អាសូរ! ដំណាំកៅស៊ូ​ធ្លាក់​ថ្លៃ ​និង​អ្នកទិញ​មាន​​តែ​​ម្នាក់

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​ប្រជា​កសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​ប៉ៃលិន កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ទាក់ទង​នឹង​បញ្ហា​ដំណាំ​កសិកម្ម ដោយសារ​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ស្ទើរតែ​គ្រប់មុខ​ទាំងអស់ ដូច​ជា​ពោត សណ្តែក ដំឡូង​មី តា​ង៉ែ​ន និង​ដំណាំ​កសិក​ឧស្សាហកម្ម (​កៅស៊ូ​) ជាដើម ។

ដោយសារ​មូលហេតុ​បែប​នេះ បណ្តាល​ឱ្យ​អ្នកខ្លះ​ជំពាក់​បំណុល​អង្គការ និង​ធនាគារ រហូត​ដល់​លក់​ដីធ្លី​ផ្ទះសម្បែង ស្រែ​ចម្ការ សង​ការ​ជំពាក់​គេ​ស្ទើរ​អស់រលីង រួច​អ្នកខ្លះ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។

ជាក់ស្តែង កសិករ​ម្នាក់​ឈ្មោះលី អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ដាំ​កៅស៊ូ​ចំនួន​ជាង​២​ម៉ឺន​ដើម និង​កសិករ​ម្នាក់​ទៀត​ឈ្មោះតាម​រឹម អាយុ​ជាង​៥០​ឆ្នាំ​ដែរ បាន​ដាំ​កៅស៊ូ​ជាង​២​ពាន់​ដើម អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បើ​តាម​លោកលី និយាយ​ថា គាត់​បាន​ទិញ​កូន​កៅស៊ូ​ជាង​ពីរ​ម៉ឺន​ដើម​មក​ពី​ប្រទេស​ថៃ ក្នុង​១​ដើម​ថ្លៃ​១​ដុល្លារ ។ កាលពី​មិន​ទាន់​ដាំ គាត់​សង្កេត​ឃើញ​ហាងឆេង​ជ័រកៅស៊ូ​ឡើងថ្លៃ ដោយ​ក្នុង​១​តោន​គេ​លក់​បាន​ចាប់ពី​៣.៥០០ ទៅ​៤.០០០​ដុល្លារ រហូត​ដល់​ពេល​គាត់​ទើបនឹង​ចាប់ផ្តើម​ដាំ តម្លៃ​ក៏​កាន់តែ​ឡើង​ក្រឺត​ៗ​ដែរ ពោល​គឺ​ចាប់ពី​៥.៨០០​ទៅ​៥.៩០០​ដុល្លារ ។

គាត់​បន្ត​ថា ប៉ុន្តែ​ជា​អកុសល​ជាង​១០​ឆ្នាំ រហូត​មក​ដល់​ពេល​ទទួលផល ស្រាប់តែ​ដំណាំ​មួយ​នេះ​ បាន​ធ្លាក់​ថ្លៃ​ទៅ​វិញ ដោយ​ជ័រ​កៅស៊ូ​ក្នុង​មួយ​តោន​លក់​​បាន​ត្រឹមតែ​៨០០​ ទៅ​៩០០​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​ក្នុង​១​គីឡូក្រាម​បាន​ត្រឹមតែ​១.៨០០​ទៅ​១.៩០០​រៀល ។ ដោយសារ​តែ​បែប​នេះ​​ហើយ ទើប​ធ្វើ​ឱ្យ​កសិករ​ខ្លះ​ដាច់​ចិត្ត​កាប់​ដើម​កៅស៊ូ​ចោល​អស់​រាប់រយ​ដើម ដើម្បី​យក​ដី​ដាំពោត ឬ​ដំឡូង​មី​វិញ ។

ចំណែក​រូប​គាត់​មិន​កាប់​ដើម​កៅស៊ូ​ទាំងនោះ​ចោល​ទេ ដោយ​រំពឹង​ថា ​នៅ​ពេល​ណាមួយ​អាច​នឹង​ឡើងថ្លៃ​ជា​មិន​ខាន​ឡើយ បើ​គាត់​មាន​ដី​ផ្សេង​សុខចិត្ត​ដាំពោត ឬ​ដំឡូង​មី​វិញ ។ ម្យ៉ាងវិញទៀត មាន​ឈ្មួញ​ជនជាតិ​ថៃ​ចូល​មក​ទិញ​ជ័រកៅស៊ូ​តែ​ម្នាក់​ប៉ុណ្ណោះ ដូច្នេះ​បើ​គេ​ចង់​ក្រឡុក​យ៉ាងម៉េច​ឬ​បញ្ចុះតម្លៃ​យ៉ាងម៉េច ក៏​ស្រេច​តែ​នឹង​ចិត្ត រីឯ​អ្នក​ដាំ​មាន​គ្នា​ច្រើន​លើស​ពី​តម្រូវការ ទើប​ធ្វើ​ឱ្យ​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ។

លោកលី បាន​សំណូមពរ​ឱ្យ​ស្ថាប័ន​ជំនាញ នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មេត្តា​បន្ធូរបន្ថយ​ចំពោះ​ការ​នាំ​ចេញ​ពោត សណ្តែក ដំឡូង​មី ឬ​ជ័រកៅស៊ូ​ផង ព្រោះ​បើ​ខាង​ច្រក​ទ្វារ​រឹត​បន្តឹង​ឈ្មួញ នោះ​ខាង​ឈ្មួញ​ក៏​បន្ថោក​ថ្លៃ​សិ​ផល​របស់​កសិករ​យើង​ដែរ ៕