គ្រាប់បែក​ចង្កោម​ដែលជាចំណងដៃ​សង្គ្រាម​នៅតែ​មាន​ផលប៉ះពាល់

កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជា បានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាមប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។

ភ្នំពេញ — ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រាប់បែកចង្កោម ប្រជារាស្ត្រខ្មែរដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកដ៏មហន្តរាយនេះ បានស្នើឲ្យអ្នកនយោបាយខ្មែរឈប់ទាស់ទែងគ្នាដែលអាចកើតជាសង្គ្រាម និងសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើអនុសញ្ញាដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មកនោះ។

កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជា បានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាមប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាច្រើន ក្នុងនោះមានការទម្លាក់គ្រាប់បែកចង្កោមជាមួយនិងគ្រាប់បែក B-52 តាមយន្តហោះចម្បាំងរបស់ខ្លួន។ ការទម្លាក់គ្រាប់បែកនេះ ក៏បានឆ្លងចូលមកទឹកដីកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។

លោកអ៊ុំម៉ៅ ថា វ័យ៦០ ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តកំពង់ចាម ដែលបានបាត់បង់ជើងខាងស្តាំដោយសារការទម្លាក់គ្រាប់បែកចង្កោម បានប្រាប់ VOA កាលពីថ្ងៃទី២៨ ខែកក្កដា នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាមថា លោកអ៊ុំពុំបានដឹងខ្លួនជាមុនចំពោះការទម្លាក់គ្រាប់បែកនោះទេ នៅក្រោយពេលដែលលោកអ៊ុំបានត្រឡប់មកពីរកត្រី។ ការទម្លាក់គ្រាប់បែកនៅពេលនោះធ្វើឡើងចំនួន១២ដងផ្ទួនៗគ្នា។ នេះបើតាមការបញ្ជាក់ពីលោកអ៊ុំម៉ៅ ថា។

លោកអ៊ុំនិយាយថា ការទម្លាក់គ្រាប់នោះបានបង្កការឈឺចាប់ឥតឧបមា និងធ្វើឲ្យលោកអ៊ុំក្លាយជាជនពិការ។ លោកអ៊ុំបន្តថា សង្គ្រាមមិនអាចកើតមានម្តងទៀតនោះទេ ហើយការប្រើប្រាស់គ្រាប់បែកចង្កោមដ៏វិនាសកម្មនេះត្រូវតែបញ្ឈប់។

«ខ្ញុំឆ្អែតហើយ បានខ្ញុំថា មិនចង់ទេ។ មិនចង់ឲ្យអញ្ចឹងទៀតទេ ចង់ឲ្យតែស្រុកយើងបានសន្តិភាពទៅ បានកូនចៅជំនាន់ក្រោយគ្នា ដូចថា រស់នៅបានសុខសាន្តណ៎ា។ កុំឲ្យមានកើតសង្គ្រាម មានគ្រាប់បែក គ្រាប់ទម្លាក់អីទៀត។ ខ្ញុំមិនចង់ឲ្យមាន ព្រោះខ្ញុំឆ្លងកាត់។ ហើយខ្ញុំនិងបងប្អូនខ្ញុំ៩នាក់ចូលនេះ…ស្លាប់អស់ហើយ នៅតែខ្ញុំបីនាក់ប្អូនខ្ញុំ។ ហើយអាប្អូនគទេ នៅតែប៉ុណ្ណឹងទេ អត់មានទៀតទេ»។

ការលើកឡើងរបស់លោកអ៊ុំម៉ៅ ថាអំពីការទប់ស្កាត់សង្គ្រាមមិនឲ្យកើតមានសារជាថ្មីលើទឹកដីកម្ពុជា និងការបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោមនេះ កើតមានឡើងនៅគ្រាដែលអង្គការជនពិការអន្តរជាតិ (Handicap International) កំពុងធ្វើយុទ្ធនាការស្នើឲ្យរាជរដ្ឋាភិបាលចុះហត្ថលេខាលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រាប់បែកចង្កោម។

