ពលរដ្ឋ​ខេត្ត​កោះកុង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​បញ្ហា​​ដីធ្លី​ពី​ស្ថាប័ន​នានា​ក្នុង​រាជធានី​ភ្នំពេញ

ប្រជាពលរដ្ឋ​ជាង ៧០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១៤៧​គ្រួសារ មក​ពី​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​នាំ​គ្នា​មក​តវ៉ា​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដីធ្លី​នៅ​ថ្ងៃ​ទី​៤ សីហា។ ពួកគាត់​អះអាង​ថា វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Koh Kong Plantation) បាន​អូស​បន្លាយ​រយៈពេល​ជិត ១០​ឆ្នាំ។

ពលរដ្ឋ​មក​ពី​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដាក់​ញត្តិ​នៅ​រដ្ឋសភា​ ការិយាល័យ​សហភាព​អឺរ៉ុប ក្រសួង​រៀបចំ​ដែន​ដី និង​ក្រសួង​កសិកម្ម ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួកគាត់ ដោយ​កាត់​ឆ្វៀល​ដី​ឲ្យ​ពួកគាត់​ជិត ៨០០​ហិកតារ​វិញ និង​ផ្ដល់​សំណង​ខូចខាត​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដំណាំ​កន្លង​មក។

នៅ​ពេល​ព្រឹក តំណាង​ពលរដ្ឋ​បាន​ចូល​ដាក់​ញត្តិ​ជូន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង​អង្កេត​នៃ​រដ្ឋសភា ហើយ​មន្ត្រី​រដ្ឋបាល​បាន​ទទួល​យក​ញត្តិ​ពួកគាត់។ អ្នក​ភូមិ​បាន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​សហភាព​អឺរ៉ុប​ទៀត​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍។

ពលរដ្ឋ​មក​ពី​ភូមិ​ជីខលើ ស្រុក​ស្រែអំបិល លោកស្រី ផាវ ញ៉ើង ដែល​បាន​យក​ញត្តិ​ដាក់​ជូន​សហភាព​អឺរ៉ុប ថ្លែង​ថា តំណាង​ពលរដ្ឋ​បាន​ជួប​ជាមួយ​ឯក​អគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា គឺ​លោក ច្សច អេដហ្គា (George Edgar) ដោយ​ផ្ទាល់​ប្រាប់​ពី​ស្ថានភាព​វិវាទ​ដីធ្លី និង​គោលបំណង​របស់​ពលរដ្ឋ។ លោកស្រី​បន្ត​ថា ជំនួប​នេះ​លោកស្រី​សំណូមពរ​ឲ្យ​សហភាព​អឺរ៉ុប​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់៖ «ពួក​យើង​ស្នើ​សុំ​គាត់​ថា សុំ​ពេល​ដែល​គាត់​ទទួល​បាន​ជំនួយ​ពី​ក្រៅ​ទៅ​សង​ពួក​យើង​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ចុះ​ទៅ​ខ្លួន​ឯង​ផង កុំ​ឲ្យ​ជឿ​រដ្ឋាភិបាល ឬ​ក្រុម​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ ព្រោះ​គាត់​កុហក​គាត់​ថា​ធ្វើ​របាយការណ៍​សង​ពួក​ខ្ញុំ​អ៊ីចឹង តែ​ការ​ពិត​ពួក​យើង​អត់​បាន​ទទួល​សំណង​សូម្បី​តែ​មួយ​សេន កាច់​ជា​បួន​ទេ។ គាត់​ឆ្លើយ​ថា នឹង​ព្យាយាម​ចុះ​ទៅ​ស៊ើប​អង្កេត និង​ពិនិត្យ​ផ្ទាល់»

ជម្លោះ​ដី កោះកុង ៨៥៥ ២០១៦
ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង តវ៉ា​ដាក់​ញត្តិ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៦។ RFA/Khe Sonorng

ពលរដ្ឋ​មួយ​រូប​ទៀត​មក​ពី​ភូមិ​តាធង ឃុំ​ដងពែង ស្រុក​ស្រែអំបិល លោក យ៉ង់ ជាវ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ដំណាំ​ពលរដ្ឋ​តាំង​ពី​ឆ្នាំ​២០០៦ មក។ ពួកគាត់​បាន​ដាក់​ពាក្យ​ប្ដឹង និង​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​រួច​ហើយ​ក្ដី តែ​គ្មាន​ដំណោះស្រាយ ទើប​ពួកគាត់​បន្ត​សុំ​អន្តរាគមន៍​មក​ភ្នំពេញ​ទៀត៖ «គេ​ឈូស​អស់​ហើយ​យើង​ទៅ​ឃាត់​គេ​​ប្រើ​សុទ្ធ​តែ​អាវុធ ប្រើ​កាំភ្លើង​គំរាមកំហែង​យើង ព្រោះ​គេ​មាន​អំណាច​គេ​មិន​ឲ្យ​យើង​ចូល​ជិត​ទៀត។ គេ​ឈូស​គេ​បំពាន​គេ​ថា ដោះស្រាយ​ឲ្យ​ដោះស្រាយ​ឲ្យ​តែ​អត់​ឃើញ​ប្រជាពលរដ្ឋ​ដេក​រង់ចាំ។ ពី​មុន​មក​សង្ឃឹម​ថា បាន​ចំការ​បាន​អី​ដំណាំ​អី​យក​មក​ហូបចុក ឥឡូវ​រលីង​ប្រជាពលរដ្ឋ​ក្រ​មែនទែន​ហ្មង»

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​អ្នក​ភូមិ​មាន​ទស្សនៈ​ថា វា​ពិបាក​ណាស់​នៅ​ពេល​ដែល​ពលរដ្ឋ​ប៉ះទង្គិច​ខាង​ផ្លូវ​ច្បាប់​ជាមួយ​អ្នក​មាន​ឥទ្ធិពល និង​អ្នក​មាន​អំណាច ហើយ​ខ្វះ​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មាន​ការ​អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ​ដ៏​យូរ៖ «ជា​ធម្មតា​ការ​ទាមទារ​ តវ៉ា​គាត់​តែង​ចង់​បាន​នូវ​អ្វី​ដែល​គាត់​ទាមទារ​អាជ្ញាធរ ឬ​ក៏​ក្រុមហ៊ុន​ដែល​គាត់​បាន​ដី​គាត់​តែងតែ​ការពារ​នូវ​ផល​ប្រយោជន៍​របស់​ គាត់ ដើម្បី​ជៀសវាង​នូវ​ការ​ប្រទាញប្រទង់​គ្នា​គួរ​តែ​អាជ្ញាធរ​ថ្នាក់​ជាតិ​មាន​ គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ទៅ​ លើ​បញ្ហា​ការ​កាន់កាប់​កម្មសិទ្ធិ​ពួកគាត់​ដើម្បី​រក​ដំណោះស្រាយ​មួយ​ទទួល​ យក​ទាំង​អស់​គ្នា​បាន»

នៅ​ពេល​រសៀល​អ្នក​ភូមិ​បាន​នាំ​គ្នា​បន្ត​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម​ទៀត ដើម្បី​ស្វែង​រក​អន្តរាគមន៍។ តែ​ទោះ​ជា​យ៉ាង​ណា​បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ទេ​នោះ​ពួកគាត់​អះអាង​ថា នៅ​តែ​បន្ត​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។