អស់ទាស់​ ! ស្រីវៀតណាមម្នាក់នេះ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ និង​មានការ​សម្របសម្រួល​ពីលោក សៀង សុខ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ចុះ​ឆែកឆេរ​ផ្ទះ​លេខ​៦៩ ជាន់​ទី​៣ ផ្លូវ​លេខ​១៧៨ ក្រុម​៣៧ ភូមិ​៩ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០៧ និង​៤៥​នាទី​យប់ថ្ងៃ​ទី​០៣ ខែសីហា ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ពេល​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ង្វៀ​ង ធី​វ៉ា​ន់ អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​រាង​មូល​សំប៉ែត​៨​កញ្ចប់ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៨​កញ្ចប់​ម្សៅ​ក្រាម​ពណ៌​ត្នោត​ខ្ចី​ចំនួន​២​កញ្ចប់ ដែល​សង្ស័យ​ខេ​រា​មីន ម្សៅ​ស​ម៉ដ្ឋ​៦៥​កញ្ចប់​តូច (​សង្ស័យ​ហេ​រ៉ូអ៊ីន​) សម្ភារ​សម្រាប់​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

វត្ថុ​តាង​ទាំងអស់​ខាងលើ គឺ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​បន្ទប់ដេក​របស់​ស្ត្រី​វៀតណាម​រូប​នេះ និង​ត្រូវ​បាន​វេច​ខ្ចប់​តាម​លក្ខណៈ​​បច្ចេកទេស ហើយ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​សាកសួរ​បន្ត ៕