សម្រេចជួល​ឱ្យ​វៀតណាមចុះ ព្រោះគេ​ជំនាញជាង​​

ខេត្តស្វាយរៀង ​៖ ​ប្រជា​កសិក​រស់នៅ​ភូមិ​ភ្លោះ និង​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស​ស្រុក​ស្វាយ​ជ្រំ​ ដែល​មាន​ដីស្រែ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​មួយ​ចំនួន​ បាន​ជួល​ដីស្រែឱ្យ​​ទៅ​ប្រជាជន​វៀតណាម​ធ្វើស្រែ​ក្នុង​មួយ​ហិ​កតា​តម្លៃ​១​លាន​ដុ​ង​ ​ស្មើ​៥០០​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ ដោយ​គិត​ទៅ​ចំណេញ​ជាង​ធ្វើស្រែ​ខ្លួនឯង ​ដែល​គ្មាន​ជំនាញ​បច្ចេកទេស​ ។

​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​នៅ​ថ្ងៃ​ទី​៤​ សីហា​ ២០១៦ ​​កសិករ​​ម្នាក់​​ឈ្មោះ​អ៊ិ​ន​ សុទ្ធា ​​អាយុ​៦០​ឆ្នាំ មានទីលំ​នៅ​ភូមិ​ក្រសាំង​ជ្រំ ​ឃុំ​
គ្រួ​ស​ ស្រុក​ស្វាយ​ជ្រំ ​បាន​ឱ្យ​​ដឹង​ថា​ ប្រជា​កសិករ​នៅ​ភូមិ​ភ្លោះ ដែល​មាន​ដីស្រែ​នៅ​ជិត​បន្ទាត់​ព្រំដែន​ភាគច្រើន​ជួល​ដី​ឱ្យ​​ប្រជាជន​វៀត​ណាម​ធ្វើស្រែ ដោយ​វៀតណាម​ហ៊ាន​ឱ្យ​​ឈ្នួល​ក្នុង​មួយ​ហិ​កតា​​តម្លៃ​១០​លាន​ដុ​ង ​ស្មើ​៥០០​ដុល្លាររ​​ក្នុ​ងមួ​​យ​ឆ្នាំ ។​

វៀតណាម​អាច​ធ្វើស្រែ​បាន​៣​ដង​​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រជាជន​វៀតណាម​គេ​មាន​បច្ចេកទេស​ក្នុង​ការ​ធ្វើស្រែ​ និង​មាន​ដើមទុន​គ្រប់​គ្រាន់​មាន​ជី មាន​ថ្នាំ​ និង​មានទឹក​បូម​ដាក់​ស្រែ​​នៅ​រដូវប្រាំង ។ រីឯ​ប្រជា​កសិករ​ខ្មែរ​​យើង ​ដែល​ជា​ម្ចាស់​ដីស្រែ​​សម្រេចចិត្ត​ជួល​ដី​ឱ្យ​​វៀតណាម ​គឺទី១​-​គ្មាន​ដើមទុន ​ទី​២​-គ្មាន​ជំនាញ​បច្ចេកទេស ទី​៣-គ្មាន​ប្រភព​ទឹក​​បូម​ដាក់​ស្រែ ​(​ព្រែក​នៅ​ខាង​ប្រទេស​វៀត​ណាម​)​ ទី​៤-​គ្មាន​កម្លាំង​ពលកម្ម ​ដោយ​កូន​ៗ​ពួក​គាត់​ធ្វើ​ចំណាកស្រុក​ ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ​អស់​នៅ​​តែ​មនុស្ស​ចាស់​មើល​ចៅ​ ។

