លទ្ធិប្រជាធិបតេយ្យ​កម្ពុ​ជា​ចាំបាច់​ត្រូវ​ការបន្ត​ជួយ​ជ្រោមជ្រែង​ពី​មហាអំណាច​លទ្ធិប្រជាធិបតេយ្យ​

ក្នុងពេលដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​នៅឡើយ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់ និង​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា ហើយ​មន្ត្រី​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅតែ​ត្រូវបាន​រដ្ឋអំណាច​បំភិតបំភ័យ និង​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​នោះ សាធារណមតិ​ជាតិ និង​អន្តរជាតិ​បាន​វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ភាពរឹងមាំ​ឡើយ ដូចនេះ​ចាំបាច់​ត្រូវការ​បន្ត​ជួយ​ជ្រោមជ្រែង​ពី​មហាអំណាច​លទ្ធិប្រជាធិបតេយ្យ ពិសេស​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ជាដើម​។​

ជាក់ស្តែង​នៅថ្ងៃនេះ ឯកអគ្គរាជទូត​ជប៉ុន លោក យូ​ជិ គូ​ម៉ា​ម៉ា​រូ បានបញ្ជាក់​គោលជំហរ​របស់​ប្រទេស​ជប៉ុន​ដល់​អ្នកសារព័ត៌មាន​ថា ប្រទេស​ជប៉ុន​ចង់ឃើញ​ប្រទេស​កម្ពុជា​បន្ត​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក យូ​ជិ គូ​ម៉ា​ម៉ា​រូ បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ជប៉ុន​បាននិងកំពុង​ផ្តល់ជំនួយ និង​បន្ត​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

​ចំពោះមុខ​ស្ថានភាព​នយោបាយ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​នេះ សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេស​ជប៉ុន សហភាព​អឺរ៉ុប​ជាដើម ថ្មីៗ​នេះ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ពិសេស​ទម្លាក់​ការចោទប្រកាន់​លើ​សកម្មជន​ទាំងនោះ ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិសេរីភាព​ពេញលេញ​សម្រាប់​បំពេញការងារ​របស់ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ទៅដល់​ម្ចាស់ជំនួយ​ក្នុងការ​ពិចារណា​ផ្តល់ជំនួយ​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា​។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់ ក៏បាន​បញ្ជាក់ដែរថា សកម្មភាព​របស់​សម​ត្ថ​កិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​ដែល​បាន​គាបសង្កត់​លើ​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល វា​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នោះទេ តែ​វា​ក៏​នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ផងដែរ​។ ទន្ទឹមនឹងនេះ ជនជាតិខ្មែរ​មួយរូប លោក ហុង លីម ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ប្រទេស​អូស្ត្រាលី ក៏បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក ហុង​លីម  បាន​បញ្ជាក់ថា រូបលោក​នឹង​ប្រើប្រាស់​តួនាទី​ខ្លួន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ប្រទេស​អូស្ត្រាលី បន្ត​ឃ្លាំង​មើល​និង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

CAMBODIA-POLITICS-PARLIAMENT