ក្រសួង​អប់រំ រឹត​បន្តឹង​ទាំង​បេក្ខជន​ប្រលង និង​បុគ្គលិក​អប់រំ ក្នុង​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឆ្នាំ​២០១៦

នៅរសៀលថ្ងៃទី៣ សីហា នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ សន្និសីទសារព័ត៌មានមួយ បកស្រាយចម្ងល់ទាំងឡាយ ទាក់ទងនឹង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ២២ សីហា ២០១៦ ខាងមុខ។ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ឆ្នាំ២០១៦នេះ ក្រសួងអប់រំ នឹងរឹតបន្តឹងទាំងបេក្ខជនប្រលង និងបុគ្គលិកអប់រំ ដើម្បីរៀបចំការប្រលងអោយបានម៉ឺងម៉ាត់ជាងឆ្នាំមុន។ ម៉ឺងម៉ាត់ ព្រោះមិនចង់អោយជម្ងឺចាស់លាប់ឡើងវិញ ហើយសង្ឃឹមថា សិស្សប្រឹងប្រែងរៀនសូត្រ នឹងទទួលបានលទ្ធផលល្អប្រសើរ។

មានទាំងដំណឹងល្អ និងដំណឹងអាក្រក់ សម្រាប់សិស្សដែលត្រៀមខ្លួន ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២២ សីហា ខាងមុខ។ ដំណឹងល្អ គឺ ក្រសួងនៅបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្ត ដល់ សិស្សដែលប្រលងជាប់ បាក់ឌុប ទទួលបាន និទ្ទេស អេ បី ឬស៊ី អាចជាប់ដោយស្វ័យប្រវត្តិ ជាធ្វើគ្រូកម្រិតពី បឋមសិក្សា ដល់អនុវិទ្យាល័យ ដូចរៀងរាល់ឆ្នាំ។ មួយវិញទៀត ក្នុងន័យថា អ្នកចេះ គឺ ជាប់ ! ក្រសួងអប់រំ បានរៀបចំ ស្តង់ដានៃវិញ្ញាសារប្រលង ស្របតាមសៀវភៅសិក្សា ឬកម្មវិធីដែលបង្រៀន។ ប្រសិនបើ វិញ្ញាសារណាមួយមានកំហុស នោះសិស្ស នឹងទទួលបានពិន្ទុពេញ។ ក្រសួងអប់រំ ក៏បាន ខិតខំសង្ខេបមេរៀន និងលំហាត់ផ្សេងៗ សម្រាប់ចែកផ្សាយជាសាធារណៈ ដើម្បីអោយសិស្សសិក្សា ត្រៀមប្រលងផងដែរ។

ដំណឹងអាក្រក់ គឺ មិនមានការប្រឡងលើកទីពីរទេ បន្ទាប់ពី ប្រកាសលទ្ធផលផ្លូវការ។ សិស្សយកគ្រឿងអេឡិចត្រូនិចចូលថ្នាក់ នឹងធ្លាក់ស្វ័យប្រវត្តិ អ្នកប្រលងជំនួសគេ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ អ្នកប្រលងជំនួសគេ នឹងមានទោស តាមក្រមព្រហ្មទណ្ឌ។ ម៉្យាងទៀត ក្រសួង ក៏មិនបានបើកទូលាយអោយប្តឹង រយះពេល ៣០ថ្ងៃ ក្រោយប្រកាសលទ្ធផលដូចឆ្នាំមុនទេ។ តែសិស្សមានសិទ្ធិប្តឹងបាន តែក្រសួងចង់អោយសិស្ស ខំប្រឹងរៀន ហើយក្រសួង យកពេលវេលានេះ ងាកមកពង្រឹងប្រព័ន្ធកំណែអោយប្រសើរជាងមុន។ ក្រសួង នៅបន្ត លើកទឹកចិត្តដល់ សិស្សដែលប្រលងធ្លាក់ អោយរៀន និងប្រលងឡើងវិញ ឬអាចរើសជំនាញ រៀនតាមទេពកោសល្យរបស់ខ្លួន ដោយ ក្រសួង នឹងរៀបចំ វគ្គប្រឹក្សាពីអាជីពការងារ ដែលណែនាំ អោយសិស្ស រៀនវិជ្ជាជីវះ ឬជំនាញផ្សេងៗចំទិសដៅ និងទីផ្សារការងារ។

ក្រសួងអប់រំ យុវជន និងកីឡា មិនមែនរឹងបន្តឹង ត្រឹមតែបេក្ខជនប្រលងប៉ុណ្ណោះទេ បុគ្គលិកអប់រំ ក៏ត្រូវបាន កម្រិតវិន័យក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះដែរ។ ក្រសួង ដាក់ចេញនូវ កម្រិតវិន័យ សម្រាប់បុគ្គលិកអប់រំ ពិសេស ការប្រព្រឹត្តិមិនត្រឹមត្រូវក្នុងពេលប្រឡង រួមមាន បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រលង អនុញ្ញាតអោយបេក្ខជនចម្លងកិច្ចការគ្នា ធ្វើអោយរំខានដល់បេក្ខជនក្នុងពេលប្រលង បញ្ជូន ឬបង្ហោះអត្រាកំណែកិច្ចការបេក្ខជន ឯកសារផ្សេងៗទៀត តាមបណ្តាញសង្គមនានា ក្នុងពេលដំណើរការប្រឡង ជាដើម ដែលអាចប្រឈមនឹងទណ្ឌកម្ម។ ទណ្ឌកម្មខាងវិន័យមានពីរថ្នាក់ រាប់ចាប់ពី ស្តីបន្ទោស លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ ដាក់អោយនៅទំនេរគ្មានបៀរវត្ស តិចជាងមួយឆ្នាំ ដាក់អោយចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ។ល។

តាមការបញ្ជាក់ពី លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម័យប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦នេះ មាន ១៥៥មណ្ឌលប្រលង កើន ៧មណ្ឌល ច្រើនជាងឆ្នាំមុន និងមាន បេក្ខជនប្រលងប្រមាណ ៩៣.៨០០នាក់ ក្នុងនោះ ២៥% (ឬប្រមាណ ២៥០០០នាក់) ជាសិស្សធ្លាក់ ហើយអនុញ្ញាតអោយប្រលងឡើងវិញ។បុគ្គលិកអប់រំ ក្នុងដំណាក់កាលសំណេរ មានសរុបប្រមាណ ជិត១៣០០០ នាក់ ហើយដំណាក់កាលកំណែ មាន ១១៥០០ នាក់។ ក្រសួងគ្រោងចំណាយថវិកាប្រមាណ ១៤០០០ លានរៀល (ឬ ៤លានដុល្លារ អាមេរិក) សម្រាប់រៀបចំប្រលាងឆ្នាំ២០១៦នេះ។ ក្នុងមណ្ឌលមួយៗ នឹងមានអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុករលួយ ចន្លោះពី ១០ ទៅ ២០នាក់ ក្នុងមួយមណ្ឌល អាស្រ័យតាម មណ្ឌលតូច ឬធំ៕

ប្រភព៖ RFI


Related Posts