ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​បោះ​បង្គោល​ព្រំ​ដី​យក​ទៅ​លក់

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ប្រមាណ ១៥​នាក់​តំណាង​ឲ្យ​ពលរដ្ឋ ២៧​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា នាំ​គ្នា​រារាំង​អាជ្ញាធរ​ភូមិ និង​បក្ខពួក​ដែល​បាន​ចុះ​ទៅ​វាស់វែង និង​បោះ​បង្គោល​ព្រំ​ដី​ទំនាស់​យក​ទៅ​លក់​ឲ្យ​អ្នក​មាន​លុយ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពួក​គាត់។ អ្នក​ភូមិ​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​នេះ ថា​ជា​អំពើ​អយុត្តិធម៌​មក​លើ​ពួក​គាត់​ដែល​មិន​អាច​ទទួល​យក​បាន។

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា ពួក​គាត់​មិន​ព្រម​ចាកចេញ​ពី​ដី​របស់​ខ្លួន​ឡើយ បើ​ទោះ​ជា​អាជ្ញាធរ​ចុះ​បោះ​បង្គោល​នៅ​លើ​ព្រំ​ដី ហាក់​បង្ខំ​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​ដី​លំនៅឋាន​ក៏ដោយ។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ចាន់គីរី សង្កាត់​ប៉ោយប៉ែត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ សីហា ថា មេ​ភូមិ​ចាន់គីរី មន្ត្រី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ក្រុង​ប៉ោយប៉ែត និង​បក្ខពួក​មួយ​ចំនួន​ទៀត​សរុប​ប្រមាណ ១០​នាក់ បាន​ចុះ​ទៅ​ដក​បង្គោល​ព្រំ​ដី​របស់​ពួក​គាត់​គ្មាន​សល់ ដើម្បី​យក​ដី​ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​អ្នក​ទិញ ដែល​ចុះ​ទៅ​ទទួល​ដី​ដល់​ទីកន្លែង។ អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​រស់នៅ​ទីនោះ​ជាង ១០​ឆ្នាំ​មក​ហើយ។

អ្នក​ភូមិ​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ ថា​ជា​ការ​ប្រើ​អំណាច​ប្លន់​យក​ដី​ពី​ពួក​គាត់​ទៅ​លក់ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ៖ «ខ្ញុំ​ហាម​ថា​ដី​មាន​បញ្ហា​កុំ​អាល​ធ្វើ​អី ហើយ​គេ​ថា​ធ្វើ​ទៅ​កុំ​ខ្លាច​កុំ​អី! ដោយ​ដក​សសរ​ស៊ីម៉ងត៍​របស់​ខ្ញុំ រួច​គេ​ដាក់​សសរ​ឈើ​ជំនួស​វិញ។ ពួក​ខ្ញុំ​ក្រីក្រ​គ្មាន​ដី​សម្រាប់​សង់​ផ្ទះ​ស្នាក់​នៅ​ក្រៅ​អំពី​ដី​នេះ​ទេ។ កន្លង​មក ខ្ញុំ​យំ​គ្មាន​ទឹក​ភ្នែក​ទេ ដោយសារ​ស្ដាយ​ដើម​ឈើ​ដែល​គេ​ឈូស​ឆាយ​បំផ្លាញ​តាម​ចិត្ត»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ចៅ​សង្កាត់​ប៉ោយប៉ែត លោក តាំង គីហេង និង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ សីហា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

រីឯ​មេ​ភូមិ​ចាន់គីរី លោក សេង ចាន់ឌី ពុំ​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា អាជ្ញាធរ​ដែល​ចុះ​ទៅ​ដល់​ទីកន្លែង​នោះ ប្រាប់​ពួក​គាត់​ថា អាជ្ញាធរ​មក​រៀបចំ​វាស់វែង​ដី​ប្រគល់​ទៅ​ម្ចាស់​ដី​ពិត​ប្រាកដ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ចោទ​ពួក​គាត់​ថា​រស់នៅ​លើ​ដី​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​កម្រោល​បែប​នេះ គឺ​ខុស​ច្បាប់ និង​ជា​ការ​ប្រើ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​អចលនទ្រព្យ​ទៅ​លើ​ពលរដ្ឋ ពីព្រោះ​រឿង​ទំនាស់​នេះ​ដោះស្រាយ​មិន​ទាន់​ចប់​នៅ​ឡើយ៖ «ដី​នោះ​ពួក​គាត់​កំពុង​តែ​កាន់​កាប់។ អ៊ីចឹង​បើ​សិន​អាជ្ញាធរ​រក​ឃើញ​ថា ពួក​គាត់​មាន​កំហុស​នឹង​ការ​កាន់​កាប់​នោះ គួរ​តែ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ គឺ​មិន​ត្រូវ​ធ្វើ​បែប​នេះ​ដាក់​ពួក​គាត់​ឡើយ»

ដី​ទំនាស់​នោះ​ជា​លក្ខណៈ​ដី​លំនៅឋាន ដែល​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ​បាន​កាន់​កាប់ ដោយ​គ្រួសារ​ខ្លះ​សង់​ផ្ទះ និង​រោង​ស្នាក់នៅ​លើ​ដី​ទំហំ​ទទឹង ១០​ម៉ែត្រ និង​ខ្លះ​ទៀត ១៥​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ។

កន្លង​ទៅ ប្រជាពលរដ្ឋ​ធ្លាប់​តវ៉ា​នៅ​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ និង​ចុះ​វាស់វែង​បែង​ចែក​ដី​នោះ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​នោះ ហើយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួក​គាត់។ នៅ​រសៀល​ថ្ងៃ​ទី​៤ សីហា ដដែល ក្រុម​អ្នក​តវ៉ា​បន្ត​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អាជ្ញាធរ និង​អ្នក​ទិញ​ដី ដោយ​មិន​ព្រម​ចាកចេញ​ពី​ផ្ទះ​របស់​ពួក​គាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។