ឃាត់ខ្លួន​ស្ត្រី​ហ្វី​លី​ពី​ន​ម្នាក់ លួច​ស្នាក់​នៅ​ខុសច្បាប់

ខេត្តសៀមរាប ៖ ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​គ្មាន​ឯកសារ​ជាប់​នឹង​ខ្លួន ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​(​ហួស​ទិដ្ឋាការ​)​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦​នេះ​។ កម្លាំង​ការិយាល័យ​នគរបាល​អន្ដោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ក្រុមការងារ​ចម្រុះ អធិការកិច្ច​ពលករ​បរទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សុខ សុ​វ​ណ្ណា​ធនុរាសី ប្រធាន​ក្រុមការងារ​អធិការកិច្ច និង​លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ ប្រធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អធិការកិច្ច​ប័ណ្ណ​ការងារ​នៅ​សាលារៀន​អន្តរជាតិ WORLD BRIGHT មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ជនជាតិ​បរទេស​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ពេល​នេះ​មានឈ្មោះ LIAO RISA OPULENCIA ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន ជនជាតិ​ហ្វី​លី​ពី​ន កាន់​លិខិតឆ្លងដែន​លេខ EB1067116 បាន​មក​ស្នាក់​នៅ​ខុសច្បាប់​(​ហួស​ទិដ្ឋាការ​)​។ លោកនាយ​ការិយាល័យ​បាន​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ រួច​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនបរទេស​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា គាត់​បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៣ តាម​ជើងហោះហើរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​តែ​ម្នាក់ឯង ក្នុង​គោលបំណង​ស្វែងរក​ការងារ​ធ្វើ និង​បាន​ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនបរទេស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យើង​ធ្វើការ​សាកសួរ​បន្ថែម​ទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​មណ្ឌល​ត្រៀម​បណ្ដេញចេញ​(​ន​៧)​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប របស់​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត នៃ​ការ​អនុវត្ត​នីតិវិធី​ក្រសួងមហាផ្ទៃ​ចាត់ការ​តាម​នីតិវិធី​៕