ឃី​ម ឌី​ម៉ា និង អាំង សំអាត ប៉ះ​ថៃ​យប់​ថ្ងៃ​សុក្រ​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សុក្រ ទី​៥ សីហា នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ឃី​ម ឌី​ម៉ា និង អាំង សំអាត នឹង​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើ​ឡើង​រៀង​រាល់​យប់​ថ្ងៃ​សុក្រ ។ គេ​មិន​ទាន់​ដឹង​ថា រវាង​កីឡាករ​ទាំង​ពីរ នឹង​មាន​វាសនា​យ៉ាងដូចម្ដេច​នោះ​ទេ ដោយសារ​តែ​សមាសភាព​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក៏​មិនមែន​ជើង​ថ្មី និង​ធ្លាប់​មាន​ប្រវត្តិ​ស៊ីជើង​ខ្លាំង​កម្ពុជា​ផង​ដែរ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​រហូត​ដល់​ម៉ោង​៨​យប់​ស្អែកនេះ បាន​ដំណើរការ​ជា​ច្រើន​ស​ប្ដា​ហ៍​រួច​មក​ហើយ ដោយ​សមាសភាព​កីឡាករ​ដែល​ឡើង​ប្រកួត​គឺ​មើលទៅ​ទាក់ទាញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ ការ​ប្រដាល់​នៅ​វេលា​យប់​នេះ មានការ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​កកកុញ បើ​ទោះជា​ប្រដាល់​នៅ​យប់​ថ្ងៃ​សុក្រ គឺជា​យប់​ដែល​អ្នក​ទស្សនា​ភាគច្រើន​ត្រូវការ​សម្រាក​ដើម្បី​ក្រោក​ទៅ​ធ្វើការ​នៅ​ព្រឹកខាងស្អែក​ច្រើន​ជាង​អ្នកធ្វើការ​ងារ​រដ្ឋ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ពី​ការ​សម្រិត​សម្រាំង​កីឡា​ករ​​សម្រាប់​ការ​ប្រកួត​យប់​ស្អែកនេះ ដោយ​វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ ក៏​ត្រូវ​បាន​ប្រកាស​ថា មានការ​ហ្វឹកហាត់​ម៉ត់ចត់​មុន​នឹង​ជ្រើស​ឱ្យ​ឡើង​ប្រកួត​គ្នា​ដើម្បី​យក​ឈ្នះ​ចាញ់ ។

កីឡាករ ឃី​ម ឌី​ម៉ា ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ  នឹង​ត្រូវ​គេ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា​រាំ ប៊​យ ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ  ហើយ​ក៏​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ដែល​ទើប​បង្កើត​ថ្មី​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ជំនួប​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា​នឹង​អាច​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន​មួយ​នេះ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍ អ្នក​ទាំង​ពីរ​មាន​កម្រិត​ប៉ុនគ្នា​ដោយ​កីឡាករ​កម្ពុជា ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន ហើយ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ច្រើន​ដែរ ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយសារ​តែ ឃី​ម ឌី​ម៉ា ក៏​ហ្វឹកហាត់​ច្រើន​ក្នុង​ការ​ត្រៀមខ្លួន ហើយ​អា​រាំ ប៊​យ ក៏​ជា​កីឡាករ​ដែល​មាន​ស្នាដៃ​ម្នាក់​នៅ​លើ​សង្វៀន​ប្រទេស​ថៃ និង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក ។

ការ​ប្រកួត​គូ​នេះ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៦៦​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៦​លើក ឈ្នះ​៥៤​លើក និង​ចាញ់​១២​លើក​ដូច​គ្នា​។ កីឡាករ​កម្ពុជា​បាន​ប្រកាសប្រាប់​ថា នឹង​ប្រឹង​យកឈ្នះ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ដោយសារ​តែ​មុន​ផ្គូផ្គង​លោក​ហ្វឹកហាត់​ច្រើន​នៅ​លើ​សង្វៀន​ក្នុង​ក្លិប។ យ៉ាងណា​ក៏​ដោយ កីឡាករ​ថៃ​ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត និង​ផ្អែក​តាម​ថ្វីដៃ​ដែល​កីឡាករ​ថៃ​ធ្វើ​បាន​នា​ពេល​កន្លង​មក ។ គូ​នេះ​ត្រូវ​គេ​រំពឹង​ច្រើន​ថា​នឹង​វាយ​អស់ពី​សមត្ថភាព​ដោយសារ​តែ ឃី​ម ឌី​ម៉ា ថ្វីបើ​រាង​ធ្លាក់​កម្លាំង​ស៊ុ​ហ្វ​បន្ដិច​ប៉ុន្តែ​ក៏​នៅ​ខ្លាំង ។ ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ គឺ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​យ៉ាងច្រើន ដោយសារ​តែ​គេ​ត្រូវ​សន្លប់​នៅ​លើ​រេញ​ទៅ​ហើយ ប៉ុន្តែ​បែរជា​អាច​តស៊ូ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ម្នាក់​សុំ​ចុះចាញ់​វិញ​បាន​។

កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ តេ​ង នឹង នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក​រង ដោយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​អួត​រៀងខ្លួន​ថា ពួក​គេ​នឹង​ប្រឹង​ឱ្យ​ឈ្នះ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​នេះ​នៅឡើយ​ទេ សារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​មហាជន​ខ្មែរ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ដូច​គ្នា ។ គាប់​ជួន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​អាំង សំអាត ជួន​បាន​លទ្ធផល​ល្អ និង​ជួន​បាន​លទ្ធផល​អវិជ្ជមាន​នោះ​ផង ទើប​ការ​ប្រាកដ​ចិត្ត​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ថៃ​គឺ​មិនមែន​រឿង​ងាយ ។ កីឡាករ​ថៃ តេ​ង នឹង ត្រូវ​បាន​ប្រកាស​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ បើ​ទោះជា​បទ​ពិសោធន៍​របស់​គេ​តិច​ជាង​កីឡាករ​កម្ពុជា ។ អាំង សំអាត ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ឡើង​រេញ​បាន​៥៥​លើក ឈ្នះ​៤៥​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក​៕