ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ​នាំចូល​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​តាម​ច្រក​ភ្នំ​ដី ជំនាញ​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ជា វុទ្ធី ប្រមូលប្រាក់​គ្មាន​វិក្កយបត្រ​ខុស​វិជ្ជា​ជិ​វៈ​គយ​

​ខេត្តបាត់ដំបង​៖ លោក ជា វុទ្ធី ប្រធាន​កា​រិ​យា​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​មាត់ច្រក​លួច​បង្ហើប​ថា បច្ចុប្បន្ន​ជំនាញ​គយ​មានការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ពិ​ប្រទេស​ថៃ គេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ សុទ្ធតែ​ប្រភេទ​ទំនិញ​មានតម្លៃ ប៉ុន្តែ​ការ​បន្ធូ​បន្ថយ​នេះ​ជំនាញ​គយ​បាន ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ តាមរបៀប​ព្រមព្រៀងគ្នា​ដោយ​គ្មាន​វិក្កយបត្រ ដែល​ប្រាក់​នោះគេ​ប្រមូល​ចែកគ្នា​ច្រក​ហោប៉ៅ​។ ហើយ​សកម្មភាព​នេះ​ចេះតែ​សុខសាន្ត​ដោយសារ​ជំនាញ​គយ​បាន​ចែករំលែក​ផលប្រយោជន៍​ជូន​ដល់​អង្គភាព​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ទីនោះ​រហូត​សំងំ​ស្ងាត់ស្ងៀម​រៀងៗ​ខ្លួន​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ ត្រូវបាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​ដឹកនាំ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រក​ភ្នំ​ដី ស្ថិតក្នុង​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ប្រភព​បង្ហើប​ថា សម្រាប់​ក្រុម​ឈ្មួញ​ដែលជា​មុខសញ្ញា​ឃុបឃិត​ត្រូវដង​ត្រូវផ្លែ​នឹង​គ្នា គ្រា​មាន​នាំ​ទំនិញ​ឆ្លងកាត់​មន្ត្រី​គយ​មិនដែល​ខ្វល់​ពី​ការពិនិត្យ ឬ​បង្ក្រាប ប្រមូល​លុយ​បង់​ចូល​រដ្ឋ​នោះទេ​។ ប៉ុន្តែ​ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ករណីនេះ​គួរតែ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ធ្វើកំណែទម្រង់​សមត្ថកិច្ច​គយ​ច្រក​ភ្នំ​ដី ដើម្បី​លុបបំបាត់​អំពើពុករលួយ ប្រមូល​ថវិកា​ចូល​រដ្ឋ​ឲ្យ​មានការ​កើនឡើង​។​

ប្រភព​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ គេ​តែង​ឃើញ​ទំនិញ​ជាច្រើន​ប្រភេទ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​រទេះ​ជា​លក្ខណៈបំបែក​តូចៗ ដើម្បី​បិទបាំង​ការចាប់​អារម្ភ​ហើយ​យកទៅ​ស្តុក​ទុក និង​បាន​យក​រថយន្ត​មក​ដឹក​បន្តទៅ​ចែកចាយ​នៅតាម​បណ្តា​ស្រុក​នានា ពិសេស​ក្នុង​ក្រុង​បាត់ដំបង​តែម្តង​។ ប្រភព​ដដែល បាន​បន្តថា ការដឹកជញ្ជូន​ទំនិញ​តាម​រទេះ​របស់​ក្រុម​ឈ្មួញ ដែល​ឆ្លងកាត់​តាម​មុខមន្ត្រី​គយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងនោះ គេ​សង្កេតឃើញថា មន្ត្រី​ជំនាញ​គយ​មិនដែល​ត្រួតពិនិត្យ​អ្វី​នោះទេ​គ្រាន់តែ​ងក់ក្បាល​ដាក់គ្នា ជា​សញ្ញា​នោះ​ជាការ​ស្រេច ហើយ​មន្ត្រី​ទាំងនោះ​គ្រាន់តែ​អង្គុយ​ស្ងៀម​ចាំ​កត់​រាប់​ចំនួន​រទេះ​គិតលុយ​តែប៉ុណ្ណោះ​៕

KA-04-08-2016-20 KA-04-08-2016-21