រថក្រោះ​រុ​ស្ស៊ី ARMATA ទល់​នឹង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​អា​មេ​រិ​ក TOW-2A និង TOW-2B

ដោយសារ​លក្ខណៈ​បច្ចេកទេស​នានា​នៃ​ប្រព័ន្ធ​ការពារ​របស់​រថក្រោះ​រុ​ស្ស៊ី​ធុន ARMATA វា​មាន​លទ្ធភាព​តិច​ណាស់ ដែល​បណ្តា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​អា​មេ​រិ​ក​អាច​កម្ទេច​រថក្រោះ​ធុន​នេះ ។

ទស្សនាវដ្តី​អា​មេ​រិ​ក THE NATIONAL INTEREST បាន​ធ្វើ​ត្រាប់​ពី​សេណា​រី​យ៉ូ​នៃ​ការ​វាយប្រហារ​របស់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ធុន​ធ្ងន់​អា​េ​ម​រិ​ក BGM-71 TOW ប្រឆាំង​រថក្រោះ​រុ​ស្ស៊ី​ជំនាន់​ចុង​ក្រោយ​ធុន T-14 ARMATA ដើម្បី​ចង់​ដឹង​ថា តើ​រថក្រោះ​ធុន​នេះ​អាច​ទប់ទល់​បាន​បែប​ណា ។

មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទំនើប​២​ប្រភេទ​របស់​អា​មេ​រិ​ក​ធុន TOW-2A និង TOW-2B ត្រូវ​បាន​ផលិត​កាលពី​ទស​វត្ស​ឆ្នាំ​១៩៨០ ។ TOW-2A មាន​ក្បាល​គ្រាប់​មួយ​ភ្ជាប់​ដោយ​រំសេវ​ផ្ទុះ​២ គឺ​រំសេវ​ផ្ទុះ​សំខាន់​មួយ​និង​រំសេវ​ផ្ទុះ​ជំនួយ ។ ពេល​គ្រាប់​មី​ស៊ី​ល​នេះ​បាញ់​ចំ​គោលដៅ រំសេវ​ផ្ទុះ​ជំនួយ​ផ្ទុះ​មុន​ញ៉ាំង​ឱ្យ​មាន​កិច្ច​ដំណើរការ​របស់​ឧបករណ៍​ការពារ​រថក្រោះ ។ បន្ទាប់​មក​រំសេវ​ផ្ទុះ​សំខាន់​ទម្លុះ​ពាស​ដែក​របស់​រថក្រោះ ។ មី​ស៊ី​ល TOW-2A អាច​បាញ់​បាន​ចម្ងាយ​៣.៧៥០​ម៉ែត្រ រត់​ក្នុង​ល្បឿន​១៨០​ម៉ែត្រ​ក្នុង​១​វិនាទី ។

ចំណែក​មី​ស៊ី​ល TOW-2B វាយប្រហារ​រថក្រោះ​ពីលើ​ដែល​មាន​ពាស​ដែក​ស្តើង ។ រំសេវ​ផ្ទុះ​របស់​គ្រាប់​មី​ស៊ី​ល TOW-2B មាន​គ្រឿងផ្ទុះ​២​ផ្នែក​រួច​ពេល​បាញ់​ត្រូវ​ផ្ទុះ​បន្តបន្ទាប់​គ្នា ។ មី​ស៊ី​ល​ទាំង​២​ប្រភេទ​នេះ​សុទ្ធតែ​ទូរបញ្ជា ។

ចំពោះ​រថក្រោះ​ធុន ARMATA វិញ​បំពាក់​ដោយ​ឧបករណ៍​ការពារ​សកម្ម​ទំនើប​ចុង​ក្រោយ AFGHANIT ដែល​អាច​កម្ទេច​បណ្តា​គោលដៅ ឬ​ធ្វើ​ឱ្យ​គោលដៅ​វាយប្រហារ​លែង​ប្រើ​ការ​កើត ។ រ៉ា​ដា វិទ្យុ​- អុ​ប​ទិ​ក​របស់ AFGHANIT មាន​ឧបករណ៍​សកម្ម​៤ ដែល​ផ្តល់​សញ្ញា​អាសន្ន​ពេល​គ្រាប់​មី​ស៊ី​លម​ក​ដល់​ជិត ។ ប្រព័ន្ធ​រំខាន វិទ្យុ​-​អេ​ឡិច​ត្រូ​និក កែប្រែ​ទិស​ដៅ​របស់​គ្រាប់​មី​ស៊ី​ល ហើយ​បង្កើត​ជា​អេ​ក្រង់​ផ្សែង ។ ម្យ៉ាងវិញទៀត រថក្រោះ​រុ​ស្ស៊ី​នោះ​មាន​ប្រព័ន្ធ​ការពារ​ឌី​ណា​មិ​ក MALAKHIT ដែល​អាច​កម្ទេច​បណ្តា​មី​ស៊ី​ល​មាន​រំសេវ​ផ្ទុះ ។

ទស្សនាវដ្តី​នេះ​ធ្វើការ​សន្និដ្ឋាន​ថា ដោយសារ​លក្ខណៈ​បច្ចេកទេស​ពិសេស​ៗ​នៃ​ប្រព័ន្ធ​ពហុ​ការពារ​របស់ ARMATA វា​មាន​លទ្ធភាព​តិច​ណាស់​ដែល​បណ្តា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​អា​មេ​រិ​ក​អាច​ធ្វើ​ឱ្យ​រថក្រោះ​រុ​ស្ស៊ី​ធុន​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ៕