Park Shin hye សង់​មជ្ឈមណ្ឌល​សម្រាប់​កុមារ​កំព្រា​

តារា​សម្តែង​កូរ៉េ​នាង Park Shin hye គ្រោង​សង់​មជ្ឈមណ្ឌល «Shin hye Center» នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វ៊ី​លី​ពី​ន​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​។ យោង​តាម​ទីភ្នាក់ងារ​របស់​តារា​សម្តែង​វ័យ​២៦ នាង Park ប្រចាំ​ផលិតកម្ម S.A.L.T. Entertainment ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​សង់​មជ្ឈមណ្ឌល​នឹង​បញ្ចប់​នៅ​ខែតុលា ហើយ​វា​គឺជា​គម្រោង​យូរអង្វែង​មួយ​ក្នុង​គោលបំណង​ជួយ​ដល់​កុមារ​ទុរគត​តាម​រយៈ​សកម្មភាព​អប់រំ ។

ការ​ជួយ​គាំទ្រ​របស់ Park សម្រាប់​កុមារ​កំព្រា​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១១ មក​ម៉្លេះ​ពោល​គឺ​នៅ​ពេល​ដែល​នាង​ចូលរួម​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​ហ្គា​ណា​រយៈពេល​៩​ថ្ងៃជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​នៃ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​កូរ៉េ​ឈ្មោះ​ថា KFHI ។ អំឡុង​ពេល​ដំណើ​កម្សាន្ត​នាង​បាន​ជួប​ក្មេង​ស្រី​ឈ្មោះ Abanna អាយុ​៥​ឆ្នាំ​ដែល​ខ្វះ​អាហារូបត្ថម្ភ ។ Park បាន​ដើរតួ​ជា «​ម្តាយ​»​ក្នុងអំឡុងពេល​ស្ម័គ្រចិត្ត និង​បាន​ជួយ Abanna និង​ក្មេង​ដទៃ​ទៀត​ដោយ​យក​ទៅ​មុជទឹក ញុ​ាំ​អាហារ និង​នាំ​ទៅ​សាលារៀន​ជាដើម ។

មជ្ឈមណ្ឌល Shin hye Center ទី​១ បាន​សាងសង់​ឡើង​ក្នុង​ប្រទេស​ហ្គា​ណា​កាលពី​ខែធ្នូ ២០១៣ ។ មជ្ឈមណ្ឌល​នោះ​រួម​មាន​បណ្ណាល័យ សួន​កុមារ និង​ផ្តល់​កម្មវិធី​អប់រំ​។ ដោយឡែក​មជ្ឈមណ្ឌល​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​ក៏​នឹង​មានកម្ម​វិធី​ស្រ​ដៀង​នោះ​ដែរ ៕