ នៅ​ឃុំ​ជាលា លោក អ៊ុំ សុផល មាន​ប្រសាសន៍​ថា ពលរដ្ឋ​ធ្លាប់​តវ៉ា និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​កាល​ពី​ខែ​ឧសភា។ ក្រោយ​មក​ឃើញ​សកម្មភាព​ជីក​ទំនប់​ដែល​លោក​អះអាង​ថា ប៉ះពាល់​បឹង​អាករ​ឃុំ​មួយ​ចំនួន​ពី​សំណាក់​កូនចៅ​ឧកញ៉ា ខ្នារ ផ្អាក​ទៅ​វិញ ប៉ុន្តែ​បន្ទាប់​មក​ឃើញ​សកម្មភាព​ឈូស​ឆាយ​ធ្វើ​ទំនប់​លើ​ដី​បឹង​បន្ត​ដដែល។

លោក​បារម្ភ​ថា គម្រោង​វិនិយោគ​របស់​មហាសេដ្ឋី​រូប​នេះ នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​អាស្រ័យ​ផល​របស់​ពួកគាត់៖ «ប៉ះពាល់​ជីវភាព​របស់​គាត់ គាត់​ត្រូវ​ការ​រក​ត្រី​សាច់​នៅ​កន្លែង​ហ្នឹង ហើយ​នឹង​ប៉ះពាល់​លើ​ផ្លូវ​ដឹក​កសិកម្ម​កន្លែង​ហ្នឹង»។

​មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​តាំងក្រាំង មួយ​រូប លោក យួស តូណា សម្ដែង​ការ​ភ្ញាក់ផ្អើល​ក្រោយ​ពេល​ឃើញ​សកម្មភាព​ធ្វើ​ជា​ទំនប់​កាត់​ដី​បឹង​មួយ​ចំនួន ដូចជា​បឹង​ផ្សោត បឹង​វែង បឹង​គល់ និង បឹង​ថាស ជាដើម។ លោក​ចោទ​ថា សកម្មភាព​នេះ​ជា​ការ​រំលោភ​យក​ដី​បឹង​សាធារណៈ​ដើម្បី​ធ្វើ​ជា​ប្រយោជន៍​ឯកជន ពីព្រោះ​ពលរដ្ឋ​មិន​បាន​ដឹង​ពី​គម្រោង​នោះ​ឡើយ៖ «ប្រជាពលរដ្ឋ​គាត់​មិន​ចង់​ទាមទារ​អី​ទេ គាត់​ចង់​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​លុប​ដូច​ធម្មតា​វិញ​មក ទុក​បឹង​គេ​ដូច​ពី​មុន​ទៅ»

​ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ហើយ ដោយ​មាន​ទាំង​កិច្ច​សន្យា​រវាង​ប្រជាពលរដ្ឋ និង​ភាគី​លោក​ឧកញ៉ា ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ឧកញ៉ា លីម ប៊ុណ្ណា បាន​វិនិយោគ​ដី​ស្រែ​ប្រាំង​តំបន់​នោះ​សម្រាប់​ធ្វើ​កសិកម្ម និង​ចិញ្ចឹម​ត្រី​លើ​ផ្ទៃដី​ប្រមាណ ២០០​ហិកតារ ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​ទំហំ​ផ្ទៃដី​ជាក់ស្ដែង​នៅ​មិន​ទាន់​គ្រប់​ចំនួន​ទេ។ ក្នុង​នោះ​ភាគី​មហាសេដ្ឋី​រូប​នេះ បាន​សម្រេច​កែសម្រួល​មេ​ទឹក និង​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ដែល​ប៉ះពាល់​លើ​ចំណែក​ដី​បឹង​ខ្លះ ប៉ុន្តែ​ពលរដ្ឋ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​អាច​ឱ្យ​ពួកគាត់​ប្រើប្រាស់​បឹង​នោះ​បាន​ដដែល ម្យ៉ាង​ធានា​មិន​មាន​បញ្ហា​ចោទ​ឡើង​នៅ​ពេល​ក្រោយ។

លោក​ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​អាស្រ័យ​ផល​នៅ​តំបន់​នោះ​តែម្តង គឺ​មិន​បាន​ជំទាស់​ទេ ប៉ុន្តែ​ការ​តវ៉ា​នេះ​ជា​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ច្រើន​ជាង។ លោក​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​នេះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន ដូច​ជា​មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រែប្រាំង​ពួកគាត់។ បន្ថែម​ពី​នេះ បញ្ហា​ខ្វះខាត​ទឹក​នឹង​លែង​កើត​មាន ម្យ៉ាង​ពលរដ្ឋ​នឹង​ទទួល​បាន​បច្ចេកទេស​ថ្មីៗ សម្រាប់​ធ្វើ​កសិកម្ម​ទៀត​ផង។

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​បាន​ចុះ​ពិនិត្យ​បញ្ហា​នេះ​មាន​ប្រសាសន៍​ថា តំណាង​ប្រជាពលរដ្ឋ រួម​នឹង​អ្នក​ភូមិ​ផ្សេង​ទៀត គឺ​មិន​បាន​ដឹង​អំពី​គម្រោង​ស្ដារ​មេទឹក ឬ​ធ្វើ​ប្រឡាយ​ទេ។ លោក​បន្ត​ថា បញ្ហា​នេះ​ត្រូវ​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ និង​អ្នក​វិនិយោគ ព្រមទាំង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​ដី​បឹង​សាធារណៈ​ជា​ទ្រព្យសម្បត្តិ​រួម៖ «យល់​ឃើញ​ថា ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម ហើយ​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា អា​ហ្នឹង​ធ្វើ​ទៅ​សម្រាប់​មាន​ប្រយោជន៍​ដល់​ពួកគាត់​ទាំង​អស់​ដើម្បី​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ហ្នឹង»

​មន្ត្រី​សិទ្ធិមនុស្ស​ដដែល​បញ្ជាក់​ថា បឹង​សាធារណៈ​ជា​ទ្រព្យសម្បត្តិ​សមូហភាព គឺ​មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​យក​លក់ ឬ​ដោះដូរ​បាន​ទេ លើកលែងតែ​ទ្រព្យ​សម្បត្តិ​នោះ​លែង​បម្រើ​ប្រយោជន៍​សាធារណៈ​ត​ទៅ​ទៀត។ លោក​ថា ប្រសិនបើ​ការ​វិនិយោគ​របស់​ឧកញ៉ា​ដែល​ល្បីល្បាញ​ខាង​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ​រូប​នេះ​ទៅ​ជា​ការ​បម្រើ​ឱ្យ​ប្រយោជន៍​របស់​ខ្លួន ហើយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ វា​គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​ច្បាប់​ជលផល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។