តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី៧-១៤សីហា និពន្ធដោយ : ថ្មីៗ       August-04-2016, 7:38 pm         910

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី៧-១៤សីហាក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមថា តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពីថ្ងៃទី៧ ដល់​ថ្ងៃទី​១៤ ខែសីហា ដោយសារ​ឥទ្ធិពលសម្ពាធទាប ដែល​អូសកាត់ពីលើ​អាង​ទន្លេមេគង្គ។ ក្រសួងធនធានទឹក និងឧតុនិយមស្នើ​ឲ្យប្រជា​នេសាទ និង​អ្នក​ទេសចរតាមកោះ បង្កើនការ​ប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុនេះ។

នៅ​ព្រឹក​ថ្ងៃទី៤ ខែសីហា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បានកើត​ឡើង និង​អូស​កាត់​ពីលើ​អាង​ទន្លេ​មេគង្គ ក្នុងប្រទេស​ថៃ និង​ឡាវ។ ទន្ទឹមនឹង​ឥទ្ធិពល​នៃ​មូសុង​និរតី​ខ្លាំង និង​ជ្រលង​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប​នេះ ក៏មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី៤ ខែសីហា។

ផ្អែក​តាម​ការព្យាករណ៍​នេះ ស្ថានភាព​អាកាសធាតុ នៅ​តំបន់​មាត់សមុទ្រ អាច​នឹង​ង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ជា​បន្តបន្ទាប់ ពិសេស​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី១៤ ខែសីហា ដែល​ការ​ធ្លាក់ភ្លៀង​បែបនេះ នឹងធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង។ ចំណែកឯ​នៅ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង។
ដោយឡែក​ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន។

ដោយសារ​ស្ថានភាព​អាកាសធាតុ​ដូច្នេះ ក្រសួង​ធនធានទឹក បានស្នើ​ឲ្យ​សាធារណជន ពិសេស​ប្រជា​នេសាទ និង​អ្នកទេសចរ​តាម​កោះ​នានា ក្នុង​លំហរ​សមុទ្រ បង្កើត​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ៕