កញ្ញា Kimberley McCosker ប្រធានតស៊ូមតិលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្រាប់ VOA នៅឯមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាមថា រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាលើការចុះហត្ថលេខាលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រាប់បែកចង្កោម ដោយហេតុថា រដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍ពីការចុះហត្ថលេខានោះ។

ផលប្រយោជន៍ទាំងនោះ រួមមានដូចជាកម្ពុជានឹងក្លាយទៅជាសមាជិកនៃសហគមន៍អន្តរជាតិស្តីពីគ្រាប់បែកចង្កោម ហើយកម្ពុជានឹងទទួលបានជំនួយបន្ថែមសម្រាប់ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ចំណែកឯជនរងគ្រោះនឹងទទួលបានជំនួយសេវាស្តារលទ្ធភាពពលកម្ម។

«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងចុះហត្ថលេខា។ ខ្ញុំគិតថា មានប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ប្រសិនបើរាជរដ្ឋាភិបាលធ្វើការងារដើម្បីចុះហត្ថលេខាលើអនុសញ្ញានេះ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលបានទទួលស្គាល់រឿងទាំងអស់នេះ…ដូច្នេះ ខ្ញុំមានក្តីសង្ឃឹមថា ពួកគេនឹងចុះហត្ថលេខា។

កញ្ញាថ្លែងបន្តថា រាជរដ្ឋាភិបាលមានភាពយឺតយ៉ាវនៅក្នុងការចុះហត្ថលេខាលើអនុសញ្ញានេះ ដោយសារមានការបកប្រែខ្លឹមសារនៃអនុសញ្ញានេះមិនបានត្រឹមត្រូវ និងម្យ៉ាងទៀតរាជរដ្ឋាភិបាលត្រូវបានគេឲ្យដឹងថា មានការបារម្ភពីបញ្ហាសន្តិសុខជាតិ បន្ទាប់ពីប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រឆាំងនឹងកម្ពុជា ក្នុងពេលមានជម្លោះគ្រប់គ្រងទឹកដីក្នុងតំបន់ប្រាសាទព្រះវិហារនាឆ្នាំ២០១១។ កញ្ញានិយាយថា៖

«ដូច្នេះ នៅពេលដែលអនុសញ្ញានេះត្រូវបានសរសេរជាលើកដំបូងនៅឆ្នាំ ២០០៨ មានការបកប្រែខុស នៅពេលវាត្រូវបានបកប្រែទៅជាភាសាខ្មែរ ហើយបន្ទាប់ពីនោះមក ជាអកុសល ប្រទេសថៃបានប្រើគ្រាប់រំសេវចង្កោមប្រឆាំងកម្ពុជាកាលពីឆ្នាំ២០១១។ ហើយមកទល់ពេលនេះ ហេតុផលដែលយើងត្រូវបានប្រាប់នោះគឺថា រាជរដ្ឋាភិបាលនឹងមិនចុះហត្ថលេខានោះទេ ដោយពួកគេបារម្ភពីបញ្ហាសន្តិសុខ»។

កញ្ញាបញ្ជាក់បន្តថា ការប្រើប្រាស់គ្រាប់បែកចង្កោមបានបង្កការខូចខាតជាច្រើនដល់ជីវិតមនុស្សតាមផ្លូវកាយ និងផ្លូវចិត្ត។ គ្រាប់បែកចង្កោមក៏បង្កក្តីអន្តរាយដល់ការអភិវឌ្ឍរបស់សង្គម ដូចជាដីត្រូវទុកចោលមិនអាចបង្កបង្កើនផលកសិកម្មបាន ឬក៏សង់ផ្ទះ សាលារៀន និងផ្លូវថ្នល់មិនបានជាដើម។

កញ្ញា Kimberley McCosker បន្ថែមថា នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ប្រទេសឡាវគឺជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រាប់បែកចង្កោមនៅក្នុងឆ្នាំ ២០០៨។ ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីបានក្លាយជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ តែសភានៃប្រទេសទាំងពីរនេះមិនទាន់បានផ្តល់ការអនុម័តទទួលយកអនុសញ្ញានេះនៅឡើយទេ។

