ហេតុផលដែលបង្ហាញថា ការមានដៃគូស្នេហា ជាជនជាតិសាសន៍គេ ក៏ជារឿងល្អម៉្យាង

ទំនាក់ទំនងស្នេហា អាចប្រែក្លាយជាគួរឲ្យធុញទ្រាន់ ក្នុងរយៈពេលជាច្រើនខែ តែប្រសិនបើអ្នកមានសំណាងល្អនោះ អាចដល់ ១ ទៅ ២ ឆ្នាំក្រោយ ទើបចាប់ផ្តើមមាន អារម្មណ៍ធុញនឹងគ្នា។ ជាទូទៅ នៅពេលដែលអ្នក និងដៃគូចាប់ផ្តើមស្រលាញ់គ្នាដំបូង ពិភពលោកក្លាយជាពណ៌ផ្កាឈូក តែក្រោយមកអ្វីៗបែរជាគ្មានអ្វីអស្ចារ្យទាល់តែសោះ។ ហេតុនេះ ទើបការមានដៃគូ ជាជនជាតិគេ អាចឲ្យអ្នកទទួលបានអារម្មណ៍រំភើបជាងនេះ និងហាក់បីដូចជាដំណើរផ្សងព្រេងមួយយ៉ាងដូច្នោះដែរ។

ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលបង្ហាញថា បើអ្នកមានដៃគូស្នេហា ជាជនជាតិដទៃ ក៏ជារឿងល្អម្យ៉ាងដែរ ៖ 

១. ភាពរ៉ូមែនទិក

ប្រសិនបើអ្នក និងគូសង្សារ ជាមនុស្ស ដែលនៅក្នុងប្រទេសតែមួយ តិចនិចនៃភាពរ៉ូមែនទិក ក៏ដដែលៗតាមគ្នាដែរ។ ស្តាប់ទៅពិតជា គួរឲ្យធុញណាស់មែនទេ? របៀបដដែលៗទាំងនោះ ធ្វើឲ្យអ្នកតែងតែដឹងមុនថា ដៃគូរបស់អ្នក មានបំណងចង់ធ្វើអ្វីទៅហើយ។ ដូច្នេះ គ្មានអ្វីដែលជារឿងភ្ញាក់ផ្អើល សម្រាប់អ្នក តទៅទៀតទេ។ ហេតុនេះ ប្រសិនបើអ្នក មានគូស្នេហ៍ជា អ្នកមកពីប្រទេសផ្សេង អ្នកប្រាកដជាអាចទទួលបាននូវ បទពិសោធន៍រ៉ូមែនទិក បែបថ្មីមួយផ្សេង។ មិនថាគ្រាន់តែ ចេញទៅដើរលេង ឬគ្រាន់តែនិយាយគ្នាលេង ប៉ុណ្ណោះទេ អ្នកប្រាកដជាទទួលបានអារម្មណ៍ ដ៏រ៉ូមែនទិកជាង គូស្នេហ៍ដែលធម្មតាៗ ជាក់ជាមិនខាន។ ទោះបីជាពេលខ្លះមានបញ្ហាពីក្រុមគ្រួសារ ឬអ្នកទាំងពីរ នៅឆ្ងាយពីគ្នាក្តី ជឿទេថាបែបនេះ កាន់តែធ្វើឲ្យចិត្ត របស់អ្នកកាន់តែស្រលាញ់គ្នាទៅវិញទេ។

