នីកូ ចេញ​ Original Song ឯករាជ្យ​លើក​ទី១​ស្រប​ពេល​ចប់​​កុង​ត្រា​​

ព្រឹក​មិញ​នេះ​តារា​ចម្រៀង​វ័យ​ក្មេង​ នីកូ បាន​បញ្ជាក់​មក​​​កាន់​ Sabay ថា​ លោក​ទើប​តែ​ចេញ​បទ​ចម្រៀង Original Song ​ឯករាជ្យ​លើក​ដំបូង ​ស្របពេល​កុង​ត្រា​របស់​លោកជាមួយ​ផលិត​កម្ម សាន់ដេ ត្រូវ​បាន​បញ្ចប់។

 

នីកូ ចេញ​ Original Song ឯករាជ្យ​លើក​ទី១​ស្រប​ពេល​ចប់​​កុង​ត្រា​​

 

នីកូ ប្រាប់​ថា កុង​ត្រា​ លោក​ និង​ផលិតកម្ម ​សាន់ដេ បាន​បញ្ចប់​យូរ​ដែរ​ហើយ​ តែ​លោក ​និង​ផលិតកម្ម​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​​គ្នា។ “ខ្ញុំ​ចង់​ចេញ​​មក​ធ្វើ​ជា​តារា​ឯករាជ្យ​ដែល​ផ្ដោត​ទៅ​លើ​បទ​និពន្ធ​ថ្មី​វិញ​ម្ដង​ ខ្ញុំ​ដឹង​ថា​វា​ពិបាក​ តែ​ខ្ញុំ​ចង់​ធ្វើ​វា ខ្ញុំ​ធ្វើ​ជា​អ្នក​ចម្រៀង​យូរ​ហើយ​ ដល់​ពេល​ដែល​ខ្ញុំ​មក​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ម្ដង​ហើយ”។

 

លោក​បន្ត​ទៀត​ថា​ មិន​ថា​ពេល​នេះ​ ឬ​កាល​ដែល​លោក​នៅ​ក្នុង​ផលិតកម្ម​នោះ​ទេ​ បទ​ចម្រៀង​លោក​ភាគ​ច្រើន​គឺ​លោក​ជា​អ្នក​ដឹកនាំ​ និង​ផ្ដល់​ជា​គំនិត​ដើម្បី​ផលិត​ឡើង ចំណែក​ឯ​ Original Song ក៏​លោក​ធ្លាប់​បាន​ចេញ​ខ្លះ​ដែរ​ពេល​នៅ​ក្រោម​ផលិតកម្ម។

 

បទ​ដំបូង​របស់ ​នីកូ មាន​ចំណង​ជើង​ថា​ “ខ្ញុំ​ខូចចិត្ត​​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” លោក​បន្ត​ថា​ “ខ្ញុំ​អត់​ចង់​ជឿ​ទេ​ពេល​ Manager ខ្ញុំ​ប្រាប់​ថា​ បទ​ហ្នឹង​មាន​ការ​គាំទ្រ​ខ្លាំង​ទាំង audio និង MV teaser ខ្ញុំ​អត់​ដឹង​ដោយ​សារ​ខ្ញុំ​អត់មាន​ Facebook ផ្ទាល់​ខ្លួន​​នោះ​ទេ”។ ចំណែក​ឯ​ MV បទ​ហ្នឹង​វិញ​ លោក​បន្ថែម​ថា​ លោក​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ក្នុង​ការ​ចេញ​បាន​នៅ​ឡើយ​ទេ តែ​លោក​បញ្ជាក់​ថា​បទ​នេះ​បង្កប់​អត្ថន័យ​អប់រំ​ច្រើន​មិន​មែន​តែ​រឿង​ស្នេហា​មួយ​មុខ​នោះ​ទេ៕

អត្ថបទ៖ SAMEDY​​​
​​​​​​​​