វេជ្ជបណ្ឌិត សួង ស៊ីណាត៖ “ពាក្យ​លំបាក​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​និស្សិត​ពេទ្យ​ទេ”

សួង ស៊ីណាត ជា​ស្ត្រី​ខ្មែរដ៏​មាន​សមត្ថភាព​ម្នាក់​ ដែល​បាន​ខិតខំរៀន​សូត្រ និង​ស្រង់​​​បទពិសោធន៍យូរឆ្នាំ​ ក្នុង​វិស័យ​សុខាភិបាល រហូត​ក្លាយ​ជាសាស្ត្រាចារ្យ និង​​វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង​មន្ទីរពេទ្យ​សហភាព​ខ្មែរ​-សូវៀត។

 

វេជ្ជបណ្ឌិត សួង ស៊ីណាត៖ “ពាក្យ​លំបាក​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​និស្សិត​ពេទ្យ​ទេ”

 

នៅ​ពេល​​អ្នកស្រី ម៉ីសន សុធារី អ្នក​សម្រប​សម្រួល កម្មវិធី៣០ដេលី​សួរ​ថា ក្រោយ​ឆ្លងកាត់​ការ​សិក្សា​រយៈ​ពេល១០​ឆ្នាំ បាន​​​ជួប​ការ​លំបាក​អ្វី​ខ្លះ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សួង ស៊ីណាត ដែល​បាន​បញ្ចប់​ការសិក្សា​ វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ Juntendo ប្រទេស​ជប៉ុន​ តប​ថា ជា​និស្សិត​ពេទ្យ​​គឺ​​ជួប​ការ​លំបាក​ច្រើន ប៉ុន្តែ​នាង​​​ថា អ្វី​ដែល​​លំបាក ហើយ​និស្សិតពេទ្យ ឬវេជ្ជបណ្ឌិត សិក្សានិង​ចាប់​យក​បាន គឺ​ជា​រឿង​ល្អ​​បំផុត ដើម្បី​យក​​ចំណេះវិជ្ជាឬ​ជំនាញ​នោះ​ មក​ជួយ​សង្គមនិង​​ប្រទេស​ជាតិ​។

 

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សួង ស៊ីណាត ថ្លែង​ថា៖ “…ពាក្យ​លំបាក​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​និស្សិត​ពេទ្យ​ទេ…”។

 

វេជ្ជបណ្ឌិត​ចេះបួន​​ភាសា ខ្មែរ អង់គ្លេស បារាំង ថៃ រូប​​នេះ​បន្ថែមទៀត​​ថា រៀន​ផ្នែក​វេជ្ជសាស្ត្រ សិស្ស​​ត្រូវ​ចំណាយ​ពេល​យូរ។ ពេទ្យ​ទូទៅ​ត្រូវ​ចំណាយ​ពេល ៦ឆ្នាំ ជ្រើសរើស​​ឯកទេសត្រូវ​​ថែម ​២​ឆ្នាំទៀត ហើយ​បើ​ចង់​បានឌុកទ័រ ត្រូវ​ចំណាយពេល ​៨ ឆ្នាំ ១០ឆ្នាំ ទៅ ១១ឆ្នាំ សម្រាប់​​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បញ្ជាក់​​ថា បើ​សិស្ស​និស្សិត​ ចង់​​រៀន​ផ្នែក​វេជ្ជសាស្ត្រ ពួកគេ​ត្រូវ​តែ​ពង្រឹង​គ្រឹះ​ភាសាអង់គ្លេស និង​បារាំងឱ្យ​បាន​មាំ​ល្អ​។

 

នៅ​ពេល​សួរ​ទៀតថា រវាង​ការងារ​​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​ការ​បង្ហាត់​នៅសាកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាល​​ ចូល​ចិត្ត​​មួយ​​ណា​​ជាង? ស្ត្រី​ខ្មែរ​​ដ៏​មាន​សមត្ថភាព ​ក្រមសីលធម៌ ​និង​គុណធម៌ សួង ស៊ីណាត ប្រាប់​ថា នាង​ចូលចិត្ត​ទាំងពីរ។

 

វេជ្ជបណ្ឌិត សួង ស៊ីណាត៖ “ពាក្យ​លំបាក​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​និស្សិត​ពេទ្យ​ទេ”

 

“ធ្វើ​ការ​នៅ​មន្ទីរពេទ្យ យើង​បាន​​ជួយ​មួយ​ផ្នែក​លើ​សង្គម ​ប្រជាជន….មួយ​វិញ​ទៀត​យើង​​ក៏​ត្រូវ​បណ្ដុះបណ្ដាល​សិស្ស​ប្អូន​យើង​ដែរ…ទាំង​ពីរ​ហ្នឹង​មិន​អាច​ខ្វះ​មួយ​ណា​បាន​ទេ!…ខ្ញុំ​ស្រលាញ់​ចូលចិត្ត​ទាំង​ពីរ!”។

 

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ដដែល បាន​ឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​វេជ្ជសាស្ត្រ  គឺ​​ត្រូវ​ខិតខំ​ព្យាយាម​ដើរ​ទៅ​មុខ ត្រូវ​ចូល​ចិត្ត​ ​ស្រលាញ់​វិជ្ជាជីវៈដែល​ខ្លួន​រៀន និង​ធ្វើ​វា​ឱ្យ​ល្អ។  ​​គោល​បំណង​ធំ​​​ក្នុង​អនាគត វេជ្ជបណ្ឌិត សួង ស៊ីណាត ចង់​ជួយ​អ្នកជំងឺ និង​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ ​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​រឹងមាំ ដើម្បី​អភវឌ្ឍន៍​ប្រទេស​ជាតិ។

 

សូម​ស្ដាប់​បទសម្ភាស៍​ទាំងស្រុង!

 

អត្ថបទ៖ អ៊ុំ សុភក្តិ