ជើង​ខ្លាំង​ដណ្តើម​ម៉ូយ​រថយន្ត ម្ខាង​ដុំ​ថ្ម​ម្ខាង​ដំបង​ផ្អើល​ច្បារ​អំពៅ

ជើង​ខ្លាំង​ដណ្តើម​ម៉ូយ​រថយន្ត ម្ខាង​ដុំ​ថ្ម​ម្ខាង​ដំបង​ផ្អើល​ច្បារ​អំពៅ



រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​រថយន្តឈ្នួល​២​នាក់ បាន​កើតជា​ហិង្សា​ឈ្លោះប្រកែក​គ្នា​បែកផ្សែង រហូត​ឈាន​ដល់​ទាញ​ដុំ​ថ្ម និង​ដំបង​ឈើ​វែង​ប្រុង​វាយ​គ្នា តែ​សំណាងល្អ​ត្រូវ​ចាប់​ទាន់  បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ សីហា នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌច្បារ​អំពៅ  ។

សាក្សី​ឱ្យ​ដឹង​ថា នៅ​ចំណុច​ទីតាំង​គល់​ស្ពាន​ខាងលើ ក្រុម​អ្នក​រកស៊ី​ចាប់​ម៉ូយ​ដាក់​រថយន្តឈ្នួល​ទាំងនោះ​តែង​ចត​រថយន្ត​រង់ចាំ​ទទួលភ្ញៀវ យ៉ាង​អនាធិបតេយ្យ ដោយពេល​ខ្លះ​តៃកុង​រថយន្ត​តែងរ​ត់ទៅ​ប្រទាញប្រទង់​យក​អីវ៉ាន់ និង​សម្ភារ​ពី​អ្នកដំណើរ​ស្ទើរ​ធ្លាក់​ពីលើ​ម៉ូតូ ខណៈ​ដែល​អ្នកដំណើរ​ដែល​មាន​បំណង​ចង់​ជិះ​រថយន្តឈ្នួល​ស្រុក​កំណើត​ជាដើម ។ ប្រភព​បន្ត​ថា មាន​ពេល​ខ្លះ អ្នក​រត់​រថយន្ត​ទាំងនោះ បាន​ទាស់​ពាក្យ​សម្តី​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ​ផង​ដែរ ។ ក្រោយ​ពេល​ពួក​គេ​ដណ្តើម​ម៉ូយ​គ្នា​មិន​បាន ក៏​បង្ក​ឱ្យ​មាន​ភាព​វឹកវរ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង រហូត​ពេល​ខ្លះ​ត្រូវ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ព្រោះតែ​ភាព​គ្មាន​សណ្តាប់ធ្នាប់​របស់​ក្រុម​អ្នក​ចាប់​ម៉ូយ​ដាក់​រថយន្ត​ទាំងនោះ ។

ជាក់ស្តែង​ដូច​នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា អ្នក​រត់​រថយន្តឈ្នួល​២​នាក់ បាន​ឈ្លោះ​គ្នា​បែកផ្សែង រហូត​ឈាន​ដល់​ភាគី​ម្ខាង ស្ទុះ​ទៅ​បើក​គំរប​រថយន្ត​ពីក្រោយ​ទាញ​កាន់ដំបង និង​ម្នាក់​មាន​ដុំ​ថ្ម​មួយ​ដុំ ប្រុង​ប្រើ​ហិង្សា​ដាក់​គ្នា ព្រោះតែ​ការ​ដណ្តើម​ម៉ូយ​គ្នា​ដាក់​រថយន្ត​មិន​បាន ។ ស្ថានភាព​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ក្បែរ​នោះ​ចោមរោម​មើល ធ្វើ​ឱ្យ​ចរាចរណ៍​នៅ​ទីនោះ គិត​ចាប់ពី​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្នី ដល់​ស្តុ​ប​ច្បារ​អំពៅ​ត្រូវ​កកស្ទះ​ជាង ១​ម៉ោង ។

ជុំវិញ​ភាព​ឥត​សណ្តាប់ធ្នាប់​ខាងលើ ភ្នាក់ងារ​កោះសន្តិភាព​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​កាន់ លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ​អំពី​បញ្ហា​នេះ ដោយ​លោក​អភិបាល​បាន​រុញ​សំណួរ​នេះ ឱ្យទៅ​សួរ​លោក រស់ សុ​ភ័​ក្រ អភិបាលរង​ខណ្ឌ ដែល​ជា​អ្នក​ទទួល​បន្ទុក​វិញ ព្រោះ​លោក​បាន​ដាក់​កិច្ច​ការងារ​នេះ ទៅ​ឱ្យ​លោក រស់ សុ​ភ័​ក្រ ជា​អ្នកចាត់ការ​បន្ត ។

