ការប្តូរ​ផ្លាស់​នៃ​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ ពី​សម័យ​មុន និង​សម័យ​ឥឡូវ

ការប្តូរ​ផ្លាស់​នៃ​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ ពី​សម័យ​មុន និង​សម័យ​ឥឡូវ

 

រាប់​ត្រឹមតែ​ក្រោយ​បែក​សម័យ​ខ្មែរក្រហម មក​ទល់នឹង​ពេលនេះ ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ មានការ​ប្រែប្រួល ទៅតាម​កាលៈទេសៈ និង​សម័យកាល​និមួយៗ។ ពោល​គឺ​មាន​ការវិវត្តន៍​ខុសគ្នា រវាង​យុវវ័យ​សម័យ​​មុន និង​យុវវ័យ​សម័យ​បច្ចុប្បន្ន។

 

ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​សម័យ​ដើម គឺ​ធ្វើឡើង​តាមរយៈ​ការ​ចំ​ចំអែចំអន់​របស់​មិត្តភ័ក្ដិ និង​ចាស់ៗ​ក្នុងភូមិ។ នៅ​ពេល​ពួកគេ ចាប់ផ្ដើម​ទំនាក់ទំនង​គ្នា គឺ​តាមរយៈ​លិខិត សំបុត្រ​សារ​សង​ស្នេហា ផ្ញើ​តាម​មិត្តភ័ក្ដិ ឬក៏​លួច​បង្កប់​ក្នុង​សៀវភៅ ជាដើម។ ក្រៅពីនោះ ក៏​មានការ​ស្កាត់ ជួប ហើយ​ញ៉ែ​ត្រង់ៗ​តែម្តង។ ទំនាក់ទំនង​នេះ បាន​កើត​ឡើង ក្នុង​អំឡុង​ឆ្នាំ ១៩៨០ បន្ត​ដល់​ចុងឆ្នាំ១៩៩០។ នេះ​បើ​តាម​ទស្សនៈ​របស់ លោក រតន បុគ្គលិក​ក្រុម​ហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ទស្សនៈ​ខាង​លើ។

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចូល​ដល់​ចុងឆ្នាំ ១៩៩០ ដើម​ឆ្នាំ ២ ០០០ នៅ​ពេល​ប្រទេស​កម្ពុជា បាន​ហូរ​ចូល​ជា​បណ្ដើរៗ​នូវ​កុំព្យូទ័រ។ យុវវ័យ ចាប់ផ្ដើម​រៀន​ប្រើ​កុំព្យូទ័រ ហើយ​ចេះ​វាយ​អក្សរ និង​អ៊ីមែល។ ការផ្លាស់ប្ដូរ​ទំនាក់ទំនង​របស់​យុវវ័យ ពិសេស​អ្នក​នៅ​ភ្នំពេញ ក៏​កើតឡើង​តាមរយៈ​អ៊ី​ម៉ែ​ល​ជា​បណ្ដើរ។

 

ក្នុង​ពេល​ដំណាលគ្នា​នោះ នៅ​អំឡុង​ដើមឆ្នាំ ២ ០០០ ក៏​ចាប់ផ្ដើម​មាន​ទូរស័ព្ទ​ដៃ​ចល័ត យុវវ័យ ងាក​មក​ប្រើ​ទូរស័ព្ទ ហើយក៏​ទំនាក់ទំនង​សារ​សង​ស្នេហា តាម​ទូរស័ព្ទ។ ទំនាក់ទំនង​តាម​ទូរស័ព្ទ​នោះ លឿន​រហ័ស​ជាង​តាម​អ៊ី​ម៉ែ​ល និង​តាម​សំបុត្រ សរសេរ​ដោយ​ដៃ​កន្លងមក។ យុវវ័យ​ខ្លះ បាន​ក្លាយ​ជា​សង្សារ ហើយ​ខ្លះទៀត ក៏បាន​រៀបការ​នឹង​គ្នា។ រតន និយាយ។

 

បន្ត​ដល់​ចុងឆ្នាំ ២ ០០០ ពោល​គឺ​អំឡុង​ឆ្នាំ២០០៨ ហ្វេសប៊ុក បាន​មកដល់​កម្ពុជា។ នៅ​ពេលនោះ​ហើយ ដែល​យុវវ័យ បាន​ផ្ដើម​ទំនាក់ទំនង​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​អន​ឡាញ បណ្ដាញ​សង្គម ជាច្រើន​ផ្សេងទៀត ដូចជា Skype ជាដើម។

 

ការប្តូរ​ផ្លាស់​នៃ​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ ពី​សម័យ​មុន និង​សម័យ​ឥឡូវ

 

ទាក់ទិន​នឹង​បញ្ហា​នេះ លោក សុវណ្ណ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​សម័យ​ទំនើប តាមរយៈ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក គឺ​រហ័ស​លឿន ហើយក៏​ឈាន​ដល់​ការព្រមព្រៀង​ស្រលាញ់​គ្នា បាន​ខ្លួនប្រាណ ដោយសារ​ការ​រីកចម្រើន​របស់​សង្គម និង​សំបូរ​ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ តែ​ស្នេហា​នោះ ក៏​រហ័ស បែក​គ្នា​វិញ​ដែរ។ រីឯ​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​សម័យ​មុន គឺ​ប្រកបដោយ​មនោសញ្ចេតនា អន្លង់អន្លោច រក​ទីបំផុត​គ្មាន។ ស្នេហា​យុវវ័យ​សម័យ​ចាស់ គឺ​មិន​ងាយ​នឹង​បាន​ខ្លួនប្រាណ ដូច​សម័យ​ទំនើប​នេះ​ទេ។​

 

សម័យ​ទំនើប​នេះ មិន​ត្រឹមតែ​បាន​ខ្លួនប្រាណ នៅ​តាម​ទី​សាធារណៈ ឬក៏​នៅផ្ទះ​សំណាក់​សណ្ឋាគារ​នោះទេ គឺ​រហូតដល់​ផ្ញើ​រូបភាព​អាក្រាត អាសអាភាស​ឲ្យ​គ្នា​ទៅវិញទៅមក ហើយក៏​មាន​ពេលខ្លះ ខាង​ស្រី ក្លាយ​ជា​ជនរងគ្រោះ នៅ​ពេល​បែក​គ្នា ខាង​ប្រុស​បង្ហោះ​រូបភាព​ទាំងនោះ តាម​ហ្វេ​ស​ប៊ុ​ក ក៏មាន។

 

មួយវិញទៀត នៅពេល​រួមភេទ​ជាមួយគ្នា យុវវ័យ​សម័យថ្មី​មួយ​ចំនួន បាន​ថត​វីដេអូ ឬក៏​ថតរូប ទុក​មើល តែ​ចៃដន្យ ទូរស័ព្ទ​នោះ បាត់ ត្រូវ​ចោរឆក់ ឬក៏​ខូច យក​ទៅ​ធ្វើ ក៏​បែក​ធ្លាយ​រូប​ទាំងនោះ​ផងដែរ។ សរុប​មក ទំនាក់ទំនង​ស្នេហា​របស់​យុវជន បាន​ផ្លាស់ប្ដូរ​ទៅតាម​សម័យកាល ខុសគ្នា។ សុវណ្ណ និយាយ៕

 

អត្ថបទ៖ CCJ