ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ពោង​ក្រឡុក​ស៊ីម៉ង់ត៍​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ដឹក​ស៊ីម៉ង់ត៍​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​២​រសៀល ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ឫស្សី​ដុំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ពោង​ក្រឡុក​ស៊ីម៉ង់ត៍​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដា ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7898 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង ម៉ាក់​ហ៊ី​ណូ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3059 ដែល​កំពុង​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា អ្នក​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពិតជា​រន្ធត់​ខ្លាំង​ណាស់ ព្រោះ​ការ​បុក​គ្នា​នេះ​ធ្វើ​ឲ្យ​រថយន្ត​ពោង​ក្រឡុក​ស៊ីម៉ង់ត៍​ប៉ើង​ធ្លាក់​ពីលើ​ថ្នល់ជាតិ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​វិញ​បាន​រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ស្ទើរ​លស់​ព្រលឹង​រត់​បាតជើង​ស​ព្រាត តែ​សំណាងល្អ​ម្ចាស់ផ្ទះ​រត់​ចេញ​ទាន់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ពោង​ក្រឡុក​ស៊ីម៉ង់ត៍​បាន​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់​ចេញពី​ក្នុង​កាប៊ី​ន រង​របួសស្រាល ៕