ប្រភព​ដ​ដែល​បន្ត​ទៀត​ថា វៀតណាម​ធ្វើស្រែ​ក្នុង​មួយ​ហិ​កតា​បាន​ទិន្នផល​៧​តោន ​ទៅ​៨​តោន​ក្នុង​មួយ​ហិ​កតា បើ​ខ្មែរ​យើង​ធ្វើ​បាន​ទិន្ន​ផល​ត្រឹមតែ៤​តោន ​ទៅ​៥​តោន​ ក្នុង​មួយ​ហិ​កតា ហើយ​ការ​ចំណាយ​ក្នុង​មួយ​ហិ​កតា​អស់ប្រាក់​១០​លាន​ដុ​ង ​ស្មើ​៥០០​ដុល្លារ​ក្នុង​មួយ​រដូវ ​(​រយៈពេល​៨០​ថ្ងៃ​ស្រូវ​អ៊ី​អ៊ែ​រk54) ​ដូច្នេះ​អត់​ចំណេញ​ ។ ​ហើយ​ពេល​ប្រមូល​ផល​ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​ក្នុង​១​គីឡូ​ក្រាម​តម្លៃ​៤៥០០​ដុ​ង ​ស្មើ​៦០០​រៀល​ក្នុង​១គីឡូក្រាម ​បើ​ក្នុង​រដូវប្រាំង​ឆ្នាំ​ណា​​រាំង​ស្ងួត​ខ្លាំង​គ្មាន​ប្រភព​ទឹក​បូម​ដាក់​ស្រែ ​គឺ​ខាត​ចូល​ដើម ​។

លោក​​អ៊ិ​ន ​សុទ្ធា បន្ត​ទៀត​ថា ប្រជា​កសិករ​ភូមិ​ក្រសាំង​ជ្រំ​ចង់​ជួល​ដី​ឲ្យ​វៀតណាម​ដែរ ក៏​ប៉ុន្តែ​វៀតណាម​ គេ​មិន​ជួល​ទេ​ ដោយ​ដី​ស្រែ​ភូមិ​ក្រសាំង​ជ្រំ​ភាគច្រើន​​ឆ្ងាយ​ពី​ប្រភព​ទឹក ។ ដូច្នេះ ​ប្រជាពលរដ្ឋ​សុខចិត្ត​ធ្វើ​ខ្លួនឯង​ ហើយ​ជួល​អ្នកបច្ចេកទេស​វៀតណាម​ឲ្យ​មក​ជួយ ជា​ពិសេស​ពេល​ស្រូវ​មាន​បញ្ហា​ត្រូវ​ប្រើ​ថ្នាំ ឬ​ត្រូវការ​សង្គ្រោះ​ស្រូវ គឺ​ជួល​ទាំង​ជំនាញ យក​ជី​យក​ថ្នាំ​ពី​វៀតណាម​។

ប្រភព​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​វៀតណាម​ធ្វើស្រែ គឺ​ប្រើប្រាស់ជីគីមី និង​ថ្នាំ​គីមីកសិកម្មបាញ់ថ្នាំ​៣​ដង ​គឺ​ពេល​ស្រូវ​ធ្វើ​ដើម​(​ចេញ​ផ្កា​)​ពេល​ស្រូវ​ដាក់​គ្រាប់​និង​បាញ់ថ្នាំ​ឲ្យ​ឆាប់​ទុំ នេះ​ប្រសិនបើ​យក​មក​បរិភោគ គឺបណ្តាល​ឲ្យ​បះ​ពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​។ ចំណែក​ប្រជា​កសិករ​ភូមិ​ចុង​ទួល​ឃុំ​ចំបក់​រីករាយ​ពេល​ទទួល​ទិន្នផល​ស្រូវ​ខែសីហា​នេះ​ មាន​ទិន្នផល​ខ្ពស់​ក្នុង​មួយ​ហិ​កតា​បាន​៧​តោន លក់​ឲ្យ​វៀតណាម​បាន​ក្នុង​១kg​ តម្លៃ​៧៥០​រៀល​ ដោយ​ស្រូវ​គាត់​ប្រើ​ជីធម្មជាតិ ​៕