ក្រុម​ជ្រុលនិយម IS ដាក់​គោលដៅ​វាយប្រហារ​លើ​ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី និង​នាយករដ្ឋមន្ត្រី ណា​ជីប​? និពន្ធដោយ : ទេព អ៊ីវិសាល       August-04-2016, 2:39 pm         916

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុម​ជ្រុលនិយម IS ដាក់​គោលដៅ​វាយប្រហារ​លើ​ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី និង​នាយករដ្ឋមន្ត្រី ណា​ជីប​?​មេដឹកនាំ​សមាគម​អាស៊ីអាគ្នេយ៍​ពីររូប គឺ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ និង​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាននិងកំពុង​តែ​រង​នូវ​ការគំរាមកំហែង​ពី​លិខិត​ដែល​អះអាងថា​ជា​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ លិខិត​នោះ បាន​គំរាមថា មេដឹកនាំ​ទាំងនេះ គឺជា​ទិសដៅ​សម្រាប់​ការវាយប្រហារ​របស់​ពួកគេ​។

​គឺ​លិខិត​រុំ​ដោយ​ក្រដាស​ពណ៌​ត្នោត​ដែលមាន​កម្រាស់​ពីរ​ទំព័រ​ភ្ជាប់​ជាមួយនឹង​រូបភាព​មេដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​របស់​អាស៊ាន​ដែល​ត្រូវបាន​អះអាងថា​ជា​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ត្រូវបាន​ផ្ញើ​ទៅកាន់​ស្នងការ​ប៉ូលិស​ខេត្ត Negri Sembilan នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​០១ ខែសីហា​កន្លងទៅ​។ លិខិត​នោះ បានដាក់​គោលដៅ​ទៅលើ​មេដឹកនាំ​មួយចំនួន​ដែល​ពួកគេ​គ្រោង​នឹង​វាយប្រហារ​នៅ​ថ្ងៃ​ណាមួយ​។​

​បើ​យោងតាម​សារព័ត៌មាន The Jakarta Post លិខិត​ដែល​អះអាងថា​ផ្ញើ​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី បាន​រៀបរាប់​ឈ្មោះ​មេដឹកនាំ​ដែលជា​ទិសដៅ​ដែល​ពួកគេ​គ្រោង​វាយប្រហារ​មានដូចជា លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) និង​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ផ្សេងទៀត ដូចជា ឧបនាយករដ្ឋមន្ត្រី Ahmad Zaid Hamidi អគ្គព្រះរាជអាជ្ញា Mohamed Apandi Ali និង​មេ​ប៉ូលិស​ម៉ាឡេស៊ី​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ Khalid Abu Bakar ជាដើម​។

​អ្វី​គួរកត់សម្គាល់​នោះ លិខិត​ដែល​បាន​បញ្ជាក់ថា​ពួកគេ មាន​សមាជិក​ភេរវជន​ប្រមាណ​៧០០​នាក់​នៅក្នុង​ខេត្ត Negri Sembilan​នោះ មិន​ត្រឹមតែ​ដាក់​គោលដៅ​លើ​មេដឹកនាំ​ជាន់ខ្ពស់​ម៉ាឡេស៊ី​ប៉ុណ្ណោះ​នោះទេ តែ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស និង​ជា​ទឹ​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ក៏​ស្ថិតនៅ​ក្នុងចំណោម​គោលដៅ​សម្រាប់​ការវាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​ទៀតផង​។

​ជុំវិញ​បញ្ហា​បញ្ហា​នេះ លោក Khalid Abu Bakar អគ្គស្នងការ​នគរបាល​ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០២ ខែសីហា កន្លង​ទៅបាន​បញ្ជាក់ថា​ប៉ូលិស​ខេត្ត Negri Sembilan បានទទួល​យ៉ាងហោចណាស់​បួន​លិខិត​គំរាមកំហែង​ស្រដៀងៗ​គ្នា​ដែល​អះអាងថា​ជា​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នៅ​រយៈពេល​ចុងក្រោយ​នេះ​។ លោក បន្ថែមថា ប៉ូលិស កំពុងតែ​ស៊ើបអង្កេត​ដើម្បី​កំណត់​មុខសញ្ញា និង​ប្រភពដើម​របស់​អ្នក​ផ្ញើ ដ្បិត​លិខិត​ទាំងនោះ សុទ្ធតែ​ត្រូវបាន​ផ្ញើ​តាមរយៈ​ប៉ុស្តិ៍​ប្រៃសនីយ៍​នោះ​។

​ដោយឡែក​សម្រាប់​សុវត្ថិភាព​មេដឹកនាំ de facto មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី​វិញ ក៏​ចាប់ផ្តើម​បង្កើន​ការ​រឹតបន្តឹង​ផងដែរ​។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Zaw Htay បាន​ថ្លែងប្រាប់​សារព័ត៌មាន The Irrwaddy នៅ​ថ្ងៃទី​០៣ ខែសីហា ម្សិលមិញ​ថា «​យើង មិនមាន​ការព្រួយបារម្ភ​ខ្លាំង​នោះទេ ក៏ប៉ុន្តែ​យើង​ក៏​មិនអាច​មើលស្រាល​វា​បានដែរ​។ យើង នឹងធ្វើ​ការយកចិត្ត​ដាក់​ខ្លាំង និង​បង្កើន​សន្តិសុខ​សុវត្ថិភាព​របស់លោក​ស្រី​ស៊ូ​ជី​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​»៕