កម្ទេច​រុក្ខជាតិ​និង​កាក​សំណល់​ផ្ទះបាយ​កែ​ច្នៃ​ជា​គំនូរ​និង​ចម្លាក់

ខេត្តសៀមរាប ៖ អ្នកមាន​គំនិត​ច្នៃប្រឌិត​ម្នាក់​រស់នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​យក​កម្ទេច​រុក្ខជាតិ​កែ​ច្នៃ​ជា​គំនូរ និង​ចម្លាក់ ។ អ្វី​ពិសេស​ជាង​នេះ​ទៅ​ទៀត​របស់​នៅ​ជុំវិញ​ផ្ទះ​ដូច​ជា ដើម​ដូង ដើម​ត្នោត ល្ហុង ស្លឹកឈើ ងាប់​ៗ និង​សំណល់​ផ្ទះបាយ​មួយ​ចំនួន​ត្រូវ​បាន​យក​កែ​ច្នៃ ធ្វើ​ជា​រូបគំនូរ និង​ចម្លាក់​សម្រាប់​លក់​ឱ្យ​អ្នកទេសចរ ។

លោក​រៀម មុន្នី​ស៊ី​ឡុ​ង ជា​អ្នក​ច្នៃប្រឌិត​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​យក​កម្ទេច​រុក្ខ​ខា​ជាតិ​នៅ​ជុំវិញ​ផ្ទះ​មាន​ដូច​ជា ដើម​ដូង ដើម​ត្នោត ល្ហុង ស្លឹកឈើ ងាប់​ៗ និង​កាក​សំណល់​នៅផ្ទះ​បាយ​មួយ​ចំនួន​កែ​ច្នៃ​ធ្វើ​ជា​រូបគំនូរ និង​ចម្លាក់​សម្រាប់​លក់​ឱ្យ​ភ្ញៀវ​ទេសចរ ហើយ​មើលទៅ​ឱ្យ​ពួក​គេ​ចាប់អារម្មណ៍ និង​កោតសរសើរ​ពី​ស្នាដៃ​របស់​លោក ។

លោក​រៀម មុន្នី​ស៊ី​ឡុ​ង ឱ្យ​ដឹង​ថា ពី​ដំបូង​លោក​នៅ​ជាមួយ​អង្គការ​មួយ​ដែល​អង្គការ​នោះ​បង្រៀន​របៀប​យក​ស្លឹកឈើ​ច្នៃ​ធ្វើ​ជា​ក្រដាស​សរសេរ ។ នៅ​ពេល​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មានគំនិត​កែ​ច្នៃ​កម្ទេច​រុក្ខជាតិ ដែល​មាននៅ​ជុំវិញ​ខ្លួន​ឱ្យ​ក្លាយទៅជា​របស់​មាន​តម្លៃ សម្រាប់​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក ។

របៀប​នៃ​ការ​ធ្វើ​រូបគំនូរ ឬ​រូបចម្លាក់​ពី​កម្ទេច​រុក្ខជាតិ​នេះ គឺ​ធ្វើ​តម្រូវ​ទៅ​តាម​ប្រភេទ​នៃ​រូប នីមួយ​ៗ ដូច​ជា ធ្វើ​រូប​សត្វ​ដំរី ត្រូវ​យក​កាក​សំណល់​ស្លឹកឈើ​មក​បុក ហើយ​លាយ​ជាមួយ​ជ័រ រួច​យក​ទៅ​ដាក់​ក្នុង​ពុម្ព​រូប​សត្វ​ដំរី ឬ​ប្រភេទ​សត្វផ្សេង​ៗ​ដែល​ចង់បាន បន្ទាប់​មក​យក​រូប​ចេញពី​ពុម្ព​លៀប​ជ័រ​និង​ផាត់​ពណ៌​តាម​ដែល​ចង់បាន  ។ សម្រាប់​រូបគំនូរ​វិញ​គឺ​ធ្វើ​ទៅ​តាម​ប្រភេទ​គំនូរ​ដូច​គ្នា​ដែរ ។ ឧទាហរណ៍​យក​ស្រកីដូង ឬ​ស្លឹក​ត្នោត​មក​គូរគំនូរ ហើយ​យក​ជ័រ​មក​លៀប​ស្រកីដូង​ឱ្យ​រឹង​ទើប​គូររូប​នៅ​លើ​នោះ​តែ​ម្តង ។ ចំណែកឯ​កាក​សំណល់​ផ្ទះបាយ​វិញ គឺ​អាចយ​កបាន​មួយ​ចំនួន​ដូច​ជា ស្រកាត្រី​យក​បិទ​ធ្វើ​រូបគំនូរ​អប្សរា​ជាដើម ។

លោក​រៀម មុន្នី​ស៊ី​ឡុ​ង ឱ្យ​ដឹង​ថា ដំបូង​ឡើយ​ទីផ្សារ​សម្រាប់​លក់​រូបគំនូរ និង​រូបចម្លាក់​ដែល​ច្នៃ​ពី​កម្ទេចកម្ទី​រុក្ខជាតិ​ពិបាក​ណាស់ ប៉ុន្តែ​ឥឡូវ​លក់ដាច់​នៅ​តាម​សណ្ឋាគារ និង​ផ្សារ​លក់​ផលិតផល​ខ្មែរ ។ រូបគំនូរ​របស់​លោក​មួយ​ផ្ទាំង​មាន​តម្លៃ​១៥០​ដុល្លារ ។ ចំណូល​ពី​ការ​លក់​រូប​ទាំងនោះ​មិន​ទាន់​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​របស់​លោក​រៀមមុន្នី​ស៊ី​ឡុ​ង​ទេ ។ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ​អ្នកទេសចរ​ជួយ​គាំទ្រ​ស្នាដៃ​ច្នៃប្រឌិត​ពី​កាក​សំណល់​ទៅ​ជា​គ្រឿង​លម្អ​របស់​លោក​ផង ដើម្បី​ឱ្យ​លោក
មាន​ទឹកចិត្ត​ធ្វើ​បន្ត និង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ លោកមាន​ជីវភាព​ធូរធារ​ជាង​មុន ៕