បាក់​ដី​បង្កើត​រណ្តៅ​ធំ​មួយ​ប្រវែង​30​ម៉ែត្រ​លើ​វិ​ថី​មួយ​នៅ​ចិន

បណ្តាសារ​ព័ត៌មាន​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ សីហា ថា រណ្តៅ​ដ៏​ធំ​ហើយ​ជ្រៅ​មួយ ស្រាប់តែ​កើតឡើង​ភ្លាម​ៗ​តាម​ដក​វិ​ថី​នៃ​ទីក្រុង​មួយ​នៅ​ភាគ​កណ្តាល​ចិន ។ អ្នក​ដើរ​ជា​ច្រើន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​នេះ រួច​មនុស្ស​ម្នាក់​នៅ​តែ​បាត់​ខ្លួន ។

កាសែត​យុវជន​ក្រុង​ប៉េ​កាំ​ង​រៀបរាប់​ថា តាម​ដង​វិ​ថី​មួយ​នា​ភាគ​កណ្តាល​ក្រុង ZHENZHOU ទីប្រជុំជន​ខេត្ត​ហ៊ឺ​ណា​ន់ ថ្នល់​ស្រាប់តែ​បាក់​ស្រុត​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​១ សីហា ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្កើត​ជា​រណ្តៅ​ធំ​មួយ​មាន​បណ្តោយ​ដល់​ទៅ​៣០​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ ព្រមទាំង​ជម្រៅ​៩​ម៉ែត្រ ។ មនុស្ស​យ៉ាងតិច​៣​នាក់​ធ្លាក់​ចូល​ក្នុង​រណ្តៅ​នេះ​ពេល​ដី​បាក់​ក្រោម​ជើង​របស់​ពួក​គេ ។ បុរស​ម្នាក់ និង​នារី​ម្នាក់ ត្រូវ​ជួយ​សង្គ្រោះ​នាំ​មក​លើ​វិញ ក៏​ប៉ុន្តែ​នារី​ម្នាក់​ដែល​ជិះ​កង់​អគ្គិសនី​មួយ​ត្រូវ​ទឹក​ក្រោម​ដី​ហូត​នាំ​យក​ទៅ​បាត់ រួច​មក​ទល់​ថ្ងៃ​ទី​៣ សីហា នៅ​តែ​បាត់​ខ្លួន ។ សាលាក្រុង ZHENGZHOU ថ្លែង​ថា គេ​ពុំ​ទាន់​អាច​កំណត់​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ឱ្យ​ពិតប្រាកដ​ធ្លាក់​ក្នុង​រណ្តៅ​នេះ ដែល​បាក់​រហូត​ដល់​ជើង​អគារ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ឡើយ ៕