វិធី​សម្ងាត់​៧យ៉ាង របស់​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​រាង​ស្លីម​ស្អាត និង​សុខភាព​ល្អ

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​នៃ​មនុស្ស​ធាត់​លើស​ទម្ងន់​ទាប​បំផុត និង​ប្រជាជន​មាន​ភាព​ជឿជាក់​ខ្ពស់​បំផុត នៅ​លើ​ពិភពលោក។ កត្តា​ទាំង​នេះ​គឺ​បណ្តាល​មក​ពី​ទម្លាប់​សម្ងាត់ ទាំង​៧យ៉ាង របស់​ប្រជាជន​ជប៉ុន ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ។

 

១) ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក ក្រោយ​ក្រោក​ពី​ដំណេក

វា​គឺ​ជា​ទម្លាប់​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​ជប៉ុន ក្នុង​ការ​ទទួល​ទាន​ទឹក ក្រោយ​ក្រោក​ពី​ដំណេក ជា​រៀង​រាល់​ព្រឹក។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​ធ្វើ​បែប​នេះ ផ្តល់​នូវ​ប្រយោជន៍​ដ៏​ច្រើន​លើស​លុប​ចំពោះ​សុខភាព។

 

២) ជ្រើស​រើស​អាហារ​ដែល​មាន​ជាតិ​កាឡូរី​តិច

បើ​ប្រៀបធៀប​ជា​មួយ​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត ប្រជាជន​ជប៉ុន​ជា​មធ្យម​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​តិច​ក្នុង​មួយ​ថ្ងៃ តែ​ទទួល​បាន​សុខភាព​ល្អ ជាង​ប្រជាជន​ដទៃ​ទៀត។ អាហារ​បែប​ជប៉ុន​ធម្មតា​មួយ​ពេល គឺ បាយ​មួយ​ចាន ទឹក​ស៊ុប​មួយ​ចាន និង​ម្ហូប​៣ចាន រួម​មាន ត្រី សាច់ ឬ តៅហ៊ូ និង បន្លែ។ ពួក​គេ​បរិភោគ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ត្រី​ច្រើន ដែល​អាហារ​ទាំង​នេះ​មាន​ជាតិ​កាឡូរី​តិច។

 

វិធី​សម្ងាត់​៧យ៉ាង របស់​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​រាង​ស្លីម​ស្អាត និង​សុខភាព​ល្អ

 

៣) ទទួល​ទាន​ឲ្យ​ឆ្អែតត្រឹម ៨០ភាគរយ

ប្រជាជន​ជប៉ុន​ជាច្រើន​បាន​អនុវត្ត​តាម​ក្បួន «Hara Hachi Bu» ដែល​មាន​ន័យ​ថា ទទួល​ទាន​រហូត​ដល់​ឆ្អែត ៨០ភាគរយ។ ប្រសិន​បើ​អ្នក​ឈប់​ទទួល​ទាន នៅ​ពេល​ឆ្អែត​បាន ៨០ភាគរយ ហើយ​រង់​ចាំ​មួយ​សន្ទុះ ពេល​នោះ​អ្នក​នឹង​ដឹង​ថា អ្នក​មិន​ត្រូវ​ការ​ទទួល​ទាន​ដើម្បី​ឲ្យ​ឆ្អែត ២០ភាគរយ​ទៀត​ទេ ដែល​នេះ​ស​បញ្ជាក់​ថា អ្នក​នឹង​ទទួល​ទាន​តិច ហើយ​រក្សា​រូបរាង​បាន​ស្អាត និង​មាន​សុខភាព​ល្អ។ ទម្លាប់​នេះ​ត្រូវ​បាន​បន្ត​ធ្វើ​យ៉ាង​ទូលំ​ទូលាយ នៅ​ឯ​កោះ Okinawa នៃ​ប្រទេស​ជប៉ុន ដែល​ជា​កោះ​សម្បូរ​ទៅ​ដោយ​ប្រជាជន​អាយុ លើស​១០០ឆ្នាំ។

 

៤) ទទួល​ទាន​បាយ

បាយ នៅ​តែ​ជា​អាហារ​សំខាន់​របស់​ប្រជាជន​ជប៉ុន។ អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ហើយ​ថា បាយ មាន​ជាតិ​ស្ករ​ខ្ពស់ ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង និង​នាំ​ឲ្យ​ឡើង​ទម្ងន់ ប៉ុន្តែ​ការ​ទទួល​ទាន​បាយ និង​អាហារ​លាយ​គ្នា ធ្វើ​ឲ្យ​រាល់​ផល​អវិជ្ជមាន​ទាំង​នោះ ត្រូវ​កាត់​បន្ថយ ឬ​គ្មាន​តែម្តង។ ឧទាហរណ៍​ដូច​ជា អាហារ​ស៊ូស៊ី​ជប៉ុន គឺ​មិនមែន​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ ដោយសារ​តែ​វា​ជា​អាហារ​ដែល​ផ្សំ​ឡើង​ពី បាយ ត្រី បន្លែ និងសារ៉ាយ។

 

វិធី​សម្ងាត់​៧យ៉ាង របស់​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​រាង​ស្លីម​ស្អាត និង​សុខភាព​ល្អ

 

៥) ទទួល​ទាន​តែ​បៃតង​ច្រើន

អាហារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​បម្រើ​ជាមួយ​នឹង​តែ​បៃតង។ ពួក​គេ​ចង់​ទទួល​ទាន​អាហារ ជា​មួយ​នឹង តែ​បៃតង ឬ​ផ្លែឈើ ជាង​បង្អែម។ បង្អែម ត្រូវ​បាន​ពួក​គេ​ទទួល​ទាន ជា​មួយ​នឹង កាហ្វេ នៅ​ពេល​រសៀល ក្នុង​កម្រិត​តិចតួច​មួយ។ បើ​យោង​តាម​ស្ថិតិ​ថ្មី​មួយ​ពី​អង្គការ​ស្បៀង និងកសិកម្ម នៃ​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជប៉ុន​ជា​មធ្យម​ទទួល​ទាន​ជាតិ​ស្ករ ត្រឹមតែ ៤៨,៨ក្រាម​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ដែល​វា​ជា​ចំនួន​ដ៏​តិច​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​នៃ​ប្រទេស​ដទៃ​ទៀត។

 

៦) ទទួល​ទាន​អាហារ​ត្រាំ ឬជ្រក់

ជ្រក់​បន្លែ គឺ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​ប្រជាជន​ជប៉ុន។ ជ្រក់​បន្លែ​ត្រូវ​បាន​បំបែក​ដោយ​បាក់តេរី ដែល​ធ្វើ​ឲ្យ​រាងកាយ​ងាយស្រួល ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជំរុញ​ឲ្យ​មាន​កំណើត​នៃ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន។

 

៧) ដើរ

ការ​ដើរ​ជា​ផ្នែក​មួយ​នៃ​ការ​សម្ងាត់​ធំ​បំផុត​ក្នុង​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​របស់​ប្រជាជន​ជប៉ុន។ ក្រសួង​សុខាភិបាល ការងារ និង សុខុមាលភាព​ជប៉ុន ណែនាំ​ឲ្យ​ដើរ​ចន្លោះ​ពី ៧ ០០០ ទៅ ១០ ០០០ ជំហាន (៥ ទៅ ៧ គីឡូម៉ែត្រ) ជា​រៀង​រាល់​ថ្ងៃ ខណៈ​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន ពឹង​ផ្អែក​លើ​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ និង​ដើរ​ទៅ​ធ្វើការ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts