រាប់ពាន់នាក់ចេញដង្ហែក្បួនជំរុញឲ្យប្រជាជនថៃចេញបោះឆ្នោត

ក្រុមនិស្សិត បុគ្គលិកសាធារណៈ និងមន្ត្រីយោធាផងដែរនៅក្នុងប្រទេសថៃប្រមាណជាង៣ពាន់នាក់ កាលពីថ្ងៃទី៤ ខែសីហា បានចេញដង្ហែក្បួន ដើម្បីជំរុញជាលើកចុងក្រោយឲ្យប្រជាជនថៃ ចេញបោះឆ្នោត ខណៈបញ្ហាចម្រូងចម្រាសលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ក្រុមយោធាត្រូវអនុម័តសម្រេចនៅចុងសប្តាហ៍នេះ ហើយត្រូវគេមើលឃើញថា មានចេតនាបង្ក្រាបទៅលើគណបក្សនយោបាយនោះ ។

រាប់ពាន់នាក់ចេញដង្ហែក្បួនជំរុញឲ្យប្រជាជនថៃចេញបោះឆ្នោត

ប្រជាពលរដ្ឋថៃនឹងសម្រេចនៅថ្ងៃអាទិត្យ សប្តាហ៍នេះថា តើត្រូវទទួលយករដ្ឋធម្មនុញ្ញថ្មីនេះឬយ៉ាងណា ហើយនេះជាការសម្តែងមតិជាសាធារណៈលើកដំបូងបំផុត ចាប់តាំងកម្លាំងយោធាបានដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ ។ រដ្ឋធម្មនុញ្ញថ្មីនោះត្រូវគេលើកឡើងថា អាចឲ្យកម្លាំងយោធាត្រួតពិនិត្យដោយផ្ទាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ថៃតែម្តង ។

ហ្វូងមនុស្សច្រើននាក់បានជួបជុំគ្នានៅវិមាន Royal Plaza ក្បែរអគាររដ្ឋាភិបាលក្រុងបាងកក ខណៈដែលរថយន្តជាច្រើនគ្រឿងបានបិទបដាសរសេរអក្សរ ជំរុញឲ្យប្រជាពលរដ្ឋថៃទាំងអស់ចេញគូសសន្លឹកឆ្នោត ហើយរថយន្តទាំងនេះបានបើកនៅពាក់ពេញទីក្រុងតែម្តង។

គណបក្សនយោបាយធំៗចំនួន២របស់ថៃបានប្រឆាំងទៅលើរដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងដោយយោធា ។ គណបក្សទាំងនេះមើលឃើញថា វាជារដ្ឋធម្មនុញ្ញការពារក្រុមយោធាឲ្យមានអំណាចយូរលង់ និងត្រួតត្រាទៅលើគណបក្សនយោបាយក្នុងប្រទេសថៃប៉ុណ្ណោះ ។

រដ្ឋាភិបាលយោធាថៃ ឬដែលគេស្គាល់ថា ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងរបៀបរៀបរយនោះ បានអះអាងថា ខ្លួនមានបំណងប្រគល់អំណាច និងប្រែក្លាយប្រទេសទៅកាន់របបលទ្ធិប្រជាធិបតេយ្យវិញ ។ ពួកគេអះអាងថា រដ្ឋធម្មនុញ្ញថ្មីនេះដែលបានតាក់តែងឡើងគឺដើម្បីបញ្ចប់ការបែកបាក់ខាងផ្លូវនយោបាយ ដែលអូសបន្លាយពេលជាងមួយទសវត្សរ៍នៅក្នុងប្រទេសថៃ ហើយធានាដល់នយោបាយ និងផលប្រយោជន៍ប្រជារាស្ត្រជាចម្បង ។

រដ្ឋាភិបាលយោធាថៃបានសន្យាបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ ប្រសិនរដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានអនុម័តយល់ព្រម ។ ប៉ុន្តែបើគ្មានការអនុម័តយល់ព្រមលើរដ្ឋធម្មនុញ្ញថ្មីនេះទេ ការបោះឆ្នោតក៏ទំនងជាមិនទាន់កើតឡើងឆាប់ៗឡើយ ៕ ថាច់ យ៉ាត

ប្រភព៖ Nokorwatnews

  • រាប់ពាន់នាក់ចេញដង្ហែក្បួនជំរុញឲ្យប្រជាជនថៃចេញបោះឆ្នោត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: