បន្ទាប់​ពី​​រិះគន់ សង្ស័យ​អាជ្ញាធរ​ក្តៅស្លឹកត្រចៀក

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​«​កោះសន្តិភាព​»​បាន​សរសេរ​រិះគន់​តាម​សំណើ​អ្នកស្រុក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​រឿង​ផ្លូវ​ពិបាកធ្វើ​ដំណើរ ទំនងជា​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​ក្តៅស្លឹកត្រចៀក​ហើយ​មើលទៅ​បានជា​រយៈពេល​២​ថ្ងៃនេះ បាន​ចាប់​រថយន្ត ដឹក​ដី​មួយ​ចំនួន​ឲ្យ​ចាក់​ដី​តាម​ចំណុច​ខូច​ៗ​ឡើង​វិញ​ជា​បន្តបន្ទាប់​រហូត​៤០​រថយន្ត ។

សូម​បញ្ជាក់​ថា ផ្លូវ​មួយ​ចំនួន​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ពិសេស​នៅ​ភូមិ​មិត្តភាព​រួម​ទាំង​ផ្លូវ​ចូល​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ផង​នេះ ត្រូវ​បាន​អ្នកស្រុក​រអ៊ូរទាំ​ថា កន្លង​មក​ឲ្យ​តែ​ក្រោយ​ភ្លៀង​ធ្លាក់​ម្តង​ៗ​ពិបាកធ្វើ​ដំណើរ​ណាស់ ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​ក្តៅ​ចាប់​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ឲ្យ​ចាក់​ដី​បំពេញ​ចំណុច​ផ្លូវ​ខូច​ៗ​ទាំងអស់ ហើយ​ថែម​ទាំង​ឲ្យ​ឈូស​ឆាយ​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ​ទៀត​ផង ។

លោក សន មុន្នី មេ​ភូមិ​មិត្តភាព បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ទេ លោក​និង​ក្រុមការងារ​ប្រជា​ការពារ​ភូមិ​បាន​កាក់​រថយន្ត​ដឹក​ដី​ឲ្យ​ចាក់​បំពេញ​ចំណុច​ខូច​ៗ​ក្នុងភូមិ​បាន​៤០​រថយន្ត ។ លោក​មេ​ភូមិ​បន្ត​ថា​វិធានការ​នេះ​នឹង​ធ្វើ​បន្ត​ទៀត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​ឃើញ​ដងផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​ខាងលើ​ទៅ​បន្ទាត់​ព្រំដែន ដូច​ជា​ភូមិ​ទួល​ប្រាសាទ​, ចាន់គិរី​ព្រៃ​គប់ និង​អូរ​នាង នៅ​តែ​ពិបាកធ្វើ​ដំណើរ​ដដែល ព្រោះ​ក្រុមហ៊ុន​ដឹក​ដី​មិន​បាន​ចាក់​បំពេញ​ចំណុច​ខូច ឬ​ឈូស​ឆាយ​ឡើង​វិញ​ឡើយ ដូច្នេះ​ហើយ​សិស្សានុសិស្ស​ដែល​ទៅ​ពី​គ្រប់​ទិស​ទី​ទៅ​រៀន​សាលា​វិទ្យាល័យ​ទួល​ប្រាសាទ​រអ៊ូរទាំ​ថា ពិបាកធ្វើ​ដំណើរ​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​រដូវភ្លៀង​ម្តង​ៗ ៕