គ្រាប់បែកចង្កោមគឺជាគ្រាប់បែកដែលត្រូវបានផលិតឡើងដើម្បីទម្លាក់ពីលើអាកាស និងបាចសាចកូនគ្រាប់បែកតូចៗពាសពេញផ្ទៃដីដ៏ធំ ដែលពេលខ្លះមានទំហំធំជាងតារាងបាល់ទាត់រហូតដល់៣ទៅ៤ដងទៅទៀត។ ចំនួនកូនគ្រាប់បែកតូចៗ ដែលបាចសាចមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទរបស់វា ហើយអាចមានចំនួនចាប់ពី១២រហូតដល់ច្រើនជាង៦០០គ្រាប់។ នេះបើយោងទៅតាមឯកសារស្តីពីគ្រាប់បែកចង្កោមនៅកម្ពុជា ដែលផ្តល់ដោយអង្គការជនពិការអន្តរជាតិ។

ឯកសារនេះឲ្យដឹងបន្ថែមថា គ្រាប់បែកចង្កោមដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាបង្កឲ្យមានការគំរាមកំហែងធ្ងន់ធ្ងរ និងជាបន្តបន្ទាប់ដល់ការរស់នៅ និងជីវភាពប្រជាជន។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមចំនួន៨០.០០០គ្រាប់ ដែលមានគ្រាប់បែកតូចៗសរុបចំនួន២៦លានគ្រាប់ នៅតំបន់ភាគខាងកើត និងភាគឦសាននៃប្រទេសកម្ពុជានៅអំឡុងសង្គ្រាមវៀតណាម នៅអំឡុងទសវត្សរ៍១៩៦០ និង១៩៧០។

គ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់មានរាយប៉ាយនៅក្នុងខេត្តចំនួនប្រាំពីរក្នុងប្រទេសកម្ពុជា បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល និងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមសេដ្ឋកិច្ច។

ឯកសារបានបន្តថា ក្នុងពេលបច្ចុប្បន្ន តាមការប៉ាន់ប្រមាណបានឲ្យដឹងថាមានផ្ទៃដីប្រមាណ២២០គីឡូម៉ែត្រការ៉េមានផ្ទុកគ្រាប់បែកចង្កោម។ ទោះបីជាយ៉ាងណាក្តី ក្រុមសកម្មភាពកំចាត់មីនកំពុងតែធ្វើការអង្កេតយ៉ាងហ្មត់ចត់នៅតំបន់ដែលរងគ្រោះដោយគ្រាប់បែកចង្កោមដើម្បីធ្វើការបញ្ជាក់ពីចំនួននេះ។ គ្រាប់បែកចង្កោមត្រូវបានស្វែងរកនៅភាគខាងកើតប្រទេសកម្ពុជា និងនៅខេត្តព្រះវិហារ។

ខេត្តត្បូងឃ្មុំ ដែលត្រូវបានបំបែកចេញពីខេត្តកំពង់ចាមកាលពីឆ្នាំ២០១៤ មានទីតាំងភូមិសាស្ត្រស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា។ គ្រាប់បែកចង្កោមត្រូវបានទម្លាក់ទៅលើផ្នែកខ្លះនៃទឹកដីខេត្តត្បូងឃ្មុំនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលកំពុងធ្វើការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅក្នុងខេត្តត្បូងឃ្មុំ។

នៅក្នុងចម្ការគ្រាប់មួយស្ថិតក្នុងឃុំជីរោទ៍២នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោកអ៊ុច អូន អនុប្រធាននាយកដ្ឋានផែនការ និងប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គ្រាប់បែកចង្កោមត្រូវបានទម្លាក់នៅច្រើនកន្លែងក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីខេត្តដែលស្ថិតនៅប៉ែកខាងកើតទន្លេមេគង្គទាំងអស់ បូកជាមួយនឹងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តព្រះវិហារ។

លោកថ្លែងថា ផ្ទៃដីដែលរងការទម្លាក់គ្រាប់បែកចង្កោមនេះមានទំហំធំធេងដែលតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងការបោសសម្អាតគ្រាប់បែកដែលមិនទាន់ផ្ទុះទាំងអស់នោះ។

«យើងសុំអំពាវនាវដល់ប្រជាជនហ្នឹង ពេលណាដែលគាត់ឃើញ ជួបប្រទះគ្រាប់បែកចង្កោមហ្នឹង ប្រការដែលល្អតែមួយគត់គឺគាត់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬក៏អាចរាយការណ៍ទៅប្រតិបត្តិករ EODO របស់ CMAC ហ្នឹង នៅតាមទីកន្លែងដែលមានហ្នឹង គឺយើងនឹងជួយដោះស្រាយ ហើយយើងនឹងកម្ទេចគ្រាប់ហ្នឹងចោលដើម្បីរក្សាស្ថិរភាពដល់ប្រជាជនក្នុងមូលដ្ឋានយើង»។

លោកបន្ថែមថា ទំហំផ្ទៃដីដែលរងការទម្លាក់គ្រាប់បែកនេះនឹងផ្តល់ផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជន ដែលលោកយល់ថា អាចនឹងមានរយៈពេលវែង។

នៅក្នុងឃុំជីរោទ៍២នេះ មន្ត្រីបោសសម្អាតមីនរបស់ CMAC កំពុងធ្វើការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅលើផ្ទៃដីប្រមាណ២២ហិកតាសម្រាប់ប្រជាពលរដ្ឋចំនួនបួនគ្រួសារ និងមនុស្សចំនួន២០នាក់ផ្សេងទៀតដើម្បីធ្វើកសិកម្ម។

សកម្មភាពបោសសម្អាតនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការធ្វើបទបង្ហាញអំពីសកម្មភាពបោសសម្អាតមីនរបស់លោកប៊ិន រដ្ឋា ប្រធានក្រុមបោសសម្អាតតំបន់អតីតសមរភូមិនៃអង្គការ CMAC។

លោកថ្លែងថា ចម្ការគ្រាប់ស្ថិតក្នុងឃុំជីរោទ៍២នេះគឺជាអតីតសមរភូមិរវាងកងទ័ពរបស់រដ្ឋាភិបាលលោកសេនាប្រមុខលន់ នល់ និងកងទ័ពខោអាវខ្មៅខ្មែរក្រហមដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣។ លោកថ្លែងថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមមួយចំនួនមកលើតំបន់នេះ។ លោកបានឲ្យដឹងអំពីការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងតំបន់នេះយ៉ាងដូច្នេះថា៖

«ខ្ញុំបាទបានធ្វើការបោសសម្អាតបានផ្ទៃដីចំនួន៤៣.០០០ម៉ែត្រការ៉េ ហើយនិងរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២០គ្រាប់»។

ទាក់ទិនការចុះហត្ថលេខាលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រាប់បែកចង្កោម ប្រទេសកម្ពុជាជាអ្នកគាំទ្រដំបូងគេដ៏លេចធ្លោ និងមានឥទ្ធិពលនៃដំណើរការកិច្ចព្រមព្រៀង Oslo ដែលនាំឲ្យមានការបង្កើតអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។ នេះបើយោងទៅតាមឯកសារស្តីពីគ្រាប់បែកចង្កោមនៅក្នុងប្រទេសកម្ពុជារបស់អង្គការជនពិការអន្តរជាតិ។

បើទោះបីជាមិនមែនជាហត្ថលេខីក្នុងអនុសញ្ញានេះក៏ដោយ ក៏កម្ពុជាបានចូលរួមស្ទើរតែគ្រប់កិច្ចប្រជុំអំពីអនុសញ្ញានេះ។ កម្ពុជាគឺជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមប្រាមគ្រាប់មីន និងជាប្រទេសនាំមុខមួយក្នុងពិភពលោកក្នុងសកម្មភាពមីន។ កម្ពុជាក៏ជាភាគីមួយនៃអនុសញ្ញាស្តីពីអាវុធធម្មតា ដែលតម្រូវឲ្យមានការបោសសម្អាតនូវគ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម។

