លោក ហង់ ជួនណារ៉ុន សុំទោសដល់ម្ចាស់មេដាយចំពោះការផ្តល់ប្រាក់រង្វាន់យឺត

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាននាំយកថវិការាជរដ្ឋាភិបាលជាង៥០០លានរៀល មកប្រគល់ជូនដល់ម្ចាស់ជយលាភីនៅក្នុងការប្រកួតជើងឯកអាស៊ី និងការប្រកួត Mekong Goodwill Games កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ប៉ុន្តែលោកបណ្ឌិតក៏បានសុំការអធ្យាស្រ័យទៅដល់ម្ចាស់ជយលាភីទាំងនោះផងដែរ ចំពោះការផ្តល់ប្រាក់រង្វាន់យឺតនេះ។

mm1

នៅក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ ដែលបានធ្វើនៅទីស្នាក់ការក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃពុធ ម្សិលមិញនោះ រាជរដ្ឋាភិបាល បានចំណាយថវិកាចំនួន៣៣១លានរៀល ទៅដល់ក្រុមសីជីនឡូន ដែលដណ្តើមបានមេដាយមាស១ លើវិញ្ញាសាជាក្រុមបុរស និងមេដាយសំរឹទ្ធ២ លើវិញ្ញាសាជាក្រុមនារី ក្នុងការប្រកួតកីឡាជើងឯកអាស៊ី លើកទី២ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយក្នុងនោះអ្នកបានមេដាយមាសបាន១៦លានរៀលក្នុងម្នាក់ និងអ្នកឈ្នះមេដាយប្រាក់បាន១១លានរៀល ក្នុងម្នាក់ៗ។

mm2

ចំណែកការប្រកួតកីឡា Mekong Goodwill Games លើកទី១២ នៅខេត្តឈៀងរ៉ៃ ព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នោះ កម្ពុជា ដណ្តើមបានមេដាយមាស១៣ ប្រាក់៧ និងមេដាយសំរឹទ្ធចំនួន៤ ដោយក្នុងនោះក្រុមកីឡាបាល់ទាត់ ទទួលបានមេដាយមាស កីឡាវាយកូនឃ្លីលើតុ បានមេដាយមាស២ និងប្រាក់១
កីឡាប៉េតង់ បានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ កីឡាវាយសី បានមេដាយមាស៤គ្រឿង និងប្រាក់១ កីឡាប្រជាប្រិយ៍ (Folk Sport) បានមេដាយមាស៤គ្រឿង ប្រាក់៤ និងសំរឹទ្ធ១ កីឡាសីប៉ាក់តាក្រ បានមេដាយសំរឹទ្ធ១។

mm3

រីឯប្រាក់រង្វាន់ដែលផ្តល់ជូនគឺអ្នកឈ្នះមេដាយមាស បាន៣លានរៀល ប្រាក់២លានរៀល និងមេដាយសំរឹទ្ធបាន១លានរៀល ដោយគិតទៅលើចំនួនម្នាក់ៗ។ជុំវិញការត្អូញត្អែ និងរិះគន់មួយចំនួន ទាក់ទងទៅនឹងការផ្តល់ប្រាក់រង្វាន់យឺតយ៉ាវ
ចំពោះអ្នកដណ្តើមបានមេដាយ នៅក្នុងការប្រកួតជើងឯកអាស៊ី និង Mekong Goodwill Games នេះ លោក ហង់ ជួនណារ៉ុន បានថ្លែងថា៖

mm4

«ខ្ញុំក៏សូមទោស និងអធ្យាស្រ័យចំពោះការផ្តល់ថិវកាជូននេះដែរ ប៉ុន្តែការស្នើសុំថវិកាមកផ្តល់ជូននេះ គេធ្វើទៅតាមនិតិវិធីរបស់គេ គឺបន្ទាប់ពីការប្រកួតចាប់ យើងត្រូវមានកំណត់ហេតុនៃលទ្ធផល និងធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីដាក់សំណើសុំថវិកាទៅរាជរដ្ឋាពិបាល ដែលនៅត្រង់នេះយើងត្រូវចាយពេលច្រើន។

ហេតុនេះនៅពេលក្រោយៗ ខ្ញុំប្រាប់មកខ្ញុំ ដើម្បីអាចខ្ញុំជួយពន្លឿន ព្រោះពេលខ្លះខ្ញុំក៏អត់បានដឹងពីបញ្ហានៃការយឺតយ៉ាវនេះដែរ ដោយសារយើងមានការងារច្រើន ដែលត្រូវធ្វើ ប៉ុន្តែបើប្រាប់ដល់ខ្ញុំហើយ ខ្ញុំមិនបានធ្វើ អាហ្នឹងចាំចុះផ្សព្វផ្សាយចុះ»៕

The post លោក ហង់ ជួនណារ៉ុន សុំទោសដល់ម្ចាស់មេដាយចំពោះការផ្តល់ប្រាក់រង្វាន់យឺត appeared first on CamboSport.