បណ្ឌិតសេដ្ឋកិច្ច ហង់ ជួនណារ៉ុន នៅ​លើ​វិថីកំណែ​ទម្រង់​ការ​អប់រំរយៈ​ពេល​៣​ឆ្នាំ​

ចាប់តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៣ លោករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន មានមហិច្ឆតាធ្វើកំណែទម្រង់ការអប់រំដ៏ពុកផុយនៅកម្ពុជា ឲ្យមានសក្ដានុភាពឡើងវិញ។ ពង្រឹងគុណភាពអប់រំ រឹតបន្តឹងការប្រឡង ដំឡើងប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀន សុទ្ធសឹងជាអ្វីដែលលោករដ្ឋមន្ដ្រីរូបនេះបានធ្វើរួចហើយ បើទោះបីជាត្រូវរងការសង្ស័យចំពោះសមត្ថភាពពីដំបូងក៏ដោយចុះ។ វិទ្យុបារាំងសូមឆ្លៀតឱកាសនេះ ពិនិត្យមើលឡើងវិញនូវការងាររបស់រដ្ឋមន្ដ្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន នៅលើវិថីកំណែទម្រង់ការអប់រំតាំងពីឆ្នាំ២០១៣មក។

គេនៅចាំបានថា នៅពេលលោក ហង់ ជួនណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅខែកញ្ញាឆ្នាំ២០១៣ វិស័យអប់រំកម្ពុជាត្រូវបានញាំញីដោយបញ្ហាសំខាន់ៗជាច្រើន។ ក្នុងនោះមានដូចជា ការធ្លាក់ចុះនៃសេវាអប់រំ គុណភាពអន់ខ្សោយនៃយុវជនដែលបានបញ្ចប់ការសិក្សា ប្រាក់ខែគ្រូបង្រៀនទាប អំពើពុករលួយនៅក្នុងស្ថាប័នអប់រំនិងការប្រឡង ព្រមទាំងវិសមភាពនៃបរិមាណគ្រូបង្រៀននៅទីប្រជុំជន និងទីជនបទដាច់ស្រយាលជាដើម។

ប្រវត្តិការសិក្សានិងការងារចេញពីវិស័យសេដ្ឋកិច្ច ធ្វើឲ្យសង្គមចោទសួរជារឿយៗអំពីសមត្ថភាពរបស់លោករដ្ឋមន្ដ្រីថ្មី ហង់ ជួនណារ៉ុន។ ប៉ុន្តែភាពសង្ស័យអស់ទាំងនេះមិនបានបង្អាក់ការតាំងចិត្តរបស់បណ្ឌិតមកពីរុស្ស៊ីរូបនេះ នៅក្នុងការងារកែទម្រង់ការអប់រំនៅកម្ពុជាឡើយ។

ភ្លាមៗបន្ទាប់ពីឡើងកាន់ដំណែង លោកបណ្ឌិត ហង់ ជួនណារ៉ុន បានដាក់ចេញនូវផែនការសកម្មភាពអប់រំអាទិភាពចំនួន៨ចំណុច។ ទី១៖ បង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំ។ ទី២៖ ពង្រឹងការគ្រប់គ្រងបុគ្គលិក។ ទី៣៖ ពង្រឹងការប្រឡងគ្រប់ប្រភេទ។ ទី៤៖ កែទម្រង់ឧត្តមសិក្សា។ ទី៥៖ អភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេសនិងជំនាញទន់។ ទី៦៖ អនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទី៧៖ បង្កើតធនាគារខួរក្បាលវិស័យអប់រំ។ និងអាទិភាពទី៨៖ កែទម្រង់ការអប់រំកាយនិងកីឡា។

មួយឆ្នាំបន្ទាប់ពីឡើងកាន់ដំណែង កំណែទម្រង់ការអប់រំរបស់លោក ហង់ ជួនណារ៉ុន ឈានជំហានដំបូង តាមរយៈយន្តការរឹតបន្តឹងការប្រឡងបាក់ឌុប។ ការប្រឡងបាក់ឌុបក្នុងខែសីហាឆ្នាំ២០១៤ ដែលមិនអនុញ្ញាតឲ្យមានការសូកលុយជាដាច់ខាតក្នុងដំណើរការប្រឡង ក៏ដូចជាហាមឃាត់ការបើកចម្លងនិងលួចចម្លងគ្នា។ ក្រសួងក៏បានអនុញ្ញាតឲ្យមានការសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នពាក់ព័ន្ធ នៅក្នុងដំណើរការប្រឡងផងដែរ។

ជាការពិត ការរឹតបន្តឹងការប្រឡងដូច្នេះ ទទួលបានការគាំទ្រ ច្រើនជាងការរិះគន់ ប៉ុន្តែមានតិចតួចណាស់ដែលជឿជាក់ថា អាចធ្វើទៅបាន។ ជឿជាក់តិចតួចព្រោះថា កន្លងមក ការប្រឡងបាក់ឌុបនៅកម្ពុជា ត្រូវគ្របដណ្ដប់ដោយឥទ្ធិពលនៃអំពើពុករលួយ។ សិស្ស សូកប៉ាន់គ្រូដើម្បីលួចចម្លងចម្លើយ។ អាណាព្យាបាលសិស្ស ក៏សូកប៉ាន់គ្រូដើម្បីធានាថា កូនក្មួយរបស់ខ្លួនប្រាកដជាជាប់បាក់ឌុប បើទោះបីជាមិនបានសរសេរចម្លើយត្រឹមត្រូវនៅក្នុងការប្រឡងក៏ដោយ។