លោកស្រីសាយ សុគន្ធ អនុប្រធាននាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានប្រាប់ក្រុមអ្នកយកព័តមានកាលពីថ្ងៃទី២៨ ខែកក្កដានៅខេត្តកំពង់ចាមថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទៈគាំទ្រ អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម តាំងពីអនុសញ្ញានេះមិនទាន់ត្រូវបានគេបង្កើតឡើង។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានដកថយមកពិចារណាលើការចុះអនុសញ្ញានេះ បន្ទាប់ពីប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះទឹកដីក្នុងតំបន់ប្រាសាទព្រះវិហារ។

«ដូច្នេះកម្ពុជាបានដកមួយជំហានដើម្បីពិចារណាឡើងវិញ អំពីកិច្ចការការពារសន្តិសុខជាតិ ហើយអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលហ្នឹង យើងបានចូលរួមជួយពន្លឿនការពិចារណាហ្នឹង ដែលក្នុងនោះយើងមានចូលរួមសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង។ យើងមានកិច្ចប្រជុំជាមួយក្រសួងការពារជាតិ ដើម្បីពិចារណា និងពន្លឿនរឿងនេះ ហើយក្នុងនោះយើងក៏បានធ្វើរបាយការណ៍ និងលើកយោបល់ជូនថ្នាក់ដឹកនាំផងដែរ»។

លោកស្រី សាយ សុគន្ធ បានបន្តថា ក្រៅពីហេតុផលនៃការព្រួយបារម្ភអំពីសន្តិសុខជាតិក្រោយពីថៃវាយប្រហារកម្ពុជាដោយគ្រាប់បែកចង្កោមនេះ ការមិនព្រមចុះលើអនុសញ្ញានេះពីភាគីថៃក៏បានធ្វើឲ្យកម្ពុជារារែកក្នុងការចុះអនុសញ្ញានេះដែរ។ លោកស្រីឲ្យដឹងទៀតថា ប្រទេសវៀតណាមក៏នៅមិនទាន់ចុះហត្ថលេខាលើអនុញ្ញាអន្តរជាតិនេះដែរ។

ចំពោះសកម្មភាពបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលសល់ពីសង្គ្រាម លោកស្រីសាយ សុគន្ធថ្លែងថា ផ្ទៃដីទំហំ១៤១២គីឡូម៉ែត្រការ៉េត្រូវបានសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៦។ រីឯអ្នកស្លាប់ និងរងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម លោកស្រីបញ្ជាក់ថា នៅក្នុងឆមាសទីមួយឆ្នាំ២០១៦ មានមនុស្ស២០នាក់បានស្លាប់ និង២៩នាក់បានរងរបួស។ នៅឆ្នាំ២០១៥មានមនុស្ស១១នាក់បានស្លាប់ និងមនុស្ស៥៥នាក់បានរងរបួស។

លោកស្រីសាយ សុគន្ធបានស្នើឲ្យសហគមន៍អន្តរជាតិជួយអំពាវនាវដល់ប្រទេសជិតខាងកម្ពុជា ចូលរួមក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ព្រោះថា កម្ពុជាមិនមែនជាអ្នកផលិត ឬក៏ប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ។

លោកស្រីបន្ថែមថា ទោះបីជាកម្ពុជាមិនទាន់បានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមក៏ដោយ ក៏កម្ពុជាបានធ្វើការបោសសម្អាតគ្រាប់បែកចង្កោម និងបានរំដោះផ្ទៃដីឲ្យផុតពីការគំរាមកំហែងពីគ្រាប់បែកចង្កោម ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះគឺបានចំនួន១៤គីឡូម៉ែត្រការ៉េ៕

ប្រភព៖ VOA


Related Posts