ឲ្យ​លុយ​១​ពាន់​រៀល​លួង​ឲ្យ​ឡើង​លើ​ផ្ទះ​ធ្វើ​សកម្មភាព

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ដែល​មាន​ប្រពន្ធ​និង​កូន​២​នាក់​ទៅ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​​បាន​ល្បួង​ក្មេង​ស្រី​រំលោភ​រហូត​មាន​សម្រេច​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន​នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

លោក ណ​យ ស៊ី​ថា​ច អធិការរង​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​​ថា ជនសង្ស័យ​ឈ្មោះ សាន់ ទី​ន អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ឃុំ​កើត​ហេតុ ជនសង្ស័យ​រូប​នេះ​មាន​ប្រពន្ធ និង​មានកូន​២​នាក់​នៅ​ស្រុក​កំណើត ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ម្តាយ​ប្រើ​ឲ្យ​ទៅ​កាត់​គុល​ស្លឹកគ្រៃ​នៅ​ក្បែរ​ផ្ទះ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ឲ្យ​លុយ​នាង​១​ពាន់​រៀន និង​បាន​ល្បួង​នាង​ឡើង​លើ​ផ្ទះ ហើយ​បាន​ធ្វើ​សកម្ម​ភាព​ចាប់​​រំលោភ​រហូត​បាន​សម្រេចនៅ​ក្នុង​បន្ទប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ។

លោក​អធិការរង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ក្មេង​ស្រី​​រង​គ្រោះ​បាន​យក​រឿង​នេះ​មក​ប្រាប់​ឪពុក ​ទើប​​នាំ​គ្នា​ការ​មក​ដាក់​ពាក្យ​​ប្តឹង​នៅ​​ប៉ុស្តិ៍នគរបាល រហូត​​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ៕