ត្រូវ​គ្រប់គ្រង​ម្ហូបអាហារ​អោយ​មាន​ប្រសិទ្ធភាព មុន​ពេល​វា​សម្លាប់​មនុស្ស

នៅ​មួយ​រយ​:​ពេល​ចុង​ក្រោយ​នេះ មុខរបរ​ម្ហូបអាហារ​ជា​ច្រើន​បាន​ចាប់ផ្តើម​លក់​ច្រើន​ឡើង​ច្រើន​ឡើង​តាម​ដងផ្លូវ​ទីក្រុង​ភ្នំពេញ​។ វា​ជា​ការ​រីក​ចម្រើន​មុខរបរ​មួយ​ដែល​នឹង​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ហើយ​វា​ក៏​ជួយ​បន្ថយ​ការ​ចំណាយ​របស់​មនុស្ស​ជា​ច្រើន​ទៅ​លើ​អាហារ​ដែល​ថ្លៃ​ៗ​តាម​ភោ​ជនី​ដ្ឋា​ន​។

ដូច្នេះ​រដ្ឋ​អាច​ចូលរួម​ជួយ​ប្រជាជន​ប្រកប​មុខរបរ​តូច​ៗ​បែប​នេះ​អោយ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​អត់​ការងារ​ធ្វើ និង​ដើម្បី​ជួយ​សម្រាល​ដល់​ប្រជាជន​នៅ​ក្នុង​ការ​ចំណាយ​ទៅ​លើ​ម្ហូបអាហារ​។

ទន្ទឹម​នឹង​ការ​កើនឡើង​នេះ ក៏​មានការ​ព្រួយបារម្ភ​ជា​ច្រើន​ទាក់ទង​នឹង​ម្ហូបអាហារ​នេះ​។ អាហារ​មាន​ជាតិ​គីមី​ច្រើន និង​អាហារ​មិនសូវ​មាន​អនាម័យ​បាន​ក្លាយទៅជា​ការ​ព្រួយ​បារម្ភ​របស់​មនុស្ស​ភាគច្រើន​នៅ​ក្រុងភ្នំពេញ​។ អ្នកខ្លះ​បារម្ភ​ខ្លាំង​រហូត​ដល់​លែង​ហ៊ាន​បរិភោគ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​។ ចំណែក​មេផ្ទះ​ខ្លះ​ក៏​មិន​ហ៊ាន​ទិញ​បន្លែ​សាច់​ពី​អ្នកលក់​ដែល​មិន​ស្គាល់​ឡើយ​។

ជាមួយនឹង​ការ​ព្រួយបារម្ភ​ទូទៅ​របស់​មហាជន​បែប​នេះ អាជ្ញាធរ​ត្រូវ​បង្កើន​ការ​គ្រប់គ្រង​ដល់​ម្ហូបអាហារ​ដើម្បី​ធានា​ថា វា​មិន​មាន​ជាតិ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព ហើយ​មាន​អនាម័យ​គ្រប់គ្រាន់​សម្រាប់​ការ​ទទួលទាន​។

ការ​គ្រប់គ្រង​ដល់​ការ​លក់​ម្ហូបអាហារ​មិនមែន​ត្រឹមតែ​ជួយ​ដល់​អ្នកទិញ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​អ្នកលក់​ផង​ដែរ​។ សម្រាប់​អ្នកទិញ​ម្ហូបអាហារ ពួក​គេ​អាច​មាន​សុវត្ថិភាព ហើយ​ចៀសវាង​បានការ​មាន​ជំងឺ​ដែល​បណ្តាល​មក​ពី​អាហារ​មាន​ជាតិ​គីមី និង​មិន​មាន​អនាម័យ​។ ដូច្នេះ​ពួក​គេ​ក៏​មិន​ចំណាយ​ថវិកា​ទៅ​លើ​បញ្ហា​សុខភាព​ដែល​បណ្តាល​មក​ពី​ម្ហូបអាហារ​មាន​ជាតិ​គីមី និង​មិន​មាន​អនាម័យ​។

អាហារ​ស្អាត​ប្រកបដោយ​អនាម័យ និង​ឆ្ងាញ់​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​។ ភ្ញៀវ​ទេសចរណ៍​បរទេស​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​តែងតែ​ចង់​ភ្លក្ស​រសជាតិ​អាហារ​នៃ​ប្រទេស​នោះ​។

ចំណែក​អ្នកលក់​ម្ហូបអាហារ​វិញ ក៏​បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ពី​ការ​ធ្វើ​ម្ហូបអាហារ​ដែល​មិន​មាន​ជាតិ​គីមី និង​ដែល​មាន​អនាម័យ​។ បើសិនជា​ពួក​គេ​ធ្វើ​ម្ហូបអាហារ​ប្រកប​ដោយ​សុខភាព​នោះ ពួក​គេ​នឹង​មាន​អ្នកទិញ​ច្រើន ហើយ​មុខរបរ​ក៏​កាន់តែ​លូតលាស់​។ ដូច្នេះ​អ្នកលក់​ម្ហូបអាហារ​ត្រូវ​តែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​តាម​រយ​:​ការ​ធ្វើ​ម្ហូប​ដែល​ផ្តល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ជា​ជាង​ផ្តល់​ជំងឺ​។ ចំណែក​អាជ្ញា​ធរមាន​ភារកិច្ច​ត្រូវ​អប់រំ​អ្នកលក់​ទាំងអស់​គិតគូរ​ដល់​បញ្ហា​សុខភាព​របស់​អ្នក​ប្រើប្រាស់​។

បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​ជា​រឿង​ដ៏​ធំដុំ​មួយ​ទាមទារ​អោយ​មនុស្ស​គ្រប់​គ្នា​ចូលរួម ដើម្បី​សុខភាព និង​ជីវិត​ទាំងអស់​។ បើសិនជា​មនុស្ស​បរិភោគ​អាហារ​ដែល​ប៉ះពាល់​ដល់​សុខ​ភាព​រាល់ថ្ងៃ​នោះ វា​នឹង​សម្លាប់​មនុស្ស​បន្តិច​ម្តង​ៗ​តាម​រយ​:​ការ​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​។

ដូច្នេះ​វា​មាន​ហេតុផល​យ៉ាង​គ្រប់គ្រាន់​ដែល​កម្ពុជា​ត្រូវ​មាន​គោលនយោបាយ​គ្រប់គ្រង​ម្ហូបអាហារ​យ៉ាង​ម៉ឺងម៉ាត់​៕