​បំបៅ​ដោះ​កូន​កាន់តែ​យូរ កូន​មាន IQ កាន់តែ​ខ្ពស់​

​បំបៅ​ដោះ​កូន​កាន់តែ​យូរ កូន​មាន IQ កាន់តែ​ខ្ពស់​

​ការសិក្សា​ថ្មី​មួយ នៅ​ឯ​មន្ទីរពេទ្យ Brigham and Women’s Hospital ដែល​បាន​តាមដាន​ទៅលើ ទារក​កើត​មិន​គ្រប់​ខែ​ចំនួន ១៨០ នាក់ តាំង​ពី​កើត​រហូតដល់​អាយុ ៧ ឆ្នាំ នោះ បាន​រកឃើញថា ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ច្រើន ក្នុង​រយៈពេល ២៨ ថ្ងៃ​ដំបូង​នៃ​ជីវិត គឺ​មាន​កំហាប់​ខួរក្បាល​ធំ​ជាង និង​មាន​កម្រិត IQ ខ្ពស់ជាង ហើយ​បើ​រៀន​នៅ​សាលា​វិញ គឺ​មាន​ការចងចាំ​ល្អ និង​មុខងារ​ដៃជើង កាន់តែ​ល្អ​ជាង​ក្មេង​ដទៃ​។

​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ ទារក​ទើបនឹង​កើត​មិន​គ្រប់​ខែ ជាពិសេស មុន​គភ៌​អាយុ ៣០ សប្តាហ៍​ចាប់ពី​ឆ្នាំ ២០០១ ដល់ ២០០៣ ក្នុង​កម្មវិធី​សិក្សា​ស្រាវជ្រាវ Victorian Infant Brain Studies​។ ពួកគេ​បាន​រកឃើញថា ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​បាន​ច្រើន​ថ្ងៃ ក្នុងពេល​ពួកគេ​សម្រាល​ក្នុង​មន្ទីរពេទ្យ ផ្នែក​សង្គ្រោះបន្ទាន់​លើ​ទារក​ទើបនឹង​កើត ឃើញថា មាន​ចំនួន​ផ្នែក​កំហាប់​ខួរក្បាល​ពណ៌​ប្រភេះ (Gray Matter) ជ្រៅៗ​ច្រើនជាងគេ​។

ផ្នែក​ខួរក្បាល​មួយ​នេះ គឺជា​កន្លែង​ដ៏​សំខាន់​មួយ ក្នុង​ការបំពេញ​មុខងា​រ និង​ចម្លង​សរសៃប្រសាទ ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ខួរក្បាល​។ ដល់​ពេល​ពួកគេ​អាយុ​បាន ៧ ឆ្នាំ រកឃើញ​ទៀតថា ពួកគេ​អាច​ទទួលបាន​ពិន្ទុ IQ គណិតវិទ្យា សមត្ថភាព​នៃ​ការចងចាំ និង​ការធ្វើ​តេស្ត​ទៅលើ​មុខងារ​ដៃជើង ឃើញថា​មាន​ភាព​ល្អ​ជាងគេ​តែម្តង​។

​សរុបសេចក្តី​មក ការ​បំបៅ​ដោះកូន​បាន​កាន់តែ​ច្រើន កាន់តែ​ទទួលបាន​លទ្ធផល​ល្អ ចំពោះ​សមត្ថភាព ក៏​ដូចជា​សុខភាព​ខួរក្បាល​របស់​កូន ជាពិសេស កំហាប់​ខួរក្បាល​ធំជាងគេ និង​មាន​ភាព​ឆ្លាត​វៃ កាន់តែ​អស្ចារ្យ នៅពេល​អាយុ​បាន ៧ ឆ្នាំ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។