ឈុត​ក្រៅ​ឆាក បើក​រថយន្ត​បុក​កម្ទេច​ស្រស់ៗ និង​បច្ចេកវិទ្យា​មិន​គួរ​ឲ្យ​ជឿ​ក្នុង​រឿង Jason Bourne

“Jason Bourne” ខ្សែ​ភាព​យន្ត​ថ្មី​របស់​ហូលីវូដ​បែប​បាញ់​ប្រហារ​កក្រើក​កណ្ដាល​ទីក្រុង​ដែល​ទើប​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោងកុន​កម្ពុជា និង​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា សប្ដាហ៍​មុន​នោះ ពេល​នេះ​កំពុង​ឈរ​លេខ​១ លើ​កំពូល​តារាង Box Office ប្រចាំ​សប្ដាហ៍ ដោយ​រក​ចំណូល​សរុប​បាន​ជាង ១២២ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី២ សីហា។

 

ឈុត​ឆាក​ល្អ​តាម​បាញ់​ប្រហារ ប្រដេញ​រថយន្ត មើល​ជា​ច្រើន​ប្លង់ និង​បច្ចេកវិទ្យា​ថ្មីៗ​មិន​គួរ​ឲ្យ​ជឿ​របស់​អាមេរិក ត្រូវ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

 

ឈុត​ក្រៅ​ឆាក បើក​រថយន្ត​បុក​កម្ទេច​ស្រស់ៗ និង​បច្ចេកវិទ្យា​មិន​គួរ​ឲ្យ​ជឿ​ក្នុង​រឿង Jason Bourne

 

១. ប្លង់​ប្រដេញ​រថយន្ត និង​បើក​បុក​កម្ទេច​រថយន្ត​ទើស​ផ្លូវ​ស្រស់ៗ

ប្លង់​ឃាតក​ជិះ​រថយន្ត​តាម​បាញ់​សម្លាប់​តួ​ឯក Bourne ដែល​ជិះ​ម៉ូតូ​រត់​គេច នៅ​ប្រទេស​ក្រិក ជា​ឈុត​គួរ​ឲ្យ​ជក់​ចិត្ត និង​មើល​ទៅ​ស្ដែងៗ។ តែ​ឈុត​ដែល​ស្ដែង​ស្រស់ៗ​ជាង​នេះ​ទៅ​ទៀត គឺ​ឈុត Bourne តាម​ប្រមាញ់​ឃាតក​វិញ ដោយ​ឃាតក​ព្យាយាម​បើក​ឡាន​ប៉ូលីស​អាមេរិក​រត់​គេច បុក​កម្ទេច​រាល់​រថយន្ត​នៅ​ទើស​ផ្លូវ​ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។ ឈុត​នេះ​គឺ​ពិតៗ តែ​ម្ដង ដោយ​ប្រើ​រថយន្ត​ជា​ច្រើន​គ្រឿង! សូម​មើល​ឈុត​ក្រៅ​ឆាក​ចាប់​ពី​នាទី​ទី ២:៣០ ទៅ៖

 

 

២. បច្ចេកវិទ្យា​កាមេរ៉ា​សុវត្ថិភាព​ទូទាំង​ពិភពលោក​តាម​ដាន​ឧក្រិដ្ឋជន និង​កម្មវិធី​សម្ងាត់​លួច​ទិន្នន័យ​ប្រជាជន​ទូទាំង​ពិភពលោក​របស់​អាមេរិក

អាមេរិក​អាច​តាម​ដាន​រាល់​សកម្មភាព​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន។ CIA របស់​អាមេរិក តាម​ប្រមាញ់ Bourne ដោយ​ប្រើ​បណ្ដាញ​កាមេរ៉ា​សុវត្ថិភាព​ទូទាំង​ពិភពលោក កំណត់​មុខ​មាត់​របស់ Bourne នៅ​ទី​សាធារណៈ។ មិន​ថា នៅ​ក្រិក អាល្លឺម៉ង់ អង់គ្លេស ឬ​ទីណា​នោះ​ទេ គឺ CIA អាច​កំណត់​ឃើញ​មុខ​មាត់​ភិនភាគ​របស់​មនុស្ស​ដែល​គេ​ចង់​ស្វែង​រក​បាន​គ្រប់​ពេល​វេលា និង​ភ្លាមៗ​តែ​ម្ដង។

