ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

របាយការណ៍អ្វីៗ ដែលសមត្ថកិច្ចក្នុងស្រុកមួយនេះ បញ្ចេញមក មិនគួរអោយទុកចិត្តបានទាល់តែសោះ។ រឿងរ៉ាវ ហេតុការណ៍​ស្ទើរ​តែទាំងអស់ ត្រូវបានគេបំភ្លៃ។ នេះបើតាមការលើកឡើង របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ។ លោក វាសនា បានបន្តសួរថា តើយើងជាអ្នកណា នៅក្នុង​ប្រទេស​មួយ​នេះ?
ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង)

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា តែងចោទសួរជារឿយៗ នៅក្នុងការថ្លែង​នានា​របស់លោក តាមរយៈបណ្ដាញសង្គម វិទ្យុ ឬតាមរយៈវេទិកាសាធារណៈ យ៉ាងដូច្នេះថា តើយើងជា​អ្នកណា នៅ​ក្នុង​ប្រទេស​មួយនេះ? ហើយលោក ក៏តែងបានឆ្លើយដោយខ្លួនឯងដែរថា៖ «យើងជាម្ចាស់ប្រទេស»។

«ចុះបើយើង ជាម្ចាស់​ប្រទេសមួយនេះ ហើយរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ដែលយើងជួលពួកគេ មក​ឲ្យ​ធ្វើការឲ្យយើង មានលក្ខណៈបែបនេះ តើយើងនឹងទៅបន្ទោសអ្នកណា? ហើយបើយើង​មិនទទួល​កំហុស ក្នុង​រឿង​នេះ យើងជាម្ចាស់ប្រទេស គិតតែបន្ទោស​មនុស្ស ដែលយើងជួល​យក​មក​ប្រើ ថាអ្នកទាំងនោះ​​មិន​កើត តើ​រឿង​នេះ​​អាចដោះស្រាយ​បាន(ឬ)ទេ?»

ខាងលើនេះ ជាសំនួរចោទឡើង ដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅ​ខ្លួនឯងថា បក្សជួង) ទៅនឹងប្រធានបទមួយ ដែលមិនផ្ដល់ភាពរីករាយ ឬសុភមង្គល ទៅដល់ពលរដ្ឋ​ខ្មែរ​ទូទៅ​ ជាពិសេស​ពលរដ្ឋ​​ខ្សត់ខ្សោយ​​ប៉ុន្មាន​ឡើយ។ លោកបានបរិហារថា របាយការណ៍អ្វីៗ ដែលសមត្ថកិច្ច​ក្នុង​ស្រុក​​មួយ​នេះ បញ្ចេញមក មិនគួរឲ្យទុកចិត្ត​បាន​ទាល់​តែសោះ។ លោកបានសង្កត់ធ្ងន់ថា៖ «រឿងរ៉ាវ ហេតុ​ការណ៍​​ស្ទើរតែទាំងអស់ ត្រូវបានគេបំភ្លៃ»។

គេមិនដឹងថា តើលោក ខឹម វាសនា ចង់សំដៅទៅលើរឿងអ្វី ឲ្យប្រាកដឡើយ។ ប៉ុន្តែ ពាក្យសំដី​របស់​ប្រធាន​​គណបក្ស​​រូបនេះ ដែលបានលើកពី «រឿងរ៉ាវហេតុការណ៍ ស្ទើរតែទាំងអស់» នោះ វាហាក់មានន័យគ្រប់គ្រាន់ ថាលោក​ចង់និយាយពីអ្វីហើយ។

ដោយទំនងជាចង់ប្រាប់ឲ្យអ្នកអាន រកចម្លើយដោយខ្លួនឯងនោះផង លោក ខឹម វាសនា បានបន្ថែម​សំនួរ​ទៀត​ថា ហេតុដូម្ដេច​បានជាអ្នក​នៅស្ងៀម ធ្វើដូចធម្មតា មិនតបតរទៅនឹង «ភាពគឃ្លើន នៃពពួកមនុស្ស ដែលសីុ​ឈ្នួល​ធ្វើ​ការ​ ឲ្យយើងទាំងនេះទៅកើត?»។

ប្រធានគណបក្សជួង បានពន្យល់ថា៖ «រស់មិនកើតទេ រស់គ្មានសន្តិភាពផ្លូវចិត្តទេ រស់រងទារុណផ្លូវចិត្ត ព្រោះ​ភាពអយុត្តិធម៌ មានជាបន្តបន្ទាប់មិនដាច់។ តើនេះឬ ជាការរស់របស់ពូជសាសន៍យើងក្នុងពេលបច្ចុប្បន្ន និង​ទៅ​អនាគត​នោះ? គ្មានសេចក្តីថ្លៃថ្នូរ ក្នុងភាពជាម្ចាស់ប្រទេសទេ។»

លោក ខឹម វាសនា បានបញ្ចប់សេចក្ដីថា៖ «គេមើលងាយយើង វាពិត(ជា)សមហើយណាបងប្អូន»៕