ទោះបីជាសាធារណៈជនមិនសូវជឿជាក់ ប៉ុន្តែការប្រឡងបាក់ឌុបនៅឆ្នាំ២០១៤នោះ ប្រព្រឹត្តទៅយ៉ាងតឹងតែងជាទីបំផុត។ ជាលទ្ធផល សិស្សជាង៧៥ភាគរយ ឬស្មើនឹងប្រមាណ៦ម៉ឺននាក់ ប្រឡងធ្លាក់បាក់ឌុប។ យ៉ាងណាក៏ដោយ ក្រសួងបានសម្រេចរៀបចំការប្រឡងជាលើកទី២ ដើម្បីផ្ដល់ឱកាសឲ្យបេក្ខជនដែលប្រឡងធ្លាក់ ហើយការសម្រេចនេះ បានទទួលការស្វាគមន៍គាំទ្រយ៉ាងកក់ក្ដៅពីសំណាក់សាធារណៈមតិទូទៅ ជាពិសេសប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មកពីគណបក្សប្រឆាំង។ នៅឆ្នាំ២០១៥ ការរឹតបន្តឹងការប្រឡងបាក់ឌុបនៅតែបន្តធ្វើ ប៉ុន្តែគ្មានទៀតឡើយ ការប្រឡងឡើងវិញជាលើកទី២។ បេក្ខជនដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១៥ កើនឡើងជាងឆ្នាំ២០១៤ ចំនួន១៥ភាគរយ ដែលលទ្ធផលនេះត្រូវបានអ្នកជំនាញផ្នែកអប់រំពន្យល់ថា អាចបណ្ដាលមកពីកត្តាពីរ៖ ទី១ សិស្សប្រឹងប្រែងរៀនជាងមុន និងទី២ គុណភាពអប់រំប្រសើរជាងមុន។

ទន្ទឹមនឹងធ្វើកំណែទម្រង់ រឹតបន្តឹងនៅពេលប្រឡង ក្រសួងអប់រំក៏បានធ្វើការងារផ្សេងទៀត ផ្អែកតាមផែនការសកម្មភាពអប់រំ៨ចំណុចដែលបានដាក់ចេញផងដែរ។ តាំងពីឆ្នាំ២០១៣ ក្រសួងបានពង្រឹងគុណភាពគ្រូ និងជ្រើសរើសគ្រូបន្ថែមដើម្បីបំពេញសេចក្ដីត្រូវការ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ប្រាក់ខែគ្រូបង្រៀនបានឡើងស្រឺតៗពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំ២០១៦នេះ ប្រាក់បៀវត្សរ៍គ្រូបង្រៀនបានឡើងដល់៨០ម៉ឺនរៀល ហើយនឹងបន្តឡើងឲ្យបានយ៉ាងហោចណាស់១លានរៀលនៅឆ្នាំ២០១៨ខាងមុខ។

ក្រសួងអប់រំ ក៏បានដាក់បញ្ចូលការអប់រំអំពីការប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាផងដែរ ដោយសង្ឃឹមថា អាចបំបាត់បញ្ហាពុករលួយនៅក្នុងប្រព័ន្ធសិក្សាបាន។ សាលារៀនជំនាន់ថ្មី កំពុងតែរៀបចំបង្កើតឲ្យមាននៅកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល។ គម្រោងសាលារៀនជំនាន់ថ្មីនេះ នឹងផ្ដល់ប្រាក់ឧបត្ថម្ភដ៏សមស្របមួយសម្រាប់គ្រូ ជាថ្នូរមកវិញ គ្រូត្រូវធានាឲ្យបាននូវការអប់រំដ៏ប្រសើរសម្រាប់សិស្ស។

តាមរយៈសមិទ្ធផលជាវិជ្ជមានទាំងនេះ ភាពសង្ស័យលើឆន្ទៈនិងសមត្ថភាពរបស់លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន នៅក្នុងការងារកែទម្រង់ការអប់រំ ទំនងជាលែងមានច្រើនដូចមុនទៀតហើយ។ ប៉ុន្តែការងារកន្លងមកនេះ នៅមិនទាន់ឆ្លើយតបទៅនឹងផែនការសកម្មភាពអប់រំអាទិភាព៨ចំណុច ដែលរដ្ឋមន្ដ្រីរូបនេះដាក់ចេញកាលពីដើមអាណត្តិនៅឡើយទេ។ ការកែទម្រង់ឧត្តមសិក្សា អភិវឌ្ឍជំនាញបច្ចេកទេសនិងជំនាញទន់សម្រាប់យុវជន ព្រមទាំងការកែទម្រង់ការអប់រំកាយនិងកីឡា គឺជាវិញ្ញាសាបន្ទាប់សម្រាប់បណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីរុស្ស៊ីរូបនេះ។ តើវិស័យអប់រំ យុវជន និងកីឡា អាចស្ដារមុខមាត់បានឡើងវិញកម្រិតណា ក្រោមការដឹកនាំរបស់លោក ហង់ ជួនណារ៉ុន? គេត្រូវការពេលវេលាបន្តិចទៀត ទើបអាចឆ្លើយនឹងសំណួរនេះបាន៕ ប្រភព៖ RFI


Related Posts