 

ក្នុង​រឿង​នេះ ក៏​បង្ហាញ​ថា CIA បាន​ប្រើ​កម្មវិធី​ជ្រៀត​ចូល​ក្នុង​បណ្ដាញ​សង្គម ដើម្បី​លួច​រាល់​ទិន្នន័យ​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ទាំង​អស់​ជុំវិញ​ពិភពលោក។ បញ្ហា​នេះ​ហើយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​កំពុង​ព្រួយ​បារម្ភ។ គេ​មិន​ដឹង​ថា អាមេរិក​បាន​ធ្វើ​ដូច្នេះ​រួច​ហើយ​ឬ​នៅ​នោះ​ទេ។

 

ភាព​យន្ត​ដែល​ប្រើ​ទុន​ផលិត​អស់ ១២០ លាន​ដុល្លារ​មួយ​នេះ បង្ហាញ​ពី​រឿង​អាស្រូវ​អាក្រក់​របស់​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) របស់​អាមេរិក ពោល​គឺ​ប្រធាន CIA បាន​បង្កើត​គម្រោង​មួយ Iron Hand ដើម្បី​លួច​បាន​ព័ត៌មាន​សម្ងាត់​ឯកជន​ភាព​របស់​មនុស្ស​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។ ១២​ឆ្នាំ​មុន Jason Bourne ដែល​ជា​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​របស់ CIA និង​ស្ម័គ្រ​ស្លាប់​ដើម្បី​ជាតិ បាន​ដក​ខ្លួន​ចេញ​ពី​អង្គភាព​មួយ​នេះ និង​រស់​នៅ​លាក់​ខ្លួន​នៅ​ប្រទេស​ក្រិក ឯ CIA វិញ​ចាត់​ទុក​ថា Bourne បាន​ក្បត់​នឹង​អង្គភាព រហូត​ដល់​បញ្ជា​គិញ​សម្ងាត់​ដ៏​ជំនាញ និង​សាហាវ​ម្នាក់​តាម​សម្លាប់ Bourne ពេល​ដឹង​ទីតាំង​រស់​នៅ​របស់ Bourne ភ្លាម។ ក្រោយ​មក Bourne បាន​ដឹង​ការ​ពិត​ថា CIA បាន​សម្លាប់​បំបិទ​មាត់​ឪពុក​ខ្លួន​ដែល​ជា​អ្នក​វិភាគ​របស់ CIA និង​ពាក់ព័ន្ធ​ក្នុង​គម្រោង Iron Hand ខណៈ​ពេល​នោះ Bourne ត្រូវ CIA ប្រាប់​ថា​គឺ​ជា​អំពើ​ភេរវកម្ម និង​ប្រើ​ដៃ Bourne កម្ចាត់​ពួក​ភេរវជន​ជា​ច្រើន។

 

ចង់​ដឹង​សាច់​រឿង​ល្អ​មើល​ប៉ុណ្ណា និង​ឈុត​ឆាក​បាញ់​ប្រហារ​កណ្ដាល​ទីក្រុង​ជក់​ចិត្ត​យ៉ាង​ណា សូម​កុំ​ភ្លេច​មក​ទស្សនា​នៅ​តាម​រោង​កុន​ធំៗ​នៅ​កម្ពុជា​ដែល​កំពុង​តែ​ចាក់​បញ្ចាំង ទាំង​អស់​គ្នា​ណា៎!

 

 

អត្ថបទ៖ សុផាត