ប៉ូលិស​ហ្វីលីពីន​សម្លាប់​អង្គរក្ស​អភិបាលក្រុង​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​អស់​៦​នាក់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-04-2016, 4:08 pm         6922

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ូលិស​ហ្វីលីពីន​សម្លាប់​អង្គរក្ស​អភិបាលក្រុង​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​អស់​៦​នាក់​​បន្ទាប់ពី​ទទួលបញ្ជា​ពី​ប្រធានាធិបតី Rodrigo Duterte ឲ្យ​បាញ់សម្លាប់​អ្នក​ដែល​រឹងទទឹង​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ប៉ូលិស​ហ្វីលីពីន​បាញ់សម្លាប់​អង្គរក្ស​របស់លោក Rolando Espinosa Senior ជា​អភិបាលក្រុង​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។ ចំណែក​កូនប្រុស​របស់​អភិបាលក្រុង​ម្នាក់នេះ កំពុង​រត់គេចខ្លួន​នៅឡើយ​មកទល់ពេលនេះ​។​

​មនុស្ស​៦​នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុងការ​បាញ់ប្រហារ​រវាង​ប៉ូលិស និង​អង្គរក្ស​របស់​អភិបាលក្រុង លោក Rolando Espinosa Senior បន្ទាប់ពី​លោក​បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​រួចហើយនោះ​។ លោក Espinosa ជា​អភិបាលក្រុង Albuera និង​ត្រូវ​ជាប់​សង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​។ កន្លងមក ប្រធានាធិបតី​ហ្វីលីពីន Duterte ចេញ​បញ្ជា​ឲ្យ​លោក​បាញ់ចោល បើ​អភិបាលក្រុង​រូបនេះ និង​កូនប្រុស​នៅតែ​ចចេស​រឹងរូស​មិន​ព្រម​ចូល​ខ្លូន​ទទួលទោស​។

​មេ​ប៉ូលិស​ប្រចាំ​តំបន់ លោក Elmer Beltejar និយាយថា ប៉ូលិស​កំពុងតែ​ល្បាត​នៅក្បែរ​បរិវេណ​ផ្ទះ​របស់លោក​អភិបាលក្រុង Espinosa ហើយក៏​ពើបប្រទះ​ការប្រយុទ្ធ​ជាមួយ​អ្នកយាម​ផ្ទះ ដោយ​ប៉ូលិស​បានសម្លាប់​ពួកគេ​អស់ ៦​នាក់​។ បើតាម​សារព័ត៌មាន The National លោក Espinosa បានប្រគល់​ខ្លួន​ដល់​មេ​ប៉ូលិស​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ Ronald dela Rosa ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា​បានការ​ពារ​អ្នកជួញដូរ​ថ្នាំញៀន ដែល​រួមទាំង​កូនប្រុស​លោក​ឈ្មោះ Erwin ផងដែរ​។

​អភិបាលក្រុង​រូបនេះ បាន​ចូលខ្លួន​ដល់​មន្ត្រីប៉ូលិស​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ឱសានវាទ​របស់លោក Duterte ដែល​ចេញ​បញ្ជា​ប៉ូលិស​ឲ្យ​បាញ់​លោក និង​កូនប្រុស​ចោល​។ មេ​ប៉ូលិស​ជាតិ លោក dela Rosa ក៏​និយាយ​ដែរ​ថា លោក Erwin នឹងត្រូវ​បាញ់សម្លាប់ បើ​រកឃើញថា បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស​។

​ជាមួយនឹង​យុទ្ធនាការ​ចាប់ខ្លួន​មន្ត្រី​ថ្នាក់ខ្ពស់​បែបនេះ យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក Rodrigo Duterte បាន​ងាក​ពី​គោលដៅ​អ្នកលក់​ថ្នាំញៀន​នៅតាម​ដងផ្លូវ និង​បានដាក់​គោលដៅ​លើ​មន្ត្រីជាន់ខ្ពស់ និង​បណ្ដា​អភិបាលក្រុង​វិញ​។ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បញ្ជាក់​ហើយ​ថា លោក​នឹងមិន​បញ្ឈប់​យុទ្ធនាការ​នេះ​ទេ បើទោះជា​ត្រូវអស់​តំណែង​ក៏ដោយ​។​

​ចាប់តាំងពី​ឡើងកាន់​អំណាច​ក្នុង​ខែមិថុនា លោក Duterte បានចេញ​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​បង្ក្រាប និង​បានសម្លាប់​អ្នកជួញដូរ​គ្រឿងញៀន​អស់​ជាង​បួន​រយ​នាក់​មកហើយ​។ លើសពីនេះ លោក​ក៏​លើកទឹកចិត្ត​ដល់​មន្ត្រីប៉ូលិស និង​ជន​ស៊ីវិល​ឲ្យ​បាញ់​អ្នកជួញដូរ​គ្រឿងញៀន និង​សន្យា​ផ្ដល់ប្រាក់​រង្វាន់​ដល់​អ្នកណា​ដែល​អាច​ផ្ដល់ដំណឹង​ដល់​ការចាប់ខ្លួន​មេខ្លោង​លក់​គ្រឿងញៀន​៕