នៅ​វេលា​ព្រឹក​ថ្ងៃខែ​ដដែល លោក រស់ សុ​ភ័​ក្រ បាន​ប្រាប់​កោះសន្តិភាព​តាម​រយ​ទូរស័ព្ទ​ថា ជា​រៀងរាល់ថ្ងៃ ក្រុមការងារ​របស់​លោក តែង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​លើ​ផ្លូវជាតិ​លេខ​១ គិត​ចាប់ពី​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី រហូត​ដល់​ផ្សារ​ព្រែក​ឯង និង​មួយ​ផ្លូវ​ទៀត​ពី​គល់​ស្ពាន តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ព្រែក​ប្រា​ដល់​ផ្សារ​ចាម ជា​ពិសេស​ចំណុច​គល់​ស្ពាន​ខាង​កើតជា​កន្លែង​ឥត​សណ្តាប់ធ្នាប់ ។ ពាក់ព័ន្ធ​នឹង​ភាព​អនាធិបតេយ្យ​របស់​រថយន្តឈ្នួល​ទាំងនោះ ក្រុមការងារ​របស់​លោក​តែង​ចុះ​រៀបចំ​ជា​រៀងរាល់ថ្ងៃ ។ កន្លង​មក បាន​កោះហៅ​ម្ចាស់​រថយន្តឈ្នួល​មក​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សា រហូត​ធ្លាប់​ឃាត់​រថយន្ត​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​អស់​ជា​ច្រើន​ថ្ងៃ​ផង​ដែរ ប៉ុន្តែ​ក្រុម​អ្នក​រថយន្តឈ្នួល​ទាំងនោះ នៅ​តែ​ប្រ​្រ​ពឹត្ត​ទ​ង្វើ​ប្រាស់ចាក​នូវ​គោលការណ៍​ណែនាំ​របស់​សាលា​ខណ្ឌ​ដដែល ។

លោក​អភិបាលរង​បន្ត​ថា ក្រុមការងារ​របស់​លោក​នឹង​បន្ត​ចុះ​ធ្វើ​ការងារ​បន្ថែម​ទៀត ដាក់​ពិន័យ​ធ្ងន់ធ្ងរ​បន្ថែម ដល់​ក្រុម​រថយន្ត​តាក់ស៊ី​ដែល​កំពុង​នៅ​តែ​បំពាន​នឹង​ការ​ណែនាំ បើ​ពុំ​មាន​លទ្ធផល​ល្អ​ទេ​នោះ លោក​នឹង​ធ្វើ​របាយការណ៍​ស្នើ​ទៅ​ថ្នាក់លើ​សុំ​គោលការណ៍​តឹង​រឹង​ខ្លាំង​ជាង​នេះ ដើម្បី​ទប់ស្កាត់​ភាព​ឥត​សណ្តាប់ធ្នាប់​នេះ ។

មុន​នេះ​ការិយាល័យ​កោះសន្តិភាព​បាន​ទទួល​ទូរស័ព្ទ​ពី​បងប្អូន​អ្នក​រត់​ម៉ូតូឌុប ដែល​បាន​រៀបរាប់​តាម​ទូរស័ព្ទ ព្រោះតែ​មិន​សប្បាយ​ចិត្តនឹង​ទ​ង្វើ​ក្រុម​អ្នក​ចាប់​ម៉ូយ​ដាក់​រថយន្ត​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​។

អ្នក​រត់​ម៉ូតូឌុប​រូប​នោះ បានឱ្យ​ដឹង​ថា គាត់​ស្ទើរតែ​ត្រូវ​ក្រុម​អ្នក​ចាប់​ម៉ូយ​វាយដំ​ទៅ​ហើយ ក្នុង​ជម្លោះ​ពាក្យ​សម្ដី​គ្នា ជុំវិញ​ការ​ចាប់​ម៉ូយ​នេះ ព្រោះ​រូប​គាត់​បាន​ដឹក​ភ្ញៀវ​នៅ​វត្ត​និរោធ ដោយ​ឆ្លងកាត់​ក្រោម​ស្ពាន​ក្បាលថ្នល់​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក៏​ត្រូវ​ក្រុម​អ្នក​ចាប់​ម៉ូយ​នាំ​គ្នា​ស្ទុះ​មក​ទាញ​អីវ៉ាន់​ពីមុខ ពីក្រោយ ដើម្បី​យក​ម៉ូយ​នោះ​ដាក់​រថយន្ត​របស់​ខ្លួន ទោះបី​គាត់​បាន​ព្យាយាម​រារាំង និង​ប្រាប់​ថា គាត់​ដឹក​ភ្ញៀវ​ទៅ​ត្រឹម​វត្ត​និរោធ​ក៏​ដោយ ។

សកម្មភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​ដឹក​ភ្ញៀវ ឆ្លងកាត់​ត្រឹម​វត្ត​និរោធ ឬ​បឹង​ស្នោរ ដែល​ភ្ញៀវ​មិន​តម្រូវ​ជិះ​រថយន្ត​តាក់ស៊ី​នោះ កំពុង​ប្រ​ឈប​នឹង​ក្រុម​អ្នក​ចាប់​ម៉ូយ​អនាធិបតេយ្យ សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ មេត្តា​រៀបរយ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​នោះ​ផង ដើម្បី​ចៀសវាង​រាល់​បាតុភាព​អាក្រក់​នានា ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​មុខ​៕​