២. ស្វែងយល់បានច្រើនជាងមុន

នៅពេលអ្នកមានគូស្នេហ៍ជាមនុស្សដែលប្រើភាសាដូចគ្នា អ្នកប្រាកដជា មិនដែលមានបញ្ហា ទាក់ទង នឹងការនិយាយទំនាក់ទំនងគ្នាឡើយ។ ជាការពិតណាស់ ការរស់នៅ ក៏ដូចជាជួបជាមួយមនុស្ស នៅក្នុងទីក្រុងតែមួយ ប្រទេសតែមួយ ទាក់ទងគ្នាតាមតែភាសា ដែលចេះស្រាប់ វាជាភាពងាយស្រួល ប៉ុន្តែសាកគិតទៅមើលថា ប្រសិនបើអ្នកផ្លាស់ប្តូរចេញចូល ក្រៅប្រទេស អ្នកនឹងសង្កេតឃើញថា អ្នកនឹងអាចយល់ដឹងកាន់តែច្រើនពី ការអភិវឌ្ឍន៍ភាសា របស់អ្នក។ ជាងនេះទៅទៀត ការផ្លាស់ប្តូរកន្លែងរស់នៅ គឺជាគំនិតសុទិដ្ឋិនិយមមួយ ព្រោះអ្នកនឹងរៀនបានច្រើន ស្គាល់ខ្លួនឯង និងសមត្ថភាពរបស់ខ្លួន។ នៅពិភពលោកខាងក្រៅ អ្នកនឹងរៀនពីរបៀបចុះចំណោមគេ ក្នុងវប្បធម៌ណាមួយ ដែលអ្នកមិនទម្លាប់ និងអាចដឹងថាអ្នកអាចរៀនអ្វីថ្មីៗ បានរហ័សប៉ុណ្ណា ក្នុងបរិបទនោះ។

៣. ស្គាល់ពីវប្បធម៌ថ្មី

នៅពេលដែលអ្នកមានគូស្នេហ៍ជា ជនជាតិបរទេស អ្នកប្រាកដជាទទួលបានឱកាស ស្វែងយល់ពីវប្បធម៌ថ្មីមួយ ជាមិនខាន។ ដៃគូរបស់អ្នកអាច ចែករំលែក រឿងរ៉ាវផ្សេងៗ ដែលជាបទពិសោធន៍ ក៏ដូចជាប្រពៃណី និងវប្បធម៌របស់ប្រទេសដែលគេរស់នៅ មិនថាតិច ឬក៏ច្រើនទេ អ្នកប្រាកដជាដឹងនូវរឿងរ៉ាវ ដែលអ្នកអាចនឹងមិនធ្លាប់បានឮទៀតផង។ នេះដូចជាវិធីមួយដ៏ងាយស្រួល ដើម្បីយល់ច្បាស់ពីវប្បធម៌មួយ ដោយមិនចាំបាច់ឲ្យអ្នក ទៅពិបាកអានសៀវភៅស្រាវជ្រាវឡើយ។ ពេលខ្លះវប្បធម៌ទាំងនោះ ខុសពីទម្លាប់របស់អ្នក តែអ្នកនឹងអាចសម្របតាម និងគោរពហេតុផលរបស់ដៃគូទៅវិញទៅមកផងដែរ។ ជួនកាល គូស្នេហ៍របស់អ្នក អាចនឹងទម្លាយអាថ៌កំបាំងរបស់ខ្លួន និងនិយាយពីទីកន្លែងដែលគេធំធាត់ឡើង ក៏ដូចជាកុមារភាពឲ្យអ្នកស្តាប់ទៀតផង។ 

៤. ស្គាល់ពីវប្បធម៌ខ្លួនឯងកាន់តែច្បាស់

នៅពេលដែលអ្នក មានដៃគូជា ជនជាតិបរទេស ពួកគេប្រាកដជាចង់រៀនពី វប្បធម៌របស់ប្រទេសយើង វិញជាក់ជាមិនខាន។ ហេតុនេះ អ្នកត្រូវចេះចែករំលែកវប្បធម៌ក្នុងប្រទេសរបស់អ្នក ទៅកាន់គូស្នេហ៍វិញដូចគ្នា។ ពេលខ្លះ អ្នកអាចនឹងមិនធ្លាប់បានដឹងរឿងរ៉ាវវប្បធម៌របស់ប្រទេស បានអស់ផង។ តែជឿទេថា អ្នកនឹងក្លាយជាអ្នកដែលពូកែស្វែងយល់វប្បធម៌របស់ប្រទេស ដោយមិនដឹងខ្លួន ព្រោះអ្នកនឹងព្យាយាម ខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យដៃគូស្នេហា របស់អ្នកអាចយល់កាន់តែច្បាស់ពីប្រទេសកំណើតអ្នក។

៥. ចេះទទួលយកភាពខុសគ្នា

នៅពេលដែលអ្នកមាន គូស្នេហ៍ជាជនជាតិ ក្រៅប្រទេស អ្នកនឹងដឹងដោយខ្លួនឯងថា អ្នកទាំងពីរមានគំនិត មិនសូវដូចគ្នាទាល់តែសោះ សឹងតែខុសគ្នាទាំងស្រុងក៏មាន។ ហេតុនេះ ប្រសិនបើអ្នកពិតជា ស្រលាញ់គ្នាហើយ អ្នកនិងដៃគូ ត្រូវតែចេះសម្រប ក៏ដូចជាទទួលយកភាពខុសគ្នា ទៅវិញទៅមក។ អ្នកត្រូវចេះ ទទួលស្គាល់ថា “មនុស្សម្នាក់ៗមិនអាចចេះតែមានការគិតដូចគ្នានោះទេ” បែបនេះទើបអាចឲ្យទំនាក់ទំនងស្នេហា របស់អ្នកមានកាន់តែមានភាពងាយស្រួល ស្មោះត្រង់ និងមានសន្តិវិធីផងដែរ។

៦. បទពិសោធន៍ឈ្លោះគ្នា

នៅពេលដែល អ្នកមានជម្លោះ ជាមួយគូស្នេហ៍ អ្នកត្រូវគិតឲ្យបានច្បាស់ មុនពេលដែលអ្នកនិយាយភាសាផ្សេងគ្នាចេញទៅនោះ។ ជាធម្មតា ទោះបីជាអ្នកឈ្លោះគ្នា ក្តៅក្រហាយប៉ុណ្ណាក៏ដោយ មិនត្រូវនិយាយពាក្យឬក៏ឃ្លាណាដែល ដៃគូរបស់អ្នកស្តាប់មិនយល់ទេ។ អ្នកមិនអាចទាយទុកមុនថា នឹងមានអ្វីកើតឡើងឡើយ។ ហេតុនេះ អ្នកទាំងពីរត្រូវ តែនិយាយភាសា ដែលអាចយល់គ្នាបាន ទើបអាចកសាងទំនាក់ទំនងស្នេហា បានកាន់តែជ្រាលជ្រៅ។

សន្និដ្ឋាន ៖

ការមានដៃគូស្នេហា គឺជារឿងល្អ តែក្នុងករណី អ្នកអាចស្វែងរកមនុស្សដែលត្រឹមត្រូវ សម្រាប់អ្នកប៉ុណ្ណោះ។ ភាគច្រើន អ្នកមិនអាចស្វែងរក នរណាម្នាក់ ត្រូវចិត្តទាល់តែសោះ ក្នុងប្រទេសជាមួយគ្នានោះ។ នេះមិនមែនមានន័យថា ឲ្យអ្នកបែកពីសង្សាររបស់អ្នក ទៅរកបុរសផ្សេង ដែលនៅក្រៅប្រទេសនោះទេ។ អត្ថបទនេះ គ្រាន់តែចង់បញ្ជាក់ពី ហេតុផល និងបទពិសោធន៍ ពីការមានគូស្នេហ៍ ជាជនជាតិគេប៉ុណ្ណោះ។ អ្វីៗស្ថិតនៅលើចិត្តរបស់អ្នកទេតើ! 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុផលដែលបង្ហាញថា ការមានដៃគូស្នេហា ជាជនជាតិសាសន៍គេ ក៏ជារឿងល្អម៉្យាង

ហេតុផលដែលបង្ហាញថា ការមានដៃគូស្នេហា ជាជនជាតិសាសន៍គេ ក៏ជារឿងល្អម៉្យាង