ញាក់សាច់ ! វី​ស្តូ​បុក​រះ​ម៉ូតូ​៤​គ្រឿង

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​វី​ស្តូ​១​គ្រឿង​បាន​បើក​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​៤​នាក់ ស្រាល​៣​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត ម៉ា​កវី​ស្តូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E-0833 តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទាំង​សភាព​ស្រវឹងស្រា​ជោគ​ជាំ​ក្នុង​ល្បឿន​លឿន ហើយ​រេ​ពេញ​ផ្លូវ ចំណែក​ម៉ូតូ​រង​គ្រោះ​៤​គ្រឿង​បើកបរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​រេ​ចង្កូត​បើក​ចូល​ផ្លូវ​របស់​ម៉ូតូ​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង គឺ​ទី​១-​បុក​ម៉ូតូ​ម៉ាក វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1G-6026 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ បណ្ដាល​ឲ្យ​ប្រពន្ធ​រង​របួសធ្ងន់ រួច​ទៅ​បុក​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹ​ប៊ិ​ច ជិះ​ម្នាក់ឯង រង​របួសធ្ងន់ ហើយ​ជ្រុល​ទៅ​បុក ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​អំបែង​កញ្ចក់​ចាក់​ចំ​ច្រមុះ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​តែ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រង​របួសធ្ងន់ ចំណែកឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណត់​ខាង​មុខ និង​បែក​កញ្ចក់​មុខ​រថយន្ត ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​អ្នក​របួសធ្ងន់​ទាំង​៤​នាក់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​បាន​ធ្វើ​រារាំង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន និង​ដឹក​យក​ជន​បង្ក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ចំណែកឯ​ម៉ូតូ និង​រថយន្ត​បង្ក​វិញ ត្រូវ​សមត្ថកិច្ច​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