ផ្អើល​ឈុ​ល ! ស្ត្រី​ម្នាក់​ត្រូវ​គេ​ចាប់ជំរិត​ក្នុង​អា​ផាត​មិន

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​គេ​ចាប់​​ជំរិត​គំរាម​ទារប្រាក់​អស់​៤​ម៉ឺន​យ័ន​(​លុយ​ចិន)បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ និង៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​អា​ផាត​មិន នគរ​ឡាក់​គី នៅ​ជិត​ចំណតរថយន្ត​ផ្សារ​ធំថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។

បើ​តាម​សំដី​ស្ត្រី​​រង​គ្រោះ​ដែល​ជា​ជន​ជាតិចិន មានមុខរ​បរជា​អ្នកលក់​សម្លៀក​​បំពាក់​កូន​ក្មេង​នៅ​ក្នុង​ផ្សារ​អូរ​ឡាំ​ពិ​ក តូប​លេខ​៣៧០ បាន​ឲ្យ​ដឹង​ថា រូប​គាត់​និង​ជនសង្ស័យ​មិន​ដែល​ស្គាល់គ្នា​ទេ ។ មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ​ ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ទាក់ទង​រូប​គាត់ (​មិនដឹង​បាន​លេខ​ទូរស័ព្ទ​មកពីណា​) ថា​ចង់​រកស៊ី​ជាមួយ​គាត់ ព្រោះ​គេ​ស្គាល់​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ពេល​ឮ​ដូច្នេះ​រូប​គាត់​ក៏​បាន​ណាត់ជួប​ជាមួយ​ជនសង្ស័យ​ដើម្បី​រកស៊ី​ជាមួយ​គ្នា ។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា លុះ​ស្អែក​ឡើង​ត្រូវ​ហ្នឹង​ថ្ងៃ​កើតហេតុ នៅ​វេលា​ម៉ោង​៨​ព្រឹក គាត់​បាន​ប្រាប់​ប្តី​ឲ្យ​មក​ជួយ​លក់​មួយ​ព្រឹក ព្រោះ​គាត់​ត្រូវ​ទៅ​ក្រៅ​ជួប​ម៉ូយ​ដែល​ជា​អ្នក​នាំ​សម្លៀក​​បំពាក់​មក​ពី​ក្រៅប្រទេស ។ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក​សំដៅ​ទៅ​ផ្លូវ​លេខ​៣១០​ដើម្បី​ទៅ​យក​មិត្តភក្តិ​ម្នាក់​ទៀត​ទៅ​ជាមួយ​គ្រាន់​បានជា​គ្នា ខណៈ​ពេល​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ផុត​ពី​ផ្សារ​អូ​ឡាំ​ពិ​កបាន​បន្តិច​ដល់​ចំណុច​ផ្លូវកែង ស្រាប់តែ​មាន​រថយន្ត​ទូ​រី​ស​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​បើក​មក​ស្ទាក់​កាក់​ពីមុខ​រ៉ឺ​ម៉ក​ម៉ូតូ ដោយ​មាន​បុរស​២​នាក់​ចុះ​ពីលើ​រថយន្ត​មក​គំរាម​បាញ់​សម្លាប់ ហើយ​ក៏​ដក​កាំភ្លើង​ភ្ជង់​​ជន​រង​គ្រោះ​ចង​​បិទ​ភ្នែក ហើយ​រុញ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​យក​មក​ដល់​ផ្សារ​ថ្មី ទើប​បើកភ្នែក​ឲ្យ​វិញ និង​បាន​នាំ​ស្ត្រី​រង​គ្រោះ​ឡើង​ទៅ​អា​ផាត​មិន នគរ​ឡាក់​គី បន្ទប់​លេខ​៣០៥ ដោយ​មាន​កាំភ្លើង​ភ្ជង់​ជាប់​ពីក្រោយ​រហូត ។ ពេល​ដល់​ក្នុង​បន្ទប់​ជនសង្ស័យ​បាន​ប្រាប់​ទៅ​ស្ត្រី​រង​គ្រោះ​ឲ្យ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ចិន​ផ្ញើរ​ប្រាក់​ចំនួន​១០​ម៉ឺន​យ័ន(លុយចិន)​ឲ្យ​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ដោយសារ​ខាង​គ្រួសារ​នៅ​ឯ​ស្រុក​ចិន​រក​លុយ​មិន​ទាន់​ ទើប​សុំ​នៅ​ត្រឹម​៤​ម៉ឺន​យ័ន ។ ក្រោយ​ពី​បាន​ទទួល​ប្រាក់​ហើយ​ជនសង្ស័យ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ នៅ​សល់​តែ​រូប​គាត់​ដែល​ត្រូវ​ជនសង្ស័យ​ចាប់​ចងដៃ​ ក៏​បាន​ដើរទៅ​ជិត​តុ​យក​កាំបិត​កាត់​ចំណង រួច​ហើយ​ទូរស័ព្ទ​ប្រាប់​ប្តី ។

បើ​តាម​សំដី​អ្នក​គ្រប់​គ្រង់​អា​ផាត​មិន​វិញ​បាន​ឲ្យ​ដឹង​ថា មុន​ថ្ងៃ​កើត​ហ​តុ​មួយ​ថ្ងៃ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៧​ទៅ​៨​នាក់​បាន​មក​ជួល​អា​ផាត​មិន​ស្នាក់​នៅ​មួយ​ថ្ងៃ គឺ​បន្ទប់​លេខ​៣០៥ និង​២០៦ ។ នៅ​យប់​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​ដើរ​ចូល​ក្នុង​អា​ផាត​មិនជា​មួយ​បុរស​២​នាក់ តែ​បើ​មើល​តាម​កាយវិការ​ហាក់ដូចជា​អត់​មានការ​គំរាមកំហែង​អ្វី​ទេ គឺ​បុរស​ទាំង​២​នាក់​ដើរ​ពីមុខ ឯ​ស្ត្រី​រង​គ្រោះ​ដើរ​ពី​ខាងក្រោយ ស្រាប់តែ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ក៏​ផ្អើល​ថា មាន​គេ​ចាប់ជំរិត​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ ខាង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួង បាន​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​៣០៥​ដែល​គេ​ឃុំ​ស្ត្រី​រង​គ្រោះ និង​បាន​រង​ឃើញ​ខ្សែចំណង​ចងដៃ​ចំនួន​៣​ខ្សែ កូនកាំបិត​ចំនួន​មួយ ព្រមទាំង​ពិនិត្យ​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព និង​នាំ​អ្នកគ្រប់គ្រង​អា​ផាត​មិន និង​ស្ត្រី​រង​គ្រោះ​ទៅ​សួរនាំ​បន្ត​ទៀត ។

ជំហាន​ដំបូង​ខាង​សម្ថ​កិច្ច​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ជា​ករណី​អ្វី​ឲ្យ​ពិ​ដ​ប្រាកដ​ទេ ព្រោះថា តាម​សំដី​ស្ត្រី​រង​គ្រោះ និង​សំដី​អ្នក​គ្រប់​គ្រង់ អា​ផាត​មិន ហាក់ដូចជា​មិន​ស៊ីសង្វាក់​គ្នា​សោះ មាន​តែ​នាំ​ស្ត្រី​រង​គ្រោះ និង​អ្នក​គ្រប់​គ្រង់​អា​ផាត​មិន ព្រមទាំង​វី​ដេ​អូ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព​មក​ធ្វើការ​វិភាគ និង​សួរនាំ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ទើប​អាច​សន្និដ្ឋាន​បាន​ថា ជា​ករណី​អ្វី ។

ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អាច​ជា​ល្បិច​កល​របស់​ស្ត្រី​រង​គ្រោះ សង្ស័យ​ជំពាក់​លុយ​គេ​ច្រើន ទើប​ប្រើ​ល្បិច​ចាប់ជំរិត ដើម្បី​យក​លុយ​ពី​ក្រុម​គ្រួសារ​ក៏​អាច​ថា​បាន ។ ទោះបីជា​យ៉ាងណា​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ថា ជា​រឿង​អ្វី​ទេ ៕