ក្រសួង​​អប់​រំ​ស្នើ​​​សុំ​កង​កម្លាំង​​៥ ទៅ​១០​នាក់ ​រក្សា​សន្តិសុខ​តាម​មណ្ឌល​ប្រលង​បាក់ឌុប

​ដើម្បី​​ធានា​សន្តិសុខ​សុវត្ថិភាព​​​​នៅ​​ថ្ងៃ​​ប្រលង​បាក់​ឌុប​​ខាង​មុខ​នេះ​ ក្រសួង​អប់​រំ​បាន​ស្នើ​សុំ​​ទៅ​ក្រសួង​​មហា​ផ្ទៃ​ ឲ្យ​ជួយ​ផ្ដល់​ជា​កង​​កម្លាំង​​​នគរ​បាល​ពី ៥​ ទៅ ១០នាក់​ ដាក់​ការពារ​​នៅ​​​តាម​មណ្ឌល​ប្រលង​នី​មួយ​ៗ​។ ​​

 

ក្រសួង​​អប់​រំ​ស្នើ​​​សុំ​កង​កម្លាំង​​៥ ទៅ​១០​នាក់ ​រក្សា​សន្តិសុខ​តាម​មណ្ឌល​ប្រលង​បាក់ឌុប

រូប​ភាព​ពេល​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១៥

 

ថ្លែង​ក្នុង​សន្និសីទ​​សារព័ត៌មាន​​​ស្ដី​ពី​​ការ​រៀប​ចំ​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៦​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណា​រ៉ុន បាន​ឲ្យ​ដឹង​ថា៖​​” …ក្រសួង​​​​​ក៏​បាន​ស្នើ​សុំ​ទៅ​ឲ្យ​ក្រសួង​មហា​ផ្ទៃ ជា​ពិសេស​សម្ដេច​ក្រឡាហោម ហើយ​និង​ទៅ​ដល់​​ឯកឧត្ដម​ អគ្គនាយក​កង​​​​​នគរ​បាល​ជាតិ ដើម្បី​​ជួយ​ជា​កង​កម្លាំង មាន​ទាំង​កង​នគរ​បាល ដើម្បី​ជួយ​ក្នុង​ការ​​ថែរក្សា​​នូវ​សុវត្ថិភាព​នៅ​មណ្ឌល​ប្រលង។ អីចឹង ជា​រួម​នៅ​​​ក្នុង​មណ្ឌល​ប្រលង​នី​មួយ​ៗ ​មាន​​អ្នក​ដែល​​ការពារ​ជា​មធ្យម​​ពី​៥​ទៅ​១០​នាក់ ​យើង​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ហើយ អីចឹង​​មិន​​មាន​ការ​ត្រូវ​​ព្រួយ​បារម្ភ​អ្វី​ទេ​ ​ក៏​ប៉ុន្តែ​ជា​​រៀង​រាល់​ឆ្នាំ​យើង​នៅ​​តែ​​បន្ត​​ការ​ប្រុង​ប្រយ័ត្ន”។

 

​​​​​​លោក ហង់​ ជួន​ណា​រ៉ុន​​ក៏​បាន​បន្ថែម​ដែរ​ថា មុន​នឹង​ដំណើរ​ការ​​ប្រលង​មក​ដល់ ក្រសួង​​​មាន​ការ​ប្រជុំ​ណែ​នាំ​បន្ថែម​ដល់​គណៈកម្មការ​មេ​ប្រយោគ​​នៅ​រាជ​ធានី​ក៏​ដូច​ជា​​តាម​ខេត្ត​នី​មួយ​ៗ​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ផ្សព្វផ្សាយ​ ការ​ណែ​នាំ​បច្ចេកទេស​ និង​ទាក់​ទង​ជា​មួយ​​​ក្រុម​ទទួល​ខុស​ត្រូវ​​ខាង​រក្សា​សន្តិសុខ។ ក្រសួង​​ក៏​បាន​ស្នើ​សុំ​ឲ្យ​​អាជ្ញាធរ​ខេត្ត​ក្រុង ចូល​​រួម​សហការ​គ្នា​ក្នុង​ការងារ​នេះ​ ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រលង​មាន​​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ខ្ពស់៕

 

ក្រសួង​​អប់​រំ​ស្នើ​​​សុំ​កង​កម្លាំង​​៥ ទៅ​១០​នាក់ ​រក្សា​សន្តិសុខ​តាម​មណ្ឌល​ប្រលង​បាក់ឌុប

រូប​ភាព​ពេល​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១៥

 

ចុចអាន៖  ក្រ​សួង​អប់​រំ​ ទម្លាយ​បែប​ផែន​វិញ្ញាសា​បាក់​ឌុប

 

អត្ថបទ​៖ មាន